ចាំយូរហើយ! ទីបំផុតដឹងតម្លៃ Ranger Raptor 2023 ប៉ុណ្ណឹង​ល្មមគិតគូរអត់?

  • 2022-05-20 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford ប្រចាំនៅ​តំបន់អឺរ៉ុប បាន​ប្រកាស​បើកឱ្យអតិថិជន​កក់​រថយន្ត Ranger Raptor 2023 ហើយ ដោយមានតម្លៃចាប់ពីជាង ៧៧ ០០០អឺរ៉ូ ឬជិត ៨២ ០០០ដុល្លារអាមេរិក ក្នុងប្រទេស​អាល្លឺម៉ង់ ដោយវាស្ថិតក្នុងចំណោម​រថយន្ត​ដ៏ថ្លៃបំផុត​ក្នុងតំបន់អឺរ៉ុប។

អតិថិជន​ អាចជ្រើសរើស​ពណ៌ខាងក្រៅ រហូតដល់ ៨ពណ៌ឯណោះ ជាមួយកញ្ចប់​ពិសេស​ផ្សេងៗទៀត។

សម្រាប់​រថយន្ត Ranger Raptor Version អឺរ៉ុបនេះ គឺ​ប្រើ​ម៉ាស៊ីន Ecoboost V6 ចំណុះ ៣,០លីត្រ ផលិតបាន​កម្លាំង​ ២៨៤សេះ និង​កម្លាំង​រមួល ៤៩១ញ៉ូតុនម៉ែត្រ។ ត្រង់ចំណុច​នេះ អតិថិជន​អាចនឹង​ទើសចិត្តបន្តិច ព្រោះបើ Version អូស្ត្រាលី ម៉ាស៊ីន​វា​ផលិតបានកម្លាំងដល់ ៣៩២សេះ និង​កម្លាំង​រមួល ៥៨៣ញ៉ូតុនម៉ែត្រ។

គួរ​បញ្ជាក់ថា Ford Ranger Raptor មួយនេះ​គឺជាត្រកូលចុងក្រោយនៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ និងធន់រឹងមាំជាងដែលនឹងក្លាយជាកំពូលរថយន្ត Pickup ក្នុងត្រកូល Ranger។

រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាល ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ 17 អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។

​ផ្នែកខាងក្នុងត្រូវបានយកពណ៍ក្រហមមករំលេចជាថ្នេរដេរ កៅអីបែបស្ព័រស្រដៀងទៅនឹងរថយន្តស្ព័រ កុងទ័រឌីជីថលថ្មីស្រឡាងទំហំ ១២,៤ អុីញ អេក្រង់ Touchscreen ទំហំ ១២ អុីញ ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A ជំនាន់ថ្មី និងឧបករណ៍បំពងសម្លេងម៉ាក B&O។

ជាមួយនឹងប្រអប់លេខអេឡិចត្រូនិច 10 វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ Ranger ជំនាន់ថ្មី (Next-Gen Ranger) ដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនជំនាន់ថ្មីធ្វើឲ្យរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះអាចជំនះបានគ្រប់ស្ថានភាពផ្លូវដូចជា ផ្លូវគ្រួស ភក់ ផុក និងផ្លូវខ្សាច់។

លើសពីនេះ Ford Ranger Raptor ជំនាន់ថ្មីត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ វាក៏ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី