ឡាន​អគ្គិសនីនៅ​ខ្មែរយើង​ថ្ងៃអនាគត នឹង​មាន​ App ដឹង​​ចំណត​សាកថ្ម​ទំនេរ​ឬ​​មិន​ទំនេរ​

  • 2022-05-27 04:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​សាក​ថ្ម​រថយន្តអគ្គិសនី​​នៅប្រទេស​កម្ពុជា​នា​ថ្ងៃ​អនាគត​ នឹង​ធ្វើ​ទំនើប​កម្ម​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ ដោយ​ក្រសួង​គ្រោង​នឹង​បង្កើត​កម្មវិធី​មួយសម្រាប់​ផ្ដល់​ដំណឹង​នានា​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​ចំណតឬ​ស្ថានីយ​សាក​ថ្មទូទាំង​ប្រទេស។

យោង​តាម​ប្រសាសន៍​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុង​កិច្ច​កំពុងផ្សាយផ្ទាល់(LIVE) លើ​ប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា”​ក្នុងកម្មវិធី MPWT LIVE SHOW បាន​លើក​ឡើ​ង​ថា​៖ ​ “ប​ន្ទាប់​ពី​​​ប្រទេស​យើង​សាងសង់​ស្ថានីយ​រួច​រាល់​ទូទាំង​ប្រទេស​​ ក្រសួង​​នឹង​ពិចារណា​សិក្សា​គម្រោង​បង្កើត​កម្មវិធី​​មួយ​ដាច់​ដោយ​ឡែក​​​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង។ កម្មវិធីនោះ​មាន​សមត្ថភាព​អាច​ដឹង​ថា ​តើ​ទីតាំងសាកថ្ម​ទំនេរ​ឬ​​មិន​ទំនេរ​? បើសិន​​វា​​មិន​ទំនេរនោះ​បងប្អូន​មាន​ជម្រើស​​បើក​បរ​ទៅ​កាន់​ទីតាំង​ផ្សេង​បាន​។​”

គិត​មក​ទល់​ពេលនេះ ​​​កម្ពុជា បាន​ដំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្តអគ្គិសនី​​​នៅ​លើ​ទីតាំង​ចំនួន​បួន​រួច​មក​ហើយដែល​មាន​ដូចជា ចំណតដំបូង​គេ​នៅ​កម្ពុជា នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ចំណែកឯ​ចំណតទីពីរ ដំឡើង​នៅ​​សាខាទី ៥០ នៃស្ថានីយប្រេងឥន្ទនៈ Caltex ​ចំណតទីបី ដំឡើង​នៅ​មុខផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ ចំណតទីបួន​នៅ​ក្នុងទីរួមក្រុងបាត់ដំបង និង​ចំណតនៅ​ទីតាំង​ដទៃទៀត​កំពុង​សាងសង់ជាបណ្ដើរៗផងដែរ។

ចំពោះ​តម្លៃ​វិញ​ឯកឧត្តម​បញ្ជាក់​ថា ជា​មធ្យម​គឺ ១៣០០រៀល​ក្នុង១គីឡូវ៉ាត់ ហើយ​បើបើក ១០០​គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤​ដុល្លារ​ប៉ុណ្ណោះ តែបើ​រថយន្ត​ប្រើសាំងគឺ​អស់ច្រើន​ជាងនេះប្រហែល ១០ដុល្លារ ដូច្នេះការប្រើរថយន្តអគ្គិសនីក៏មានផលចំណេញផ្សេងទៀតដែរ ពិសេស​គឺពន្ធនាំចូលដែល​រដ្ឋកាត់បន្ថយដល់ ៥០%។ ជាមួយគ្នានេះ កម្ពុជា ក៏​គ្រោងនឹងដំឡើង​ស្ថានីយសាកភ្លើង​នៅទូទាំងប្រទេសដោយមានការចូលរួមពីវិស័យឯកជនថែម​ទៀត​ផង៕​​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម