រកឃើញក្រុមតំណាងកម្ពុជា លើវិញ្ញាសា AK2 នៅស៊ីហ្គេម ២០២៣ ហើយ
- 2023-02-13 06:28:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមតំណាងកម្ពុជា លើវិញ្ញាសា AK2 នៅស៊ីហ្គេម ២០២៣ ហើយ
ចន្លោះមិនឃើញ
ក្រុម One Last Time បានក្លាយជាជើងឯកថ្នាក់ជាតិ AK2 និងជាក្រុមតំណាងកម្ពុជាទៅប្រកួតស៊ីហ្គេម ២០២៣ ហើយ ក្រោយពីយកឈ្នះលើក្រុម JET II កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងការប្រកួតស្វែងរកអ្នកខ្លាំងតំណាងកម្ពុជាចូលរួមប្រកួតស៊ីហ្គេមនេះដែរ លើវិញ្ញាសា AK2 មានក្រុមចូលរួមសរុប១៦ក្រុម។ ក្រុមទាំង១៦នោះ មាន១២ក្រុមបានពីការប្រកួតសន្សំពិន្ទុពី AK Clan Challenge និង៤ ក្រុមទៀតបានពីការហៅផ្ទាល់តែម្ដងពីរដូវកាលទី១ ដល់ទី ៤ ដោយទាំង ៤ ក្រុមនេះគឺជាក្រុមដែលទទួលបានពិន្ទុច្រើនជាងគេក្នុងការប្រកួតទាំង ៤ រដូវកាល។
យោងតាមលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយក្រុមហ៊ុន Sabay Digital Corporation បានរៀបចំការប្រកួត AK2 Online League ដោយការប្រកួតបានធ្វើឡើងចាប់តាំងពីខែមករា ឆ្នាំ២០២២ មក ហើយត្រូវបានបែងចែកការប្រកួតជាបន្តបន្ទាប់ចំនួន ៤រដូវកាល និងចុងក្រោយគឺវគ្គជម្រុះជើងឯកថ្នាក់ជាតិ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។
លោកបានឱ្យដឹងថា៖ «រាប់ចាប់តាំងពីរដូវកាលទី ១ រហូតដល់រដូវកាលទី៤ និងគិតមកដល់ថ្ងៃប្រកួតវគ្គជម្រុះ ស៊ីហ្គេម២០២៣ នេះ គឺរយ:ពេលសរុប ១ឆ្នាំ ក្នុងប្រភេទវិញ្ញាសា ជាលក្ខណៈក្រុម (AK2 team match) និង លក្ខណៈឯកត្តជន (Personal mode) ផ្តល់ឱកាសឲ្យកីឡាករអេឡិចត្រូនិចហ្វឹកហាត់បានយ៉ាងពេញលេញ និងបញ្ចេញសមត្ថភាពរបស់ពួកគេ ក្នុងន័យពង្រឹងសមត្ថភាពកីឡាករ ក៏ដូចជាស្វែងរកកីឡាករដែលមានគុណផលខ្ពស់សម្រាប់តំណាងជាតិចូលរួមប្រកួត ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានគូសបញ្ជាក់ផងដែរថា៖ «ក្រុមកីឡាករដែលជាប់ជាក្រុមជម្រើស ជាតិសម្រាប់ការប្រកួតស៊ីហ្គេម២០២៣ ក្នុងកំឡុងពេលហ្វឹកហ្វាត់ មិនអនុញ្ញាតឲ្យប៉ះពាល់សារធាតុ Dopin ជាដាច់ខាត ហើយគ្រូបង្វឹកមានសិទ្ធិប្តូរកីឡាករមកជួយក្រុមបានក្នុងករណីចាំបាច់ តែត្រូវមានការអនុញ្ញាតពីសហព័ន្ធជាមុនសិន»។
ការប្រកួតវគ្គជម្រុះថ្នាក់ជាតិលើកីឡាអេឡិចត្រូនិក AK2 ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ (Road to 32nd SEA Games 2023) បានចាប់ប្រកួតថ្ងៃទី១០-១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្លិប D-Roar Cybercafe ដោយវិញ្ញាសាប្រកួតជាក្រុម ក្រុមឈ្នះក្លាយជាជើងឯកបានទៅលើ One Last Time ក្រោយយកឈ្នះលើក្រុម JET II ខណៈដែលការប្រកួតជាបុគ្គល ឬឯកត្តជនបានទៅកីឡាករ MAX-12hr3e ។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាផងនោះបានបង្ហាញចំណាប់អារម្មណ៍ថា នេះជាជំហានថ្មីមួយទៀតសម្រាប់កម្ពុជាលើឆាកអន្ដរជាតិទៅលើវិញ្ញាសា E-sport។ នៅការប្រកួតស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំខ្លួនយ៉ាងល្អគ្រប់ប្រភេទកីឡា