ក្មេងជំទង់ឥណ្ឌា ៨នាក់ត្រូវគេដឹកទៅពេទ្យភ្លាមៗ ព្រោះងប់នឹង BTS រហូតភ្លេចបាយទឹក

  • 2022-07-18 03:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS ជាក្រុម​ចម្រៀងដែលអាច​ធ្វើឲ្យមនុស្សដែល​បាក់ទឹក​ចិត្ត ប្រែជាមានក្ដីសង្ឃឹមក្នុងជីវិតវិញ ហើយក្រុម​ក៏តែងលើកទឹក​ចិត្តគ្រប់គ្នា​ឲ្យ ចេះស្រឡាញ់ខ្លួន​ឯង ដែរ។ ប៉ុន្តែគ្រប់យ៉ាង​អាស្រ័យទៅលើការគិត ការ​សម្រេច​របស់មនុស្សម្នាក់ៗ ពីការជ្រើសផ្លូវដើរ និងគួររៀបចំជីវិតបែប​ណា? ទោះជាយ៉ាងណា ហេតុតែស្រឡាញ់ BTS ខ្លាំងពេក អ្នកគាំទ្រ​មួយចំនួនបានធ្វើបាបខ្លួន​ឯង រហូត​ឈាន​ដល់ប៉ះពាល់សុខភាព ដូចយុវជន-យុវនារីជនជាតិឥណ្ឌា ៨នាក់ ត្រូវ​បាន​បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ផ្អែក​តាម​អត្ថបទ​ចេញផ្សាយ​របស់​សារព័ត៌មាន Ahmedabad Mirror បាន​ឲ្យដឹង​ថា ក្រុម​ក្មេង​ជំទង់ ៨នាក់ ដែល​រស់នៅក្នុង​តំបន់ Ahmedabad ត្រូវ​បាន​បញ្ជូននាំទៅមន្ទីរពេទ្យ Shalby ផ្នែកចិត្តសាស្ត្រ ដោយឲ្យសម្រាកព្យាបាលរយៈពេល ១០ថ្ងៃ

ថ្ងៃដែលឈានទៅដល់ការបញ្ជូនចូលមន្ទីរពេទ្យ ពួកគេទំនងជាបានស្តាប់ K-Pop ចន្លោះពី ៨ ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ ហើយក្នុងករណីដ៏ធ្ងន់ធ្ងរមួយទៀត «ដោយសារញៀនខ្លាំងពេក នាងដល់ថ្នាក់នៅជាប់តែក្នុងបន្ទប់ ដោយមិនព្រមញ៉ាំបាយទឹក ឬ​គេង​ឱ្យ​បាន​ត្រឹម​ត្រូវសោះឡើយ និងគិតតែពី​ចំណាយ​ពេល ស្តាប់​បទ BTS មិនថា​លើ​ទូរស័ព្ទ ឬ Laptop ទេ»។

ឃើញកូនបែបនេះ ឪពុកម្ដាយពិតជាមានការព្រួបារម្ភជា​ខ្លាំង​ ពិសេសពេល​ចាប់បាន​ថា​កូនហ៊ានលួចលុយ ដើម្បី​ទិញខោអាវ និងគ្រឿងថ្លៃៗអ្វីគ្រប់យ៉ាង​ ដែល​ស្រដៀងនឹង​អ្វី​ដែល​ BTS ពាក់។ នាង​ថែម​ទាំង​ត្រូវ​បាន​គេ​ដឹងថា នាង​ត្រៀមគម្រោងរត់ចេញពីផ្ទះ ទៅប្រទេសកូរ៉េខាងត្បូង ដោយចង់រៀបការជាមួយនឹង​សមាជិក​ណាម្នាក់របស់ BTS ទៀតផង។

ជាឧទាហរណ៍ ដែលចេញពីបញ្ហាធ្ងន់ធ្ងរមួយទៀតនោះគឺ ក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានព្យាយាមធ្វើអត្តឃាតដោយលេបថ្នាំ បន្ទាប់ពីឪពុកម្តាយរបស់នាង នាំនាងទៅជួបអ្នកប្រឹក្សា​ ដើម្បី "បន្ធូរបន្ថយនូវការងប់ងល់ជាមួយ BTS ពេក"

លោកវេជ្ជបណ្ឌិត Kalrav Mistry ប្រធាននាយកដ្ឋានចិត្តសាស្ត្រនៅមន្ទីរពេទ្យ Shalby បាននិយាយថា ករណីនៃ "ការងប់ងល់នឹង BTS" ដែលតម្រូវឱ្យមានការព្យាបាលផ្លូវចិត្ត បាននិងកំពុងកើនឡើងក្នុងរយៈពេល ៣ ទៅ ៤ ខែចុងក្រោយនេះ។

«ក្នុងរយៈពេល ១០ ថ្ងៃកន្លងមក យើងបានទទួលករណីបែបនេះចំនួន ៨ ទៅហើយ ហើយនេះគឺជាសញ្ញាអាសន្ន ដែលមិនគួរត្រូវបានអើពើឡើយ។ ឪពុកម្តាយ​ត្រូវ​ចាំ​យាម​កូនៗ​រហូត ដោយអ្នកជំងឺភាគច្រើនស្ថិតក្នុងក្រុមអាយុពី ១៣ ទៅ ២២ ឆ្នាំ។ ក្មេងៗកំពុងតាមដាន BTS ដោយងងឹតងងុល ដោយទទួលយករបៀបរស់នៅបែប Rockstar សម្លៀកបំពាក់ថ្លៃៗ និងសម្ភារៈប្រើប្រាស់ជាច្រើន។ ដោយសារគិតខ្លី ដូច្នេះដើម្បី​បំពេញ​តាមតម្រូវការទាំង​នេះ ពួក​គេក៏ចាប់ផ្ដើមចេះលួចលុយ។ នៅពេលដែលឪពុកម្តាយដឹងថាមានអ្វីកើតឡើងមិនស្រួល ការញៀនងប់ងល់នេះ ក៏បានឈានដល់កម្រិតមួយមិនប្រក្រតីទៅហើយ»។ នេះបើតាមការលើកឡើងរបស់ វេជ្ជបណ្ឌិត Kalrav Mistry ។

ជាការពិត ដើម្បីបង្ហាញនូវក្ដីស្រឡាញ់ BTS ឬក្រុម K-Pop ផ្សេងទៀត អ្នកគាំទ្រ​ត្រឹម​ថែសុខភាព​ឲ្យបាន​ល្អ និងចេះស្រឡាញ់ខ្លួនឯង នោះ Idol ទាំងអស់សប្បាយចិត្ត ​និងដឹងគុណពេកទៅហើយ។ ពិសេសតារាៗទាំងអស់ក៏មិនចង់ឲ្យ Fan របស់ខ្លួន ធ្វើបាបខ្លួនឯងដល់ថ្នាក់នេះដែរ។

តាមរយៈបទពិសោធ​នេះ​ សង្ឃឹម​ថា​យុវវ័យទាំងអស់ ពិសេសអ្នកដែលធ្វើខ្លួនឯងឲ្យឈាន​ដល់សភាព ដែល​បាន​រៀបរាប់ខាងលើ ឆាប់ជាសះស្បើយឡើងវិញ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម