Thomas Harvey អ្នក​រោគសាស្ត្រ ដែលបានលួច​យក​ខួរក្បាល Albert Einstein ហើយ​កាត់​វា​ជា​២៤០​បំណែក​

  • 2022-09-26 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Albert Einstein គឺ​ជា​​​អ្នក​រូបវិទ្យា​​ទ្រឹស្ដី​ដ៏​ល្បី​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​១៨៧៩ ក្នុង​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​ទទួល​មរណភាព​នៅ​​ឆ្នាំ​១៩៥៥ ស្ថិត​​ក្នុង​​រដ្ឋ New Jersey លើ​ទឹក​ដី​អាមេរិក។ មុន​ស្លាប់ លោក​បាន​ផ្ដែ​ផ្ដាំ​ក្រុម​គ្រួសារ​ថា លោក​មិន​ចង់​ឲ្យ​សាកសព​​របស់​លោក​ត្រូវ​បាន​យក​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ក៏​​ធ្វើ​ជា​សក្ការៈ​​អ្វី​ពិសេស​ឡើយ។

យ៉ាង​ណា​មិញ បណ្ដាំ​ចុង​ក្រោយ​នេះ​​មិន​អាច​សម្រេច​ដូច​បំណង​លោក Einstein ទេ ព្រោះ​ខួរ​ក្បាល​របស់​លោក​ត្រូវ​បាន​គេ​លួច​យក​ទៅ​ធ្វើ​​ការ​ពិសោធ។ អ្នក​ដែល​លួច​នោះ​គឺ​លោក Thomas Harvey ជា​អ្នក​រោគសាស្ត្រ​មួយ​រូប ដែល​បាន​ធ្វើ​កោសល្យវិច័យ​​សាកសព​លោក Eintein។ លោក Thomas បាន​​លួច​កាត់​​ខួរ​ក្បាល​លោក Einstein ចេញ​ដោយ​គ្មាន​​​ការ​អនុញ្ញាត នៅ​ក្នុង​គោល​បំណង​ស្វែង​រក​អាថ៌កំបាំង​នៃ​ភាព​វៃឆ្លាត​កម្រ​​ប្រដូច​បាន​របស់​លោក Einstein។

Thomas Harvey

ក្រោយ​ដឹង​រឿង​លួច​យក​ខួរ​ក្បាល ក្រុម​គ្រួសារ​​លោក Einstein បាន​បង្ហាញ​ភាព​ខឹង​សម្បារ​ជា​ខ្លាំង។ ប៉ុន្តែ​​បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​ កូន​ប្រុស​លោក Einstein ក៏​​​យល់​ព្រម​ប្រគល់​​ខួរក្បាល​ឪពុក​ឲ្យ​ទៅ​លោក Thomas ស្រាវជ្រាវ។ ទោះ​ជា​យ៉ាង​​នេះ​ក្ដី ដំណឹង​​នៃ​ការ​លួច​យក​ខួរក្បាល​​​​នេះ​​បាន​លេចឮ​​ជា​សាធារណៈ ហើយ​បាន​ធ្វើ​ឲ្យ​លោក Thomas បាត់បង់​ការងារ​​ធ្វើ​នៅ​មន្ទីរពេទ្យ Princeton។

ខួរ​ក្បាល​លោក Einstein ត្រូវ​បាន​កាត់​ជា​​២៤០​បំណែក​តូចៗ ហើយ​​ទុក​នៅ​ក្នុង​ក្រឡ​ចំនួន​២​ផ្សេង​គ្នា។ លោក Thomas បាន​​បញ្ជូន​បំណែក​តូចៗ​​មួយ​ចំនួន​នៃ​ខួរ​ក្បាល​​ឲ្យ​ទៅ​អ្នក​វិទ្យាសាស្ត្រ​​ជា​ច្រើន​សម្រាប់​ការ​ស្រាវជ្រាវ។ លោក Thomas បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន​នៅ​លើ​ពិភពលោក ក្នុង​គោល​បំណង​សិក្សា​បន្ថែម​ពី​អាថ៌កំបាំង​ខួរក្បាល​លោក Einstein។

Einstein

នៅ​ក្នុង​ឆ្នាំ​១៩៨៥ លោក Thomas និង​សមាជិក​ស្រាវជ្រាវ​នៅ​ក្នុង​រដ្ឋ​ California បាន​ចុះ​​ផ្សាយ​ជា​លើក​ដំបូង​អំពី​ការ​សិក្សា​ខួរ​ក្បាល​លោក Einstein។ ក្នុង​នោះ​បាន​បញ្ជាក់​ថា ខួរ​ក្បាល​លោក Einstein មាន​​សមាមាត្រ​​កោសិកា​​មិន​​ធម្មតា​​ខុស​ពី​មនុស្ស​ទូទៅ​ចំនួន​២​គឺ កោសិកា​ខួរ​ក្បាល neurons និង glia។ ការ​សិក្សា​នេះ​ក៏​មាន​យល់​ស្រប​បន្ថែម​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ចំនួន​៥​រូប​ផ្សេង​ទៀត​ផង​ដែរ ដែល​បង្ហាញ​​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​កោសិកា​ខួរក្បាល​នីមួយៗ​​របស់​លោក Einstein។

ទោះ​បែប​នេះ​ក្ដី ការ​សិក្សា​របស់​លោក Thomas មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នោះ​ទេ ហើយ​ក៏​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាមួយ​លោក Terence Hines ដែល​ជា​សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​នៃ​សកល​វិទ្យាល័យ Pace។ លោក Terence ចាត់​​ទុក​ការ​ស្រាវជ្រាវ​នេះ​ថា​គ្មាន​បាន​ការ​​អ្វី​ឡើយ។

លុះ​ដល់​ឆ្នាំ​១៩៩៩ ការ​សិក្សា​ថ្មី​មួយ​​ផ្សេង​ទៀត​​របស់​លោក Thomas និង​អ្នក​សហការ​ជាមួយ​លោក បាន​ចាប់​ផ្ដើម​មាន​​​គេ​ចាប់​អារម្មណ៍ និង​ទទួល​ស្គាល់។ ផ្អែក​លើ​​គំរូ​​នៃ​រូបថត​ខួរ​ក្បាល​លោក Einstein មុន​​ត្រូវ​កាត់​ជា​បំណែក​តូចៗ អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា វា​មាន​​​លំនាំ​ផ្នត់​បត់​ខុស​ពី​ធម្មតា​​នៃ​ផ្នែក​ខ្លះ​ក្នុង​ខួរ​ក្បាល។ ទាំង​នេះ​ហើយ​គឺ​ជា​ភាព​ផ្សារភ្ជាប់​ឲ្យ​លោក​មាន​សមត្ថភាព​ពិសេស​លើ​ផ្នែក​គណិតវិទ្យា៕

អត្ថបទពេញនិយម