ធ្មេចបើកៗជិត ២០ឆ្នាំ! តើតួសំខាន់ៗរបស់រឿង «ប្ដីល្អ» ប្រែប្រួលសម្រស់ និងជីវិតបែបណា?

  • 2022-07-07 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងផុតទៅជិតចូល ២០ឆ្នាំហើយ ខ្សែភាពយន្តខ្នាតធំ រឿង «ប្ដីល្អ» នៅតែជា​វណ្ណកម្មដ៏ល្អឯក សម្រាប់ប្រិយមិត្តទស្សនាមិនចេះជិនណាយ ដោយសារតែសាច់រឿងប្លែក​ពីគេ តួ​ក្នុងរឿង​ត្រូវ​ប្ដូរពីប្រុសទៅ ស្រី ស្ទើរ​ពេញមួយរឿង។

អ្វី​ដែល​ជា​ចំណុចសំខាន់ និង​គោលបំណង​ក្នុងរឿងនេះ គឺ​លើកកម្ពស់នារី ដោយចង់បញ្ជាក់ថា បុរស​និងនារីមាន​សិទ្ធិស្មើគ្នា មិនគួរមាន​ការប្រកាន់ការងារគ្នាឡើយ ពិសេសផ្ដល់ការគោរពឲ្យបាន​ច្រើន​ចំពោះ​ស្ត្រីដែល​រៀបការរួច​និងត្រូវទទួលបន្ទុកការងារផ្ទះសម្បែង។

គេ​នៅ​ចាំ​មិនទាន់ភ្លេចទេ ថា​ក្នុង​រឿង​ដែល​ជា​ស្នាដៃនិពន្ធរបស់ លោកស្រី ពាន់ ភួងបុប្ផា មួយនេះប្រជុំ​ទៅដោយតួឆ្នើមជាច្រើន​នាក់ដែល​ពេញ ទទួល​បាន​ការគាំទ្រ​ខ្លាំង។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តារាសម្ដែង​ក្នុងរឿង​នេះ​ខ្លះ​បាន​លាឈប់ពីសវ័យសិល្បៈ ដោយសាងគ្រួសារយ៉ាងមានក្ដីសុខរៀងៗខ្លួន ស្របពេល​ខ្លះទៀតនៅបន្តអាជីពនេះដដែល៖

១. លោក ម៉ម រស្មី

ក្នុងរឿង​ លោក​បាន​ដើរតួជាឪពុក/ម្ដាយរបស់​នាយទុយ ដែល​មាន​ឈ្មោះ​ថា «ឌិន»។ បច្ចុប្បន្ន លោក​បាន​លាឈប់ពីវិស័យសិល្បៈនាមជាពិធីករ រយៈពេល​យូរហើយ ដោយងាកទៅបំពេញ​ការងារឯកជន​ផ្សេងវិញ។

២. លោក អ៊ឹង រដ្ឋា (នាយទុយ)

ក្នុងរឿង លោក​ដើរតួជា លោក/នាង «សិទ្ធិ» ដែល​ទាក់ចិត្តអ្នកទស្សនាខ្លាំង ហើយចេញមុខក្នុងភាពយន្តនេះ នាយទុយ ពិតជាទទួល​បាន​ការ​គាំទ្រមិនធម្មតា ផ្អែកលើទេពកោសល្យសម្ដែងដ៏ក្រមិចក្រមើម បែប​កំប្លែងពីធម្មជាតិ។ បច្ចុប្បន្ន លោកនៅបន្តការងារសិល្បៈដដែល ប៉ុន្តែបើងាកទៅជីវិតគូ ហាក់ឯកាបន្តិច។

៣. អ្នកនាង ស៊ឹម សូលីកា

អ្នកនាងបានដើរតួជា ប្រពន្ធ និងជាស្វាមីរបស់ នាយទុយ ដោយក្នុងរឿងមានឈ្មោះថា «វត្តី»។ ងាកចូលជីវិតបច្ចុប្បន្ន សូលិកា ពេញទៅដោយក្ដីសុខ ដោយទទួលបាន​ក្ដីស្រឡាញ់ពេញ​បរិបូរណ៌ពីស្វាមី អេង ឬទ្ធី និងកូនស្រីបណ្ដូលចិត្តតែមួយ។

