សម្តេចតេជោ ​អំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរជាម្ចាស់ដើមវិញ​

  • 2023-03-17 05:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ​ជាតិ​​អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា​រតនៈ​សម្បត្តិ​របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់​ជា​ច្រើន​។

ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។

នៅក្នុងពិធីទទួលរតនវត្ថុដែលធ្វើឡើងនៅវិមានសន្តិភាព, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាជាមួយខ្លឹមសារសំខាន់ៗដូចជា សម្តេចតេជោ ​ពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ និងបានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ។

សម្តេចតេជោ បន្តថា សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្ស ឆ្លៀតក្នុងឱកាសនោះសម្ដេច បានអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។

ជាចុងបញ្ចប់សម្ដេចបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ៕ ប្រភព៖ Freshnews

កែសម្រួល៖ សៀនហួរ