លក្ខណៈខុសគ្នារវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលពលរដ្ឋជាច្រើនមិនទាន់ច្បាស់នៅឡើយ
- 2022-09-30 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈខុសគ្នារវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលពលរដ្ឋជាច្រើនមិនទាន់ច្បាស់នៅឡើយ
ចន្លោះមិនឃើញ
លក្ខណៈខុសគ្នារវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម៖
១. សៀវភៅស្នាក់នៅ៖ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។
-បុគ្គលត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់លំនៅឋានដែលខ្លួនស្នាក់នៅអចិន្ត្រៃយ៍។
-បុគ្គលមិនត្រូវចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល និងស្នាក់នៅដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា, កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិដែលកំពុងរស់នៅប្រមូលផ្តុំក្នុងបន្ទាយមិនចាត់ទុកជាលំនៅឋាន ប៉ុន្តែបុគ្គលទាំងនោះត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅតាមលំនៅឋានអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររៀងៗខ្លួន។
២. សៀវភៅគ្រួសារ៖ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។
-បុគ្គលត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ គ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្រ្តៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុកម្តាយដែលកំពុងស្នាក់នៅអចិន្ត្រៃយ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
-បុគ្គលមិនត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ ជនប្រទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារ និងប្រើប្រាស់សៀវភៅគ្រួសារនេះឡើយ៕