ថ្ងៃនេះ ទូច ស៊ុននិច្ច បង្ហាញការនឹករលឹកអ្នកគាំទ្រ ស្រាប់តែមានសំណូមពរពីមហាជនមកជាមួយដែរ

  • 2023-06-09 02:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីល្បីឈ្មោះនាទសវត្ស៨០ និង៩០ ទូច ស៊ុននិច្ច បានបង្ហោះរូបថត និងផ្ញើពាក្យនឹករលឹកដល់អ្នកគាំទ្រគ្រប់គ្នាតាមបណ្ដាញសង្គមនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ អ្នកនាង​និយាយ​ថា​ ខានជួបគ្នាយូរ នាងពិតជានឹករលឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់។

រូបថតពីអតីតកាលដ៏ស្រស់ស្អាត ១សន្លឹក បង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនអមដោយពាក្យសួរសុខទុក្ខបងប្អូនខ្មែរនៅមុននេះបន្ដិច ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រ សំណូមពរឲ្យតារាចម្រៀងសំឡេងផ្អែមពីរោះរូបនេះ បង្ហាញរូបពិត និងសំឡេងពិតក្នុងពេលបច្ចុប្បន្ន ដើម្បីឲ្យពួកគេបានឃើញផង។

ជារឿយៗ អ្នកនាង ទូច ស៊ុននិច្ច បង្ហាញរូបថត ឬវីដេអូកាលពីអតីតកាលអមជាមួយសារខ្លីៗ ប៉ុន្ដែកម្រនឹងបង្ហាញមុខមាត់ ឬសំឡេងពិតក្នុងពេលបច្ចុប្បន្នណាស់។ បើទោះបីជាមានការសំណូមពរពីអ្នកគាំទ្រចង់ឃើញ និងចង់ឮសំឡេងពិត នាពេលបច្ចុប្បន្នជាច្រើននាក់ក៏ដោយ ក៏អ្នកនាងបានមិនឆ្លើយតប ឬសន្យារថានឹងចេញមុខឲ្យបងប្អូនបានឃើញនៅឡើយទេ តាមរយៈComment ឆ្លើយឆ្លងគ្នា បន្ទាប់ពីបញ្ចេញរូបថត និងសារមួយនេះ។

អ្នកនាង ទូច ស៊ុននិច្ច ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០៣ ដោយមិនដឹងពីមូលហេតុពិតប្រាកដ។ បន្ទាប់ពីជួបគ្រោះថ្នាក់នេះ អ្នកនាងត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេសជាបន្ដបន្ទាប់ រហូតដល់ចុងក្រោយគេទទួលដំណឹងថា អ្នកនាងនៅកំពុងរស់នៅ និងព្យាបាលរបួស នៅលើទឹកដីសហរដ្ឋអាមេរិក៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី