ទាំងនេះជាការយល់ឃើញរបស់សមាជិក BTS ទាំង ៧ ចំពោះអត្ថន័យគ្រប់យ៉ាងក្នុងអាល់ប៊ុម «Proof»
- 2022-06-10 03:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាការយល់ឃើញរបស់សមាជិក BTS ទាំង ៧ ចំពោះអត្ថន័យគ្រប់យ៉ាងក្នុងអាល់ប៊ុម «Proof»
ចន្លោះមិនឃើញ
មុនចេញផ្សាយបទចម្រៀងថ្មីអាល់ប៊ុមផ្លូវការ សមាជិក BTS បានបង្ហាញការយល់ឃើញរៀងៗខ្លួនទាក់ទងនឹងអាល់ប៊ុម «Proof»។
នៅថ្ងៃទី ១០ ខែមិថុនា ម៉ោង ១១ ព្រឹក (ម៉ោងនៅកម្ពុជា) អាល់ប៊ុម «Proof» និងបទ «Yet To Come» របស់ BTS នឹងចេញផ្សាយជាផ្លូវការតបតាមការទន្ទឹងរង់ចាំមិនធម្មតារបស់អ្នកគាំទ្រទូទាំងពិភពលោក។ អាល់ប៊ុមនេះដែរត្រូវបានរៀបចំជាពិសេស ដោយមានបទថ្មី ៣បទ រួមជាមួយនឹងបទដែលផ្ទុះការគាំទ្រលើសគេកាលពីមុនរបស់ក្រុមផងដែរ។
ជាការប្រារព្ធខួបលើកទីប្រាំបួនរបស់ BTS នាពេលខាងមុខនេះ អាល់ប៊ុម “Proof” នឹងបង្ហាញអំពីរឿងរ៉ាវរបស់ក្រុម តាមរយៈបទដែលត្រូវបានជ្រើសរើសដោយសមាជិកទាំង ៧ផ្ទាល់ ដែលឆ្លុះបញ្ចាំងពីគំនិតរបស់ពួកគេ “លើអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ BTS”។
១. RM
ជាដំបូងមេក្រុមដ៏ឆ្នើម RM បានលើកឡើងថា៖ «ខ្ញុំបុកពោះណាស់ នៅពេលដែលយើងចេញបទថ្មីជាលើកដំបូង។ ខ្ញុំសង្ឃឹមថា មនុស្សជាច្រើននឹងចុលចិត្តវា (បទថ្មី)។ "Proof” ជាអាល់ប៊ុមពិសេសដែលបិទបញ្ចប់ជំពូកទី ១ នៃរឿងរ៉ាវរបស់ BTS ស្របពេលយើងឈានមកដល់ខួបលើកទី ៩ ឆ្នាំនៃការបង្កើតក្រុម។ អ្វីដែលយើងចង់ផ្ដោតអារម្មណ៍លើអាល់ប៊ុម គឺសារគ្របយ៉ាងបស់យើង សម្រាប់អ្នកគាំទ្ររបស់យើងដែលបានរួមដំណើរជាមួយយើងរយៈពេល ៩ឆ្នាំមកនេះ យើងពិតជាយកចិត្តទុកដាក់ខ្លាំងចំពោះប៉ារ៉ូលបទចម្រៀង»។
២. Jin
ងាកមក Jin វិញ ក៏បានបង្ហាញការយល់ឃើញដែរថា៖ «ដោយសារ “Proof” គឺជាអាល់ប៊ុមមួយដែលបង្កប់នូវប្រវត្តិរបស់ BTS វាបានរក្សានូវការចងចាំខុសៗគ្នា រយៈពេល៩ឆ្នាំមកនេះ។ ខ្ញុំផ្ទាល់ នឹងស្ដាប់វាឲ្យញឹកបំផុត»។
៣. Suga
ចូលដល់ Suga បានទម្លាយដែរថា៖ «ដោយសារ វាជាអាល់ប៊ុមដែលបង្កប់នូវរឿងរ៉ាវរបស់ BTS យើងបានយកចិត្តទយុកដាក់ខ្លាំង ថាធ្វើម៉េចឲ្យបទចម្រៀងរៀបចំដាក់បញ្ចូលរបៀបណាក្នុងអាល់ប៊ុមតែមួយនេះ។ បើអ្នកបានស្ដាប់អាល់ប៊ុមទាំងមូល តាំងពីបទដំបូង អ្នកនឹងមានភាពរីករាយស្ដាប់វា តាមលំដាប់លំដោយមិនខាន»។
