ស៊ីហ្គេមនៅកម្ពុជា មានប្រតិភូកីឡាសរុបរហូតដល់ ១២,៤០៤នាក់ មកពី១១ប្រទេស បានចុះឈ្មោះចូលរួមប្រកួត

  • 2023-04-04 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចុះឈ្មោះប្រតិភូកីឡាទាំង១១ប្រទេស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ មានចំនួនសរុប ១២,៤០៤ នាក់ ក្នុងនោះប្រតិភូកីឡាម្ចាស់ផ្ទះ កម្ពុជាមានចំនួន ១១៥៨នាក់។

នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងឱកាសទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញរបាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃដំណើការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់ម្ចាស់ផ្ទះកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ថា ប្រភេទកីឡា ៣៧ ដែលមានវិញ្ញាសាប្រកួត ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ និងប្រភេទកីឡា ១៣ ដែលមានវិញ្ញាសាប្រកួត ៤៣១ ត្រូវបានអនុម័តដោយសហព័ន្ធកីឡាជនពិការអាស៊ាន។ រីឯទីលានប្រកួត និងកម្មវិធីប្រកួតក៏បានកំណត់រួចរាល់ ។

ប្រតិភូកីឡាទាំង១១ប្រទេស ដែលបានចុះឈ្មោះមានចំនួន ១២,៤០៤ នាក់ ក្នុងនោះ ១-ប្រតិភូកីឡាកម្ពុជា ចំនួន ១១៥៨ នាក់, ២-ប្រតិភូកីឡាប៊្រុយណេ ចំនួន ១១៣នាក់, ៣-ប្រតិភូកីឡាឥណ្ឌូនេស៊ី ចំនួន ១៨០២នាក់, ៤-ប្រតិភូកីឡាឡាវ ចំនួន ៦៥៦នាក់, ៥-ប្រតិភូកីឡាម៉ាឡេស៊ី ចំនួន ១៥៣២នាក់, ៦-ប្រតិភូកីឡាមីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់, ៧-ប្រតិភូកីឡាហ្វីលីពីន ចំនួន ១៣៤២នាក់, ៨-ប្រតិភូកីឡាសឹង្ហបូរី ចំនួន ១២២៨នាក់, ៩-ប្រតិភូកីឡាថៃ ចំនួន ១៩៨៥នាក់, ១០-ប្រតិភូកីឡាទីម័រខាងកើត ចំនួន ១៧១នាក់ និង១១-ប្រតិភូកីឡាវៀតណាម ចំនួន ១៦៦៣នាក់។

ចំពោះការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនតាមគម្រោងផែនការដែលបានគិតគូរៀបចំទុកជាមុន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានប្រជុំកំណត់រួចហើយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ដោយសម្រេចរៀបចំឱ្យប្រតិភូកីឡាប្រមាណជាង ៣៥០០ នាក់ ត្រូវស្នាក់នៅ-ហូបចុកក្នុងភូមិកីឡា។ រីឯប្រតិភូកីឡាជាង ២០០០នាក់ត្រូវបានរៀបចំរួចរាល់ឱ្យស្នាក់នៅ-ហូបចុកតាមសណ្ឋាគារមួយចំនួនកម្រិតចាប់ពីផ្កាយ ៤ឡើង ដែលនៅជិតទីតាំងប្រកួត។ ចំណែកឯប្រតិភូកីឡាប្រមាណជាង ២០០០ នាក់ទៀត ដែលត្រូវប្រកួតនៅតាមខេត្តទាំង៤ ក៏ត្រូវបានរៀបចំការស្នាក់នៅ-ហូបចុកតាមសណ្ឋាគារល្អៗ ដែលបានកំណត់យ៉ាងហ្មត់ចត់ និងរៀបចំរួចរាល់ផងដែរ៕

ប្រភព៖ CAMSOC

អត្ថបទពេញនិយម