នៅ​ចាំ​ទេ! ហ៊ឺ ទៀង​គឹមហុង កុមារ​អច្ឆរិយ: ក៏​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ដែរ ក្នុង​អាយុ ១៣ឆ្នាំ​ប៉ុណ្ណោះ

  • 2022-12-07 03:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា ហ៊ឺ ទៀងគឹមហុង ដែល​បាន​ធ្វើ​ឲ្យ​គេ​ស្ងើច​សរសើរ​គ្រប់​គ្នា​កាល​ពី​ឆ្នាំ ២០១៧ ដោយ​សារ​មាន​សមត្ថភាព​ពិសេស​ជាង​កុមារ​នានា​នោះ នៅ​ឆ្នាំ​សិក្សា ២០២២ ក៏​បាន​បង្ហាញ​ខ្លួន​ចូល​រួម​ប្រឡង​បាក់​ឌុប​ផង​ដែរ ក្នុង​អាយុ​ត្រឹម​តែ១៣ឆ្នាំប៉ុណ្ណោះ។ នេះ​បើ​តាម​ឯកឧត្តម ដួង តារា ជំនួយ​ការ​សម្ដេច​តេជោ ហ៊ុន សែន។

វត្តមាន​របស់​កុមារា គឹមហុង បាន​ធ្វើ​ឲ្យ​ឯកឧត្តម ដួង តារា មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​ភាព​រីករាយ។ ឯកឧត្តម បាន​មាន​ប្រសាសន៍​ថា "ពូពិតជាសប្បាយរីករាយនិងសូមអបអរសាទរក្មួយ ហ៊ឺ ទៀង​គីមហុង ដែលបានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ នេះ។ ផ្អែកលើសមត្ថភាពដ៏ពិសេសនេះ ពូសង្ឃឹមថាក្មួយនឹងប្រឡងជាប់ជាក់ជាមិខាន"។

កុមារា ហ៊ឺ ទៀង​គឹមហុង គឺ​ជា​កុមារ​អច្ឆរិយៈ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ ២០១៧។ រូប​​គេ​មាន​សមត្ថភាព​ពិសេស យល់​ដឹង​ភាសា​ខ្មែរ និង​គណិតវិទ្យា។ គេ​មាន​សមត្ថភាព​អាច​អាន​អក្ស រៀប​អក្សខ្មែរ និងអក្សរ​ឡាតាំង តាំង​ពី​អាយុជាង ២ឆ្នាំ។ នៅ​អាយុ ២ឆ្នាំ​កន្លះ គឹមហុង ចេះ​អាន​សារ​ជូន​ពរ​សម្ដេច ហ៊ុន សែន បាន​យ៉ាង​ល្អ​ថែម​ទៀត។

សមត្ថភាព​ពិសេស​នេះ គឹមហុង ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរ​យ៉ាង​ច្រើន​ពី​សាធារណជន ក្នុង​នោះ​ក៏​សូម្បី​សម្ដេច​តេជោ ហ៊ុន សែន ហើយ​សម្ដេច​ក៏​បាន​អនុញ្ញាត​ឲ្យ គឹមហុង ម្ដាយ ឪពុក និង​លោក​គ្រូ​អ្នក​គ្រូ​របស់ គឹមហុង ចូល​ជួប ដើម្បី​ធ្វើ​តេស្តសមត្ថភាព​របស់​គេ​ដោយ​ផ្ទាល់។

សម្ដេច​បាន​ប្រគល់ Laptop ១គ្រឿង​ឲ្យ គឹមហុង ហើយ​ឲ្យ​គេ​ស្វែង​រក​ផែន​ទី​ប្រទេស​កម្ពុជា និង​គណនា​រក​ចម្ងាយ​គីឡូម៉ែត្រ ព្រម​ទាំង​ឲ្យ​ចៅ​ស្រី​សម្ដេច ធ្វើ​ការ​សន្ទនា​ជា​ភាសា​អង់គ្លេស​ជាមួយ គឹមហុង ទៀត។ ជា​លទ្ធផល សម្ដេច​បាន​រក​ឃើញ​ថា កុមារា​ម្នាក់​នេះ ដែល​កាល​នោះ​ទើប​តែ​មាន​អាយុ ៧​ឆ្នាំ​ប៉ុណ្ណោះ គឺ​ពិត​ជា​កុមារា​មាន​សមត្ថភាព​ពិសេស​មែន។

ដូច្នេះ​ហើយ សម្ដេច​តេជោ បាន​ស្នើ​អាហារូបករណ៍​ពិសេស​ពី​សាលា​ប៊ែលធី ដើម្បី​បន្ត​សិក្សា​ចំណេះ​ទូទៅ ហើយ​សម្ដេច​បាន​ធានារ៉ាប់រង​លើ​ការ​ចំណាយ​ក្នុង​ការសិក្សា​របស់ គឹមហុង ទាំង​ស្រុង និង​ថែម​ទាំង​បាន​ពិភាក្សា​ជា​មួយ​ក្រសួង​អប់រំ ស្វែង​រក​គ្រឹះស្ថានល្អ​សម្រាប់​គេ​ទៀត​ផង។

ក្រោយ​សិក្សា​បាន​២​ឆ្នាំ នៅ​សាលាប៊ែលធី គឹមហុង បាន​ប្រឡង​ជាប់​ឌីប្លូម​នៅ​អាយុ​ជាង ៩ឆ្នាំ។ ហើយ​នៅ​ពេល​នេះ អាយុ ១៣​ឆ្នាំ រូប​គេ​បាន​ចូល​ប្រឡង​បាក់​ឌុប​ជាមួយ​បង​ៗ​រាប់​ម៉ឺន​នាក់​ទៀត។ យ៉ាងណា មិន​ទាន់​ដឹង​កុមារ​រូប​នេះ ធ្វើ​បាន​ល្អ​កម្រិត​ណា​នៅ​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម