ក្រុមហ៊ុន Smart Axiata បេ្តជ្ញាក្នុងការចូលរួមចំណែកអភិវឌ្ឍដោយនិរន្តរភាពនៅកម្ពុជា

  • 2022-12-13 03:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃអង្គារ ទី១៣ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុះមុត ក៏ដូចជាសមិទ្ធិផលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅ កម្ពុជាក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ នៅក្នុងពិធីសម្ពោធរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០២១ របស់ក្រុមហ៊ុន។

របាយការណ៍និរន្តរភាព គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុន Smart ដែលបង្ហាញពីការប្តេជ្ញាក្នុងការអនុវត្តដោយនិរន្តរភាព ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងតួអង្គពាក់ព័ន្ធសំខាន់ៗដើម្បីឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ របាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០២១ គឺជាការបោះពុម្ពលើកទី ៨ ហើយត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata។

គោលការណ៍របស់ Smart ផ្តោតសំខាន់ទៅលើនិរន្តរភាព ស្របទៅតាមគោលការណ៍របសក្រុមហ៊ុនវិនិយោគធំ Axiata គ្រុប ដោយផ្អែកលើសសរស្តម្ភទាំងបួន រួមមាន លើសពីប្រាក់ចំណេញរយៈពេលខ្លី ការអភិវឌ្ឍធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោក និងសង្គម។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជាទឹកប្រាក់ចំនួន ៨១ លានដុល្លារ និងបានរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុសាធារណៈជាទឹកប្រាក់ចំនួន១០៣ លានដុល្លារអាមេរិក។ ក្រុមហ៊ុនមួយនេះ ក៏បានបន្តបង្កើត និងគាំទ្រការងារសរុបចំនួន ៥១,៧០០ នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះមាន ៩៦.៧% ជាជនជាតិខ្មែរ។

ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានដាក់ដំណើរការមូលនិធិបណ្តាក់ទុនដំបូងគេរបស់កម្ពុជា Smart Axiata ដោយមកទល់នឹងពេលនេះ ទឹកប្រាក់ចំនួន ៣ លានដុល្លារត្រូវបានវិនិយោគក្នុងធុរកិច្ចចំនួន ១០ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

នៅពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានរងផលប៉ះពាល់ជាខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-19 Smart Axiata បានគាំទ្រយុទ្ធនាលើកកម្ពស់ការយល់ដឹងពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដោយបន្តការផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួនចំនួនជាង៧រលាននាក់ ហើយក៏មានការបង្កើតមូលនិធិរៃអង្គាសជាង ១លានដុល្លាអាមេរិក ដើម្បីចូលរួមផ្តល់ជំនួយដល់ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហម រួមទាំងគ្រួសារដែលងាយរងគ្រោះជាង ៣០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានចូលរួមក្នុងការរៀបចំមណ្ឌលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដោយផ្តល់នូវស្បៀងអាហារ រួមទាំងធានានូវបណ្តាញសេវាទូរស័ព្ទ ដោយមិនមានភាពរអាក់រអួលផងដែរ។

លោក Feiruz Ikhwan នាយកប្រត្តិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍​ថា៖ «និរន្តរភាព គឺជាតម្លៃស្នូលនៃប្រតិបត្តិការរបស់យើង។ នៅក្នុងឆ្នាំដ៏លំបាកមួយដែលពិភពលោកកំពុងបន្តប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart Axiata នៅតែប្រកាន់ខ្ជាប់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីផ្តល់លទ្ធភាព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ ការពារ អភិវឌ្ឍសេដ្ឋកិច្ច និងប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយចីរភាព។ ក្រុមហ៊ុន Smart នឹងបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធរបស់យើង ដើម្បីផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

របាយការណ៍ខាងលើ ក៏បានបញ្ជាក់ថា ត្រឹមចុងឆ្នាំ 2021 ក្រុមហ៊ុន Smart បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជាសរុបជា ទឹកប្រាក់ ៤១៦ លានដុល្លារអាមេរិក ស្មើនឹង1.6% និងបានចំណាយប្រហែល ២៤៤ លានដុល្លារអាមេរិក សម្រាប់ការវិនិយោគ និងប្រតិបត្តិការ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែចូលរួមចំណែកនូវប្រាក់ចំណេញប្រចាំឆ្នាំជាង ២% សម្រាប់មូលនិធិកាតព្វកិច្ចសាកលទូរគមនាគមន៍ (USOF) ១% សម្រាប់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (CBRD Fund) ក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចូលរួមក្នុងការបណ្តុះសមត្ថភាព និងអក្ខរកម្មឌីជីថលសម្រាប់យុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា៖ «ជាការពិតណាស់ ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាទំនួលខុសត្រូវពហុភាគីរួមគ្នា ដោយមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដូចជាក្រុមហ៊ុន Smart ដើម្បីចូលរួមកិច្ចសហការក្នុងការអនុវត្ត កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។»

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំមានការស្ងើចសរសើរចំពោះគោលការណ៍​សសរស្តម្ភនិរន្តរភាព ទាំង ៤ របស់ Smart ដែលពួកគេផ្តោតសំខាន់ លើសពីប្រាក់ចំណេញរយៈពេលខ្លី ហើយយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់ប្រជាជន តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ ការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់បរិយាប័ន្នឌីជីថលតាមរយៈការអនុវត្តប្រកបដោយនិរន្តរភាព ដែលអាច កាត់បន្ថយដានកាបូន និងផលប៉ះពាល់ទៅលើបរិស្ថានផងដែរ»។

របាយការណ៍និរន្តរភាព បានបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ ២០១៤ ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃ និងបេសកកម្មរបស់ក្រុមហ៊ុន ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចំណាត់ថ្នាក់​លេខ ១ នឹងទទួលបានក្ដីស្រលាញ់ពេញចិត្តបំផុតក្នុងប្រទេសកម្ពុជា។ Smart Axiata មានគោលបំណងសម្រេចបាននូវបេសកកម្មរបស់ខ្លួន ក្នុងការពង្រឹងមិនត្រឹមតែគុណតម្លៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ រួមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍វិស័យសំខាន់ៗដូចជា វិស័យអប់រំ និងកីឡា។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

អត្ថបទថ្មី