ឡូយ​មែន! ខេត្ត​កណ្ដាល ត្រៀម​ប្រកាស​ជា​ខេត្ត​លែង​មាន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​បង្គន់​ប្រើ

  • 2022-12-09 04:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ផ្នែក​មួយ​នៅ​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០២៥ ក្នុង​ការ​សម្រេច​ឲ្យ​បាន​​កម្ពុជា​មាន​សេវា​ទឹក​ស្អាត​គ្រប់​ដណ្ដប់​ទូទាំង​ប្រទេស​នោះ ខេត្ត​កណ្ដាល​ត្រៀម​ប្រកាស​ជា​ខេត្ត​ដែល​ប្រជា​ពលរដ្ឋ​លែង​ខ្វះ​ខាត​បង្គន់​អនាម័យ។ នេះ​បើ​តាម​លោក ឆាត់ សុភាព នាយក​អង្គការ WaterAid ប្រចាំ​នៅ​កម្ពុជា។

លោក ឆាត់ សុភាព នាយក​អង្គការ WaterAid ប្រចាំ​នៅ​កម្ពុជា

ថ្លែង​នៅ​ក្នុងពិធី​ទទួល​ជំនួយ​​គាំទ្រ​គម្រោង​របស់ WaterAid ពី​ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត Etiqa លោក ឆាត់ សុភាព បាន​ឲ្យ​ដឹង​ថា ខេត្ត​កណ្ដាល​ត្រូវ​បាន​ជ្រើសរើស​ជា​ខេត្ត​គោលដៅ​ក្នុង​ការ​លុប​បំបាត់​បញ្ហា​បង​ប្អូន​ប្រជាពលរដ្ឋ​មិន​មាន​បង្គន់​ប្រើ​ប្រាស់។ តាម​តួលេខ ដើម​ឡើយ ខេត្ត​កណ្ដាល មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣ម៉ឺន​គ្រួសារ​ដែល​មិន​មាន​បង្គន់​សម្រាប់​ប្រើ​ប្រាស់​គ្រប់​គ្រាន់។

បញ្ហា​នេះ វា​នាំ​ឲ្យ​មាន​ការ​បន្ទោរបង់​តាម​ទី​សាធារណៈ​ទាំង​លើ​គោក និង​ក្នុង​ទឹក ហើយ​វា​រាំង​ស្ទះ​ផែន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទៅ​សហគមន៍​ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។ លោក ឆាត់ សុភាព លើក​ឡើង​ថា “ជាង ៣ម៉ឺន​គ្រួសារ អត់​មាន​បង្គន់​ប្រើ អីចឹង​ប្រជាពលរដ្ឋ​ជាង ៣ម៉ឺន​គ្រួសារ​ដែល​នៅ​ជុំវិញ​ទន្លេហ្នឹង ទៅ​ដាក់(បន្ទោរបង់) នៅ​ណា...គឺ​ក្នុង​ទន្លេ​ហ្នឹង ហើយ​បើ​ដាក់​ក្នុង​ទន្លេ​វា​ទៅ​ណា គឺ​វា​វិល​មក​យើង​វិញ​ហ្នឹង អីចឹង​បាន ជួយ​ពួក​គាត់ គឺ​ដូច​ជួយ​ខ្លួន​ឯង តិច​ថា ជួយ​ហ្នឹង​ពួក​គាត់ មិន​មែន​ទេ គឺ​ជួយ​ពួក​យើង​ខ្លួន​ឯង ដែល​ជា​អ្នក​ហូប​បន្លែ​បង្ការ​ហ្នឹង ចឹង​កុំ​យល់​ច្រឡំ!”។

រាប់​ពី​ឆ្នាំ ២០១៤ កម្ពុជា​មាន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​នៅ​តាម​សហគមន៍​ត្រឹម ៤០%។ តាម​បេសកកម្ម​របស់ WaterAid មក​ទល់​បច្ចុប្បន្ន អាត្រា​នេះ​បាន​កើន​មក​កម្រិត ៧០%។ តាម​លោក ឆាត់ សុភាព រាជរដ្ឋាភិបាល បាន​កំណត់​យក​ឆ្នាំ ២០២៥ ដើម្បី​បញ្ចប់​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​កម្ពុជា។ ប៉ុន្តែ​ផែន​ការ​នេះ​បាន​ពន្យារពេល មក​ឆ្នាំ ២០៣០ វិញ​ដើម្បី​គ្រប់​គ្នា​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។

