អ្នក​គាំទ្រ​ United ហួស​ចិត្ត ពេល​ឮគ្រូ​ថ្មី Ten Hag សរសើរ​ Maguire ជា​កីឡាករល្អ​

  • 2022-05-25 07:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ថ្មី Erik ten Hag បាន​​និយាយ​សរសើរ​​ប្រធាន​ក្រុម​របស់ Manchester United កីឡាករ Harry Maguire ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប​​ជា​ច្រើន​​ហួស​ចិត្ត​និង​ចោទ​ជា​សំនួរ។

អតីត​អ្នក​ចាត់​ការ​របស់​ក្លឹប Ajax ដែល​នឹង​ស្នង​តំណែង​របស់​លោក Ralf Rangnick នៅ Old Trafford ក្នុង​រដូវ​កាល​នេះ​​បាន​ផ្ដល់​​កិច្ច​សម្ភាសន៍​ជា​លើក​ដំបូង ហើយ​ជា​ពិសេស​​បាន​លើក​យក​ឈ្មោះ Maguire មក​និយាយ។ សាកសួរ​តើ Maguire នឹង​​បន្ត​ជា​ប្រធាន​ក្រុម​ទៀត​យ៉ាងណា? លោក Ten Hag បាន​ឆ្លើយ​ថា៖ "រដូវ​កាល​ក្រោយ​គឺ​​ជា​រដូវ​កាល​ខុស​គ្នា"។

បុរស​សញ្ជាតិ​ហុល្លង់​បាន​បន្ថែម​ទៀត​ថា ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​ខាង​លើ​បាន​បំពេញ​ភារកិច្ច​​យ៉ាង​ល្អ និង​ជា​កីឡាករ​ល្អ​ម្នាក់​សម្រេច​បាន​ច្រើន​ជាមួយ​ការ​​រួម​ចំណែក​ក្នុង​ក្លឹប Man Utd។ លោក​កំពុង​ទន្ទឹង​រងចាំ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គេ។

ការ​និយាយ​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កើត​​ជា​ចម្ងល់ ដោយ​សារ​តែ​រដូវ​កាល​មុន Maguire បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ ខណៈ​ដែល​ខ្លួន​គឺ​ជា​ប្រធាន​ក្រុម។ បន្ទាប់​ពី​ឮ​លោក Ten Hag សរសើរ​ Maguire មាន​អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ថា៖ "បំពេញ​ភារកិច្ច​បាន​ល្អ? កីឡាករ​ល្អ? Maguire? តើ Ten Hag ស្រវឹង​ទេ​ដឹង?។ ឯ​ម្នាក់​ទៀត​បាន​​លើក​ឡើង​ថា៖ "Ten Hag ចេញ​ទៅ"។

​Harry Maguire គឺ​ជា​ខ្សែ​ការពារ​ដែល​ថ្លៃ​ជាង​គេ​លើ​លោក​ដែល United ទិញ​ពី Leicester City ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩។ ប៉ុន្តែ​រដូវ​កាល​មុន​ទម្រង់​លេង​របស់​គេ​ហាក់​មិន​សម​នឹង​តម្លៃ​ខ្លួន​សោះ ដោយ​សារ​តែ​គេ​តែងតែ​ភ្លាត់​ជា​រឿយ​ៗ​លើ​ទីលាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខឹង​ចិត្ត​ជា​ខ្លាំង៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