៤. J-Hope
J-Hope បានបង្ហាញការរំភើបចិត្ត ដោយនិយាយថា៖ «ដោយសារវាជាលើកទីមួយរបស់យើងដែលចេញអាល់ប៊ុមមួយក្នុងរយៈពេលដ៏យូរ ខ្ញុំរំភើបជាខ្លាំង។ ខ្ញុំចង់បង្ហាញក្ដីរីករាយជាមួយ [អាល់ប៊ុម] ជាមួយអ្នកគាំទ្ររបស់យើងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ "'Proof' គឺជាអាល់ប៊ុមដែលសង្ខេបពីប្រវត្តិរបស់ BTS និង ARMY ហើយវាកាន់តែពិសេស ដោយសារតែការចងចាំ និងពេលវេលារបស់យើងជាមួយគ្នាត្រូវបានថតជាប់ក្នុងអាល់ប៊ុមមួយនេះ។ ដោយសារព្រលឹងរបស់ BTSបានបញ្ចូលក្នុងអាល់ប៊ុមនេះ ខ្ញុំសង្ឃឹមថាអ្នកនឹងផ្តល់ឲ្យវានូវក្តីស្រឡាញ់ឲ្យបានច្រើនៗ»។
៥. Jimin
ដល់វេន Jimin សារភាពវិញម្ដង៖ «ដោយសារតែវាជាអាល់ប៊ុមថ្មីដំបូងរបស់យើងក្នុងរយៈពេលយូរ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងប្លែកក្នុងពេលតែមួយដូចគ្នា។ វាជាអាល់ប៊ុមពិសេសមួយ ព្រោះវាមានបទពីមុនៗរបស់យើង ព្រមទាំងបទដែលមិនទាន់ចេញផ្សាយ (បទថ្មី)។ ខ្ញុំមានអារម្មណ៍ថាវាកាន់តែពិសេសដោយសារ ការធ្វើការនៅក្នុងអាល់ប៊ុម បានអនុញ្ញាតឲ្យខ្ញុំយល់ពីអារម្មណ៍របស់សមាជិកផ្សេងទៀតក៏ដូចជាខ្ញុំខ្លួនឯងផ្ទាល់ ម្យ៉ាងទៀតក៏ព្រោះតែយើងអាចនិយាយពីរឿងគ្រប់យ៉ាងរួមគ្នាផង»។
៦. V
ទន្ទឹមគ្នានេះ V បានកត់សម្គាល់ ដោយបង្ហើបការយល់ឃើញថា៖ «ដោយសារវាជាអាល់ប៊ុមដែលចាប់យកដំណើររបស់យើងក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមក ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវានឹងក្លាយជាកាដូដ៏មានតម្លៃសម្រាប់អ្នកគាំទ្រ ដែលតែងលើកទឹកចិត្តយើង និងបានបង្កើតប្រវត្តិសាស្ត្រសម្រាប់ពួកយើង»។
៧. Jungkook
ចុងក្រោយ គឺ Maknae របស់ក្រុម Jungkook ក៏និយាយពីអារម្មណ៍ពិតដែរថា៖ «មានអារម្មណ៍ថាយើងកំពុងសរសេរសៀវភៅក្រាស់មែនទែន ហើយឥឡូវនេះកំពុងបញ្ចប់វាហើយ។ វាដូច យើងតែងធ្វើបែបហ្នឹង ជាមួយនឹងអាល់ប៊ុមរបស់យើងរហូតមកដល់ពេលនេះ យើងបានយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពទាំងអស់ពេលធ្វើបទនីមួយៗ។ វាជាអាល់ប៊ុមដែលដើរទៅយ៉ាងបានល្អ ហើយបង្ហាញពីរឿងរ៉ាវរបស់ BTS រហូតមកដល់ពេលនេះ ក៏ដូចជាអារម្មណ៍របស់យើងនាពេលបច្ចុប្បន្នដូចគ្នា»៕