៤. លោក អេន ឌី

អេនឌី ក៏ធ្វើឲ្យអ្នកទស្សនារឿង «ប្ដីល្អ» កោតសរសើរគួរសមដែរ ដោយសាររាងរបស់លោកកាលពីមុន ស្រឡូន ហើយពេលតែខ្លួនដូចនារីបារាំងសក់ក្រហម មានឈ្មោះថា «ម៉ាប់» ទៀតផង។ កន្លងផុតទៅជាយូរឆ្នាំ ការងារ​សិល្បៈសម្រាប់ អេនឌី​ នៅតែសំខាន់ ដោយបច្ចុប្បន្ន ដ្បិតមិនមមាញឹកខ្លាំង ប៉ុន្តែលោកក៏នៅតែមិនបានបោះបង់ដែរ។

៥. អ្នកនាង ឱក សុគន្ធកញ្ញា

ក្នុងរឿង ឱក សុគន្ធកញ្ញា ដើរជាតួ «រតនា» ជាស្ត្រីមេផ្ទះ ដែល​មាន​កូនតូច និងរវល់ជាប់ជាមួយនឹង​ការងារផ្ទះ។ ប៉ុន្តែពេល​ប្ដូរមក​ជា​តួប្រុសវិញ តារារូបនេះ​ក៏មិនឲ្យចាញ់គេដែរ ដោយមាន​មុខមាំ និងស្វាហាប់គ្រប់ឈុតឆាក។

សម្រាប់ជីវិតពេល​នេះ​វិញ អ្នកនាង​កំពុង​សាងក្ដី​សុខពេញធឹងជាមួយនឹងស្វាមី និង​មានកូន​ប្រុសជាចំណងដៃរៀបការផងដែរ។ អាជីពសិល្បៈ​នាម​ជា​តារា​ចម្រៀងទៀតសោត ក៏កាន់តែមាន​ភាពល្បីល្បាញ បូកផ្សំជាមួយការងារ​ជា​ទូតសុឆន្ទៈរបស់ក្រុមហ៊ុនល្បីៗជា​ច្រើនទៀត​ស្ទើរតែឲ្យតារាស្រីរូបនេះ រកពេល​សម្រាក​គ្មាន។

៦. ខៀវ សំភេទ

«វិចិត្រ» គឺជាតួ​អង្គដែល អតីតពិធីករសម្បូរវោហារ ខៀវ សំភេទ ត្រូវ​សម្ដែង។ មួយរឿងនេះ​ លោកធ្វើឲ្យអ្នក​មើលសើចចង់រឹងថ្គាមហើយ ដោយសារទឹក​មុខបែប​ស្មើ កំប្លែងស្ងួត។ ទោះមាន​ភាពល្បីល្បាញ​ក៏ពិតមែន ប៉ុន្តែលោកត្រូវ​សម្រេចឃ្លាតឆ្ងាយពីសិល្បៈ ដើម្បីសាងគ្រួសារជាមួយនឹង​នារីដែល​ជាគូគាប់ជីវិតនៅឯនាយសមុទ្រ។

មកទល់ពេល​នេះ លោក​និងភរិយា មាន​កូនចំនួន ៥នាក់ ហើយ ប៉ុន្តែសម្រស់ពួកគេនៅតែសង្ហា និងស្រស់ស្អាត ឯក្ដីស្រឡាញ់វិញនៅតែផ្អែមល្ហែម គូស្នេហ៍ក្មេងៗមួយចំនួនឃើញហើយសុំខ្មាស។

៧. កែវ ពេជ្រពិសី

អ្នកនាងក៏ជាតួម្នាក់ដែលអ្នកទស្សនាគ្មានថ្ងៃភ្លេចដែរ ពេល​គ្រងជាតួ «ធីតា»។ ពេល​ដើរជា​តួស្រី នាង​មាន​ភាព​ទន់ភ្លន់ ប៉ុន្តែពេលប្ដូរទៅជា​បុរស ពិសីលេងមួយឆ្ងាញ់ ពិសេស​ទឹកមុខក៏មិនណយ ស្រីៗឃើញល្មមៗអាចលង់។