ដើម្បីធ្វើយ៉ាងណាស្វែងរកមេដាយជូនជាតិឱ្យបាន។ ក្នុងនោះកីឡាអេឡិចត្រូនិក ក៏បានដាក់បញ្ចូលវិញ្ញាសា AK2 មួយផងដែរ ដែលជាកីឡា E-sport ពេញនិយមមួយនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ជាធម្មតា រាល់ឆ្នាំមានការកកើតបន្ថែមនូវប្រភេទកីឡា វិញ្ញាសាថ្មីៗ ហើយ E-Sport វាជាប្រភេទកីឡាមួយដែលប្រើកម្លាំងញាណ ប្រាជ្ញា និងកម្លាំងកាយខ្លះដែរ។ យើងប្រើភាពឆ្លាតវៃរបស់យើងទៅលេង ក្នុងហ្នឹងហើយដែលគេទទួលស្គាល់ថាវាក៏ជាប្រភេទកីឡាមួយដ៏រីកចម្រើនដល់ប្រាជ្ញា ដល់មនុស្សទូទៅ ទើបគេសម្រេចដាក់ E-Sport ហ្នឹងនៅក្នុងប្រភេទកីឡាស៊ីហ្គេម»។
លោកបានលើកថា៖ «ដូច្នេះយើងក៏ត្រូវការចូលរួមជាមួយកីឡាហ្នឹង ហើយត្រូវតែមានកីឡាករយើង។ ដើម្បីឱ្យកីឡាករយើងមានបទពិសោធន៍គឺយើងត្រូវការហ្វឹកហាត់ដូចគ្នា ដូចកីឡាផ្សេងៗអ៊ីចឹង។ យើងត្រូវមានកន្លែងសមរម្យឱ្យបានកាន់តែច្រើន ដើម្បីឱ្យមានធនធានកាន់តែច្រើនសម្រាប់ការប្រកួតក្នុងស្រុក និងចម្រាញ់កីឡាករល្អៗតំណាងឱ្យស្រុកខ្មែរយើងទៅប្រកួតនៅប្រទេសផ្សេងដែរ»។
ដើម្បីលើកកម្ពស់ការយល់ដឹងពីកីឡាអេឡិចត្រូនិកនេះ លោក ជី សិលា ក៏បានបញ្ជាក់ដែរថា សហព័ន្ធកីឡាអេឡិចត្រូនិកក៏អាចបើកវគ្គបំពាក់បំប៉ន ឬសិក្ខាសាលាផ្សព្វផ្សាយដល់ផ្នែកឯកជន អជ្ញាធរដែនដី និងអាណាព្យាបាល ឱ្យភាគីពាក់ព័ន្ធបានដឹងថា E-Sport ជាកីឡាមួយដែលមានការគ្រប់គ្រង បទដ្ឋាន និងច្បាប់ទម្លាប់ច្បាស់លាស់ ហើយត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាសមាគម សហព័ន្ធ ទាំងនៅអាស៊ីរហូតដល់ពិភពលោក។ ក្នុងនាមជាសហព័ន្ធ លោករំពឹងថា កម្ពុជានឹងទទួលបានជោគជ័យ យកមេដាយជូនជាតិឱ្យបាន បើទោះជា AK2 នេះទើបតែបានដាក់ចូលស៊ីហ្គេមជាលើកដំបូងក៏ដោយ។
ជាចុងក្រោយ លោក ជី សិលា ក៏បានអរគុណទៅដល់ដល់គណៈកម្មាធិការជាតិ CAMSOC ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់កិច្ចសហការគាំទ្រដ៏កក់ក្តៅដល់ដំណើរការសហព័ន្ធកីឡា E-Sport កម្ពុជា។ សូមអរគុណដល់ក្រុមការងារ Beyond the Games សម្រាប់ការរៀបចំព្រឹត្តិការណ៍ វីដេអូអប់រំ លើកទឹកចិត្ត បំផុតស្មារតីអ្នកស្នេហាវិស័យកីឡា ឆ្ពោះទៅស៊ីហ្គេម និងលើសពីស៊ីហ្គេម។ យោងតាមផែនការយុទ្ធសាស្ត្ររបស់ កីឡា E-Sport និងការព្យាករណ៍របស់ CAMSOC កីឡា E-Sport ជាប្រភេទកីឡាមានដ៏សក្តានុពល ហើយក៏រំពឹងថានឹងទទួលបានមេដាយនៅស៊ីហ្គេមជូនអ្នកគាំទ្រវិញផងដែរ។
សម្រាប់ប្រាក់រង្វាន់នៃការប្រកួត AK2 ជើងឯកថ្នាក់ជាតិនេះដែរ ក្រុមជើងឯកលេខ១ ONE Last Time ទទួលបានរង្វាន់ ជាទឹកប្រាក់ ២៤លានរៀន ជាមួយ 80,000 Sabay Gold លេខ២ JET II បាន ១០លានរៀន ជាមួយ 40,000 Sabay Gold និងលេខ ៣ End Game បាន ៤លានរៀន ជាមួយ 20,000 Sabay Gold។ រីឯវិញ្ញាសា ឯកត្តជន ជើងឯកលេខ១ MAX-12hr3eទទួលបានរង្វាន់ជាទឹកប្រាក់ ២លានរៀន ជាមួយ 10,000 Sabay Gold លេខ២ Ah Mab-[NC] បាន ១លានរៀន ជាមួយ 5,000 Sabay Gold និងលេខ ៣ Spector-[NC]បាន ៤0ម៉ឺនរៀន ជាមួយ 5,000 Sabay Gold។