ប្រាសាទស្តុកកក់ធំ ទីតម្កល់សិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ដល់អ្នកប្រវត្តិវិទូ
- 2023-03-22 04:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទស្តុកកក់ធំ ទីតម្កល់សិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ដល់អ្នកប្រវត្តិវិទូ
ចន្លោះមិនឃើញ
ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណ ដែលស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលមានទីតាំងចំងាយប្រមាណ ២គម ពីព្រំដែន។ ប្រាសាទនេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម កសាងឡើងនៅពាក់កណ្តាលស.វទី១១ ពោលគឺឆ្នាំ ១០៥២គស. សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ដែលស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។
ប្រាសាទស្តុកកក់ធំ មិនមែនព្រះរាជាជាអ្នកកសាងទេ ប៉ុន្តែ អ្នកកសាងគឺជាគ្រួសារមន្ត្រីម្នាក់ ដែលអះអាងថា គេជាកូនចៅជំនាន់ក្រោយ របស់ព្រាហ្មណ៍ “សិវកៃវល្យ:” ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់ ធ្លាប់ធ្វើពិធីទេវរាជ ថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៌ត ។
សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ អ្នកណាក៏ស្គាល់ឈ្មោះប្រាសាទនេះដែរ បើទោះបីពួកគេបានទៅដល់ ឬមិនបានទៅដល់ប្រសាទនេះក្ដី។ ពោលគឺ ដោយសារឈ្មោះដ៏ល្បីល្បាញនៃសិលាចារឹកដែលបានរកឃើញនៅក្នុងប្រាសាទនេះ នាចុងសតវត្សរ៍ទី១៩ គឺ"សិលាចារឹកស្ដុកកក់ធំ" K.235 នេះឯង។ បច្ចុប្បន្នសិលាចារឹកនេះ ត្រូវបានថៃយកទៅដាក់តាំងនៅសារមន្ទីរជាតិក្រុងបាងកក។
សិលាចារឹកនេះ ជាសិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ជាងគេ ដល់ប្រវត្តិវិទូ បុរាណវិទូ ក្នុងការសិក្សា វិភាគ និងចងក្រងប្រវត្តិសាស្ត្រខ្មែរនៅសម័យមហានគរ ដែលមាន ៣៤០បន្ទាត់ ចារនៅក្នុងឆ្នាំ ១០៥២គស. ជាពីរភាសា គឺភាសាសំស្ក្រឹត និងភាសាខ្មែរ ដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នា អស់រយៈកាលជាង ២៥០ឆ្នាំ ពោលគឺចាប់ពីព្រះបាទជ័យវរ្ម័នទី២ រហូតដល់រាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២៕