គន្លឹះ​មុន​ប្រឡង! គួរ​សង្ខេបគន្លឹះខ្លះៗ ក្នុងមុខវិជ្ជាសំខាន់ៗទាំង៧នេះ

  • 2022-10-12 02:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលានៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កាន់តែជិតឈានចូលមកដល់ ពោលគឺនៅសល់តែ៣សប្ដាហ៍ទៀតនឹងដល់ហើយ។ ទន្ទឹមនឹងនេះដែរ ជាការចាំបាច់សម្រាប់សិស្សានុសិស្សដែលត្រូវដឹង ជាពិសេសគន្លឹះនៃការស្វែងយល់ខ្លឹមសារនៃមេរៀនតាមមុខវិជ្ជានីមួយៗ ឱ្យមានប្រសិទ្ធិភាព ឆាប់រហ័ស និងចំគោលដៅនោះ ថ្ងៃនេះ sabay សូមណែនាំពីគន្លឹះខ្លះៗ ជាជំនួយស្មារតី ដើម្បីងាយយល់អំពីមេរៀន និងលំហាត់ក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ៖

១. អក្សរសាស្រ្តខ្មែរ

មុខវិជ្ជាមួយនេះមិនដូចមុខវិជ្ជាគណិតឫមុខវិជ្ជាផ្សេងទេដែលតម្រូវឲ្យយើងយល់ពីបាតុភូត ប៉ុន្តែមុខវិជ្ជានេះត្រូវតម្រូវឲ្យអ្នកយល់ពីមេរៀនឲ្យច្បាស់ ព្រោះពេលអ្នកយល់មេរៀនច្បាស់ហើយសំនួរអ្វីក៏យើងអាចឆ្លើយបានដែរ។ យើងត្រូវសិក្សាឲ្យបានជាក់លាក់និងស៊ីជម្រៅ អំពីភាសា រឿងព្រេង ប្រវត្តិ ទីតាំង តួអង្គឬបុគ្គលសំខាន់ ព្រឹត្តិការណ៍សង្គម ការពន្យល់ពាក្យ និងអំពីអរិយធម៌កំណើតផ្សេងៗ របស់យើងឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការសរសេរបកស្រាយព្យល់ខ្លឹមសាររបស់ខ្លួនឲ្យបានល្អ និងក្បោះក្បាយ ។ ជាគន្លឹះសំខាន់ទៀតគឺព្យាយាមមើលឲ្យយល់ ព្យាយាមកុំទន្ទេញព្រោះអ្នកអាចនឹងភ្លេចក្នុងករណីណាមួយ តែបើអ្នកយល់វិញគឺស៊ីផុយហើយ។

២. គណិតវិទ្យា

នៅពេលជិតដល់ថ្ងៃប្រឡង យើងត្រូវប្រមូលយកឯកសារ និង លំហាត់ណាដែលបានដោះស្រាយក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ហើយព្យាយាមស្វែងរកចន្លោះខ្វះខាត។ ចន្លោះខ្វះខាតនោះគឺចង់សំដៅទៅលើលំហាត់ដែលពិបាកៗដែលយើងពុំទាន់បានធ្វើរួច និង ប្រភេទលំហាត់ដែលយើងពុំដែលបានឃើញពីមុនមក។ ហើយដោយការធ្វើបែបនេះ វាអាចជម្រុញ ភាពជឿជាក់របស់យើង ជៀសវាងដល់នាទីចុងក្រោយហើយ គ្មានភាពជឿជាក់ទៅលើអ្វីដែលយើងបានរៀន និងយល់កន្លងមក។ ម្យ៉ាងទៀត កុំឲ្យស្តាយក្រោយចំពោះលំហាត់ដែលយើងបានរំលងហើយអាចចេញក្នុងពេលប្រឡងដែរ។

៣. ប្រវត្តិវិទ្យា

គន្លឹះនេះគឺយកលំនាំតាមតារាងខួបគីមី ។ មូលហេតុដែលយើងគួរតែរៀបចំតារាងមេរៀន ព្រោះពេលខ្លះការអានប្រវត្តិសាស្ត្រមានលក្ខណៈស៊ាំញ៉ាំ និងដដែលៗ ដូចនេះយើងគួរតែរៀបចំតារាងនេះឡើងដើម្បី ជួយសម្រួលដល់ការសិក្សារបស់យើង ។ ការរៀបចំតារាងពេលវេលានៃប្រវត្តិសាស្ត្រសម្រាប់រំលឹកមេរៀននេះ អ្នកប្រហែលមានអារម្មណ៍ថាស្មុគស្មាញបន្តិច តែប្រសិនយើងបែកចែកដាច់ដោយឡែកពីគ្នា ញ៉ែកជាសម័យកាល និង បរិបទនីមួយៗនោះយើងនឹងងាយស្រួលស្វែងយល់ផងដែរ។

