ស្វាគមន៍ទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង កម្ពុជារំពឹងថា នឹងប្រឹងទាក់ទាញទេសចរឱ្យបាន ១លាននាក់ក្នុងឆ្នាំ២០២៣

  • 2023-02-08 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវ ទេសចរចិន១២៥នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារនេះជាជើងហោះហើរពីប៉េកាំង មកភ្នំពេញឡើងវិញ លើក ទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកក្នុងថ្ងៃនេះ គឺមានចំនួន១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥ ០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១ ៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១ ១៧៨ជើង៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី