ទៀត! ឃើញ​ iPhone 14 មាន​មុខងារភ្ជាប់​ផ្កាយរណប ឥឡូវ​​ចាប់ផ្តើម​មានអ្នកដើរតាម​ផ្លូវហ្នឹង​ដែរ​ហើយ​

  • 2023-02-24 03:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ក្រុមហ៊ុន Apple បាន​ដាក់មុខងារ​ដែល​អាច​ភ្ជាប់​ផ្កាយរណប ក្នុងពេល​មាន​អាសន្ន​នៅតំបន់​គ្មានសេវា ពេលនេះ​ក្រុមហ៊ុនយក្សកូរ៉េ Samsung ក៏​កំពុងមាន​ទិសដៅ​ដើរតាមផ្លូវនេះផងដែរ ដោយ​​អភិវឌ្ឍ​បច្ចេកវិទ្យាថ្មី​សម្រាប់​ស្មាតហ្វូន ដែល​អាចភ្ជាប់​ទៅកាន់ផ្កាយរណបបាន។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ​ 5G non-terrestrial network (NTN) Modem ដែល​បច្ចេកវិទ្យា​នេះ​នឹង​ត្រូវបាន​ដាក់បញ្ចូល​ជាមួយឈីប Exynos របស់ខ្លួន ដើម្បី​អាច​ឱ្យ​ទូរសព្ទ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ផ្កាយរណប ​ពេល​អ្នកប្រើប្រាស់​ស្ថិត​នៅក្នុងតំបន់​គ្មានសេវា​អ៊ីនធើណេត ឬតំបន់ដាច់ស្រយាល។

មន្រ្តី​ជាន់ខ្ពស់​ Samsung បាន​និយាយថា នេះជាព្រឹត្តការណ៍​ប្រវត្តិសាស្រ្ត​របស់ខ្លួន ចំពោះ​បច្ចេកវិទ្យា​ទំនាក់ទំនង​ឥតខ្សែ បន្ទាប់ពីការចេញ 4G LTE Modem ក្នុងឆ្នាំ​២០០៩ និង 5G Modem ក្នុងឆ្នាំ​២០១៨។ Samsung មាន​គោលដៅ​ក្លាយ​ជាអ្នកនាំមុខគេ​ក្នុង​ប្រព័ន្ធអេកូ​ទំនាក់ទំនង Hybrid Terrestrial-NTN នៅជុំវិញ​ពិភពលោក ក្នុងការត្រៀមរៀបចំ​សម្រាប់​ការមកដល់ 6G នាពេលខាងមុខ។

បច្ចុប្បន្ន​មុខងារភ្ជាប់ជាមួយផ្កាយរណបគឺអាចឱ្យស្មាតហ្វូន បានត្រឹម​តែខល និងផ្ញើសារតែប៉ុណ្ណោះ។ ប៉ុន្តែ Samsung អះអាងថា នៅថ្ងៃអនាគត​ខ្លួននឹងបន្ថែម​សមត្ថភាពក្នុងផ្ញើរូបភាព និងវីដេអូទៀតផង៕

អត្ថបទ៖ សំភី