៤. រូបវិទ្យា

ដើម្បីធ្វើលំហាត់រូបវិទ្យាឲ្យត្រូវ យើងត្រូវតែយល់ពីមេរៀនឬក៏អាចនិយាយបានថាយល់ពីបាតុភូតដែលកើតឡើងក្នុងលំហាត់នោះ។ ពេលយល់ពីបាតុភូត យើងអាចដាក់រូបមន្តមកអោយត្រូវហើយដោះស្រាយលំហាត់នោះយ៉ាងរលូនតែម្ដង។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះពេលប្រឡងគេមានសួរសំនួរពីមេរៀន ដូចនេះយើងត្រូវអានមេរៀនឲ្យយល់ដើម្បីឆ្លើយហ្នឹងសំណួរទាំងអស់នោះ ។ អ្វីដែលសំខាន់ត្រូវស្រង់យករូបមន្តតាមេរៀននីមួយៗបែងចែកឲ្យច្បាស់លាស់ និងព្យាយាមធ្វើលំហាត់ឲ្យបានច្រើន ។

៥. គីមីវិទ្យា

រូបមន្ដនៃមុខវិជ្ជានេះក៏មិនធម្មតាដែរ គឺមានច្រើនគួរសម តែមិនថ្វីទេ យើងគួរតែរៀនសង្ខេបរាល់រូបមន្ដទាំងអស់់ក្នុងជំពូកនីមួយៗ ហើយហ្វឹកហាត់ឲ្យវាស្ទាត់។ តែកុំភ្លេចណា! គណនាឲ្យត្រឹមត្រូវ ហើយសរសេរខ្នាតឲ្យត្រូវផង។ ចំពោះការសង្ខេបរូបមន្ដ ដូចជានៅក្នុងមេរៀនទី១ យើងគ្រាន់តែចេះតែរូបមន្ដ ៤បានហើយ គឺរូបមន្ដល្បឿនមធ្យមបំបាត់អង្គធាតុប្រតិករ ល្បឿនខណៈបំបាត់អង្គធាតុប្រតិករ ល្បឿនមធ្យមកំណអង្គធាតុកកើត និងល្បឿនខណៈកំណអង្គធាតុកកើត។ បើយើងចេះប្រើតែរូបមន្ដ ៤នឹងហើយ លំហាត់ក្នុងមេរៀនទី១ឲ្យតែចេញប្រលង ដឹងថាស៊ីផុយហើយ។

៦. ជីវវិទ្យា

ជីវវិទ្យាជាមុខវិជ្ជាដែលប្រមូលផ្តុំទៅដោយពាក្យគន្លឹះច្រើនដែលទាមទារអោយសិស្សានុសិស្សទាំងអស់ចាំពាក្យគន្លឹះទាំងនោះឲ្យបានច្យាស់លាស់។ បើសិនជាយើងចេះពាក្យទាំងនោះហើយ វាអាចបង្កអោយមានភាពងាយស្រួលក្នុងការឆ្លើយសំនួរ។ ចំពោះលំហាត់គណនាក្នុងពេលប្រឡងកុំប្រញាប់ប្រញ៉ាល់ពេក ត្រូវមើលឲ្យបានច្បាស់លាស់ និងស្វែងយល់ទៅតាមជំហាននីមួយៗ និងត្រូវចាំរូបមន្តនិងទាញរកអ្វីដែលសមត្ថិកម្មចង់បានឲ្យច្បាស់លាស់។

៧. ភាសាអង់គ្លេស

សំណេរប្រលងទី១២ ជាទូទៅគឺជាប្រភេទសំណេរសាមញ្ញៗធម្មតាដែលមិនតម្រូវអោយវិភាគអ្វីច្រើននោះទេ ដូច្នេះគួររៀនមើលអំពីវិធីសរសេរប្រភេទ Descriptive Writing (សំណេររៀបរាប់)។ ពេលខ្លះប្រធានបទមានដូចជា Advantages & Disadvantages of TV, Usefulness of Study……. ដូច្នេះគួររៀនពាក្យអោយបានច្រើន ដើម្បីមានអ្វីយកទៅសរសេរ បន្លាយជាឃ្លា និងអត្ថបទ ៕

អត្ថបទ៖ ទារិកា