គិតត្រឹម​ឆ្នាំ ២០២២ អ្នកនាងមានកូនប្រុសម្នាក់ហើយ ក្រោយសាងស្នេហ៍ជាមួយនឹង​គូស្នេហ៍ ដែលជាអ្នកជំនួញមកពីប្រទេសកាណាដា។

៨. យូ ឌីស្កូ

តួនាង «សាន» សម្ដែង​ដោយ យូ ឌីស្កូ វិញ ក៏ធ្វើឲ្យអ្នកមើលសើចយំខ្លាំង​ដែរ។ ទឹកដៃសម្ដែង​របស់ យូ ឌីស្កូ ក្នុងរឿងនេះ មិនអាច​រំលងពីភ្នែកគ្រប់គ្នាបានទេ បើទោះមិនមែនជាតួឯក ក៏ដោយ (ចង់កាច ចេញកាច ចង់កម្សត់ ក៏ធ្វើបាន)។

ទោះជាយ៉ាងណា នាពេល​បច្ចុប្បន្ន លោកចាប់ផ្ដើមផ្ដោតខ្លាំង​លើការងារសិល្បៈឡើងវិញ ក្រោយផ្អាកអាជីពនេះ​មួយរយៈធំកាលពីប៉ុន្មានឆ្នាំមុន ដោយសារមាន​ជំងឺគំរាម​កំហែង​ប៊ិះប៉ះពាល់ដល់ជីវិត។

៩. នឿន ចាន់ធឿន

ក្រោយមានស្វាមី និងបុត្រ អ្នកនាង នឿន ចាន់ធឿនក៏បាន​លាឈប់ពីសិល្បៈជាស្ថាពរ។ គេ​នៅ​ចាំបានថា ក្នុងរឿង «ប្ដីល្អ» អ្នកនាង​ ដើរតួជា ភរិយា/ស្វាមីរបស់ លោក​ យូ ឌីស្កូ និងមាន​ឈ្មោះថា «លីនី»

១០. ម៉ុង ម៉ាលីណា

ម៉ាលីណា ដែលដើរតួជា កុមារា «ស័ក្តិ» ពេលនេះ​មាន​កូនស្រីម្នាក់ ក្រោយរៀបការជាមួយនឹង​ស្វាមីដែលជាអតីតហ្វ្រេសស៊ី។ បច្ចុប្បន្ន នាង​ក៏មាន​ការងារឯកជន ផ្ទាល់ខ្លួនផងដែរ។

១១. ម៉ុង ម៉ានិត

នៅចាំបាន​ទេថា តារាចម្រៀងសំឡេងក្រអួន និងជាអ្នកនិពន្ធវ័យក្មេង ម៉ានិត ក៏មាន​មុខសម្ដែងក្នុងរឿងនេះ​ដែរ ដោយដើរតួជា កូន «ពៅ» របស់ នាយទុយ និងអ្នកនាង ស៊ឹម សូលិកា។ កន្លងផុតទៅជា​ច្រើនឆ្នាំ ម៉ានិត​បាន​វិវត្តខ្លួន ដោយក្លាយជា​តារា​ចម្រៀងដ៏មាន​ប្រជាប្រិយភាពប្រចាំវិស័យ។ ប៉ុន្តែផ្អែកលើចិត្តស្រឡាញ់ លោកក៏បាន​បន្ថែមការងារមួយទៀត នាម​ជា​អ្នកនិពន្ធរឿងដ៏ចំណាប់។

រឿងដែល​ចេញផ្សាយ ពិតជា​មិនដែល​ធ្វើឲ្យប្រិយមិត្តរបស់លោកអស់សង្ឃឹមឡើយ ព្រោះ​មានបង្កប់​ចំណុចពិសេសជានិច្ច៕

អត្ថបទ៖ ធារី