ចំពោះ​ការ​ពន្យារ​ពេល​នេះ គឺ​ដោយ​សារ​តែ​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​បង់​ខាត​ធនធាន​មួយ​ចំនួន ខណៈ​គម្រោង​នេះ មាន​ចំណាយ​ខ្ពស់​ថែម​ទៀត​ផង។ នាយក​អង្គការ WaterAid បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា ក្នុង​១​ឆ្នាំ កម្ពុជា​ត្រូវ​ការ​ថវិកា​គម្រោង​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​សម្រាប់​អនុវត្ត និង​គាំទ្រ​គម្រោង។ យ៉ាង​​ជាក់​ស្ដែង គម្រោង​មាន​លទ្ធភាព​តិច​ជាង​នេះ​ឆ្ងាយ។ ដូច្នេះ​ហើយ ​ត្រូវ​ការ​វិស័យ​ឯកជន​ដើម្បី​មក​រួម​ចំណែក...ហើយ​លោក​មាន​សេចក្ដី​សោមនស្សរីករាយណាស់ ចំពោះ​សកម្មភាព​របស់​ Etiqa នា​ពេល​នេះ ដែល​បាន​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នៃ​តម្រូវ​ការ​ទឹក​ស្អាត​ប្រើ​ប្រាស់។

ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត Etiqa ដែល​ចុះ​បញ្ជី​ដំណើរ​ការ​អាជីវកម្ម សេវាកម្ម​របស់​ខ្លួន​តាំង​ឆ្នាំ ២០១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ២ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់ WaterAid អនុវត្ត​គម្រោង​របស់ខ្លួន ដោយ​ផ្ដោត​លើ​សហគមន៍​ក្នុង​ខេត្ត​កណ្ដាល​នេះ។

លោក Dato’ Johan Ariffin អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេទីកា កម្ពុជា បាន​មាន​ប្រសាសន៍​ថា ឲ្យ​ដឹង​ថា នៅក្នុងប្រទេសកម្ពុជា វាត្រូវបានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៤នាក់ពុំមានទឹក ស្អាតប្រើប្រាស់។ ហើយ​បើទោះ​កម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿន ជាង​គេ​មួយ​នៅ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ី តែ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទានសមរម្យមួយ សម្រាប់ទឹកស្អាតនៅតែជាឧបសគ្គ ។

លោក Dato’ Johan Ariffin អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេទីកា កម្ពុជា

ក៏​ដូច​គ្នា​ដែរ ប្រជាជនដែលរស់នៅក្នុងខេត្តកណ្ដាល ការទទួលបាន ទឹកស្អាតប្រើប្រាស់ គឺជាបញ្ហាប្រឈមដ៍ចម្បងមួយ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាម ដងទន្លេ សហគមន៍បណ្ដែតទឹក និងទីជនបទនានា។

ដោយសារតែការអប់រំ និងហិរញ្ញវត្ថុនៅមានកម្រិត ការប្រើប្រាស់ ទឹកដោយផ្ទាល់ពីទន្លេគឺជាជម្រើសតែមួយគត់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ដូច្នេះ​គម្រោងទឹកស្អាត ដែលទទួលបានការចូលរួមសហការពីអង្គការ វតធឺអេត នេះនឹងជួយពង្រឹងការផ្គត់ ផ្គង់ទឹកស្អាតដល់ក្រុមដែលងាយរងគ្រោះនៅក្នុងតំបន់។ លោក Dato' Johan បានលើកឡើងថា៖ “ នៅក្នុងក្រុមហ៊ុន អេទីកា ពួកយើងជឿជាក់ទៅទស្សនៈន សេវាកម្មធានារ៉ាប់រងតាមបែបមនុស្សនិយម។ យើងនៅទៅនេះដើម្បីជួយប្រជាជន និង ធ្វើតាមការ សន្យារបស់យើង។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការធ្វើអាជីវកម្ម ដែលជះឥទ្ធិពល វិជ្ជមានទៅដល់សហគមន៍"។

រូបភាព៖ cpp

លោក ឆាត់ សុភាព បាន​សង្កត់​ធ្ងន់​ថា ពេល​ពលរដ្ឋ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ ប្រែ​ប្រួល​គុណភាព​ជីវិត ហើយ​ពេល​ពួក​គេ​មាន​សុខភាព​ល្អ ពួក​គេ​នឹង​បង្កើន​ផលិតភាព ហើយ​ការ​បង្កើន​ផលិតភាព គឺ​ជះផលវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល៕​

……..

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី