ប្រយ័ត្នទៅមិនខុសទេ! នេះវិធីការពារខ្លួនពីសត្វពស់ចឹក កំឡុងរដូវធ្លាក់ភ្លៀងច្រើន
- 2022-09-22 03:37:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នទៅមិនខុសទេ! នេះវិធីការពារខ្លួនពីសត្វពស់ចឹក កំឡុងរដូវធ្លាក់ភ្លៀងច្រើន
ចន្លោះមិនឃើញ
នៅកំឡុងខែដែលមានភ្លៀងធ្លាក់ វាជាពេលវេលាមួយដែលមនុស្សម្នាគួរតែបង្កើនភាពប្រុងប្រយ័ត្នចំពោះការរុករាននៃពពួកសត្វល្មូន ជាពិសេសគឺសត្វពស់ដែលមានពិសតែម្ដង។ ព្រោះអ្វី? មូលហេតុគឺថានៅពេលមានភ្លៀងធ្លាក់ នោះទីជម្រកនៃសត្វល្មូននឹងត្រូវបំផ្លាញដោយលំហូរទឹក ដែលជាចាំបាច់ពួកវាត្រូវតែស្វែងរកទីជម្រកថ្មីមួយបណ្ដោះអាសន្ន។ អាស្រ័យហេតុនេះ យើងគួរមានវិធានការមួយចំនួន ដើម្បីបញ្ចៀសការចូលមកទន្ទ្រានពីពពួកសត្វទាំងនោះ ពិសេសគឺសត្វពស់។
បើតាមអ្នកជំនាញ មានគន្លឹះចម្បងៗមួយចំនួន ដែលយើងអាចយកមកអនុវត្តបាន៖
កម្ចាត់ចោលនូវប្រភពចំណីរបស់ពស់ ដែលមានដូចជា កណ្ដុរ និងកង្កែប ជាដើម។ បើកាលណាផ្ទះសម្បែងរបស់យើងសម្បូរដោយកណ្ដុរ ឬកង្កែប នោះប្រហែលជាកត្តាចម្បងមួយដែលទាក់ទាញសត្វពស់ឲ្យចូលមកនៅ
ចូរកុំគរសំរាមចោលនៅមុខផ្ទះ ឬនៅជិតផ្ទះឲ្យសោះ ព្រោះគំនរសំរាមទាំងនោះប្រដូចបានទៅនឹងជម្រកដ៏សែនកក់ក្ដៅរបស់ពស់អ៊ីចឹង
បើសិនជាអាច គួររកអ្វីមកបិទរន្ធបំពង់បង្ហូរទឹកនានានៅក្នុងផ្ទះជាបណ្ដោះអាសន្ន ឬធ្វើជាសំណាញ់ដាក់ចំកន្លែងបង្ហូរទឹកទាំងនោះក៏បាន
បិទទ្វារផ្ទះឲ្យជិតល្អ ដោយមិនត្រូវបន្សល់ប្រហោងឬចន្លោះណាមួយឡើយ ព្រោះងាយស្រួលឲ្យសត្វពស់វារចូលបាន
ពាក់ស្បែកជើងកវែងនិងខោជើងវែង នៅរាល់ពេលធ្វើដំណើរ
ដើរតាមគន្លងផ្លូវ មិនត្រូវដើរចុះផ្លូវកាត់ស្មៅ ឬគុម្ពោតព្រៃឡើយ
កុំប៉ះ ឬរំខានសត្វពស់ឲ្យសោះ ក្នុងករណីដែលប្រទះឃើញ ហើយមើលទៅវាមានសភាពដូចជាងាប់
ប្រុងប្រយ័ត្ននៅពេលលើកដុំថ្ម ឬគំនរឈើនៅតាមផ្លូវ៕