មកស្គាល់ត្រីទន្លេ ៤ប្រភេទ ជាប្រភេទត្រីកម្រនិងជិតផុតពូជនៅកម្ពុជា

  • 2022-12-14 08:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាមានទន្លេ ព្រែក និងបឹងបួច្រើនកន្លែង នៅទូទាំងប្រទេស។ ទន្ទឹមនឹងមានប្រភពទឹកសាបច្រើន ត្រីដែលរស់នៅក៏មានច្រើនប្រភេទ។ បច្ចុប្បន្នត្រីមួយចំនួន នៅមានរបាយច្រើននៅឡើយ និងមានខ្លះទៀតបានផុតពូជ ឬកំពុងប្រឈមមុខនឹងការផុតពូជ។ ថ្ងៃនេះ Sabay បង្ហាញត្រីទន្លេ ៤ប្រភេទ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីកម្រ និងទទួលរងការគំរាមកំហែងជិតផុតពូជ នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។

ត្រីប៉ាសាណាក់ ឬត្រីសាលម៉ុនយក្សទន្លេមេគង្គ ៖

ត្រីប៉ាសាណាក់ ឬអាចហៅបានថាជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។

ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយឡែកវាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។ យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។

ត្រីប៉ាស៊ីអ៉ី ៖

ត្រីប៉ាស៊ីអ៊ីជាត្រីមួយប្រភេទដែលបងប្អូនជនរួមជាតិភាគច្រើន ធ្លាប់តែឮឈ្មោះ តែមិនដែលស្គាល់រូបរាងពិត ហើយក៏មិនស្គាល់រសជាតិយ៉ាងណាដែរ! ត្រីប៉ាស៊ីអ៉ីដ៏ល្បីសម្រាប់ខេត្តស្ទឹងត្រែង ជាប្រភេទត្រីទឹកសាបដែលរស់នៅតំបន់ទន្លេមេគង្គលើប៉ែកខាងជើងប្រទេសកម្ពុជាជាពិេសសក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គេប្រទះឃើញតិចតួចក្នុងដែននេសាទ។ ត្រីប៉ាស៊ីអ៉ី ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN។

យោងតាមមន្ត្រីជំនាញ ត្រីប៉ាស៊ីអ៉ី មាននៅតែក្នុងទន្លេមេគង្គក្នុងទឹកដីខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។ ត្រីនេះ វាតែងតែឡើងទៅពងកូននៅក្នុងទឹកដីជាប់ព្រំដែនប្រទេសឡាវ ភាគខាងជើងខេត្តស្ទឹងត្រែង ។ ពេលដល់រដូវទឹកស្រក វានឹងចាប់ផ្ដើមចុះមកផ្នែកខាងក្រោម មករស់នៅតាមដងទន្លេ ស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ជាមួយស្រុកសំបូរ ខេត្តក្រចេះ តាមដងទន្លេមេគង្គ ដោយសារព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៃដងទន្លេមេគង្គសម្បូរព្រៃលិចទឹក បង្កក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ត្រី ទើបវាចូលចិត្តទៅរស់នៅទីនោះ។

ត្រីត្រសក់ ៖

គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ និងទន្លេសាប និងបឹងទន្លេសាប។ ត្រីប្រភេទនេះ អាចធំលូតលាស់រហូត ដល់ទម្ងន់ជាង ៩០ គីឡូក្រាម និងមានប្រវែងដងខ្លួន ១, ៥ ម៉ែត្រ។ យោងតាមឯកសារស្រាវជ្រាវ ត្រីត្រសក់មាន ៣ ប្រភេទ ត្រីត្រសក់ ត្រីត្រសក់ស និងត្រីត្រសក់ក្រហម។ ត្រីត្រសក់ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រីដែលជិតផុតពូជដែរ និងត្រូវបានកក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៧ ស្តីពីការគ្រប់គ្រងវិស័យជលផល និងស្ថិតក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញា CITES។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ត្រីត្រសក់ក្រហម ជាប្រភេទត្រីកម្រនិងប្រភេទត្រីងាយរងគ្រោះមានទម្ងន់ប្រមាណ ១០ គីឡូក្រាមត្រូវបានចាប់បានដោយឧបករណ៍ «ដាយត្រី» និងត្រូវបានម្ចាស់ដាយត្រីរាយការណ៍ជូនមន្ត្រីជំនាញ និងត្រូវបានក្រុមអ្នកជំនាញ ចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាលនេះចូលក្នុងដងទន្លេសាបវិញ។

ត្រីគល់រាំង ៖

ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។ វាមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» និងឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ វាជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី ៣ ប្រភេទនៅកម្ពុជាក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។ វាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។

ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច ស្តីពី ការគ្រប់គ្រងវិស័យជលផលក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើងឋ៕

ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី