ខ្សែជីវិតសោកសៅរបស់ Coco Lee: ពីក្រោយស្នាមញញឹម គឺជាភាពឈឺចាប់ និងសម្ពាធជីវិត

  • 2023-07-07 03:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៥ ខែកក្កដា មហាជន​មាន​ការភ្ញាក់ផ្អើលជាពន់ពេក ក្រោយទទួលដំណឹងថា តារាចម្រៀង Pop ហុងកុង-អាមេរិក Coco Lee បាន​ទទួល​មរណភាព នៅអាយុ ៤៨ ឆ្នាំ ដោយការសម្លាប់ខ្លួនឯង។

កាលនៅមាន​ជីវិត Coco Lee មានឈ្មោះ​ជាតារា​ចម្រៀងអាស៊ី​ដែលមាន​ភាពល្បីល្បាញ​ខ្លាំង​នៅជុំវិញពិភពលោក និងក៏ត្រូវ​បានគេ​ទទួល​ស្គាល់​និងលើកតម្កើងខ្លាំង​ចំពោះសំឡេង ដ៏មាន​ថាមពល និង​រូបសម្រស់ដ៏ស្រស់ស្អាត។ ប៉ុន្តែជំងឺបាក់ទឹកចិត្ត ពិតជាព្រៃផ្សៃ ដោយបាន​ឆក់យកជីវិតរបស់ Coco ទៅឆ្ងាយគ្មានថ្ងៃត្រឡប់។

នៅពីក្រោយស្នាមញញឹម​ដ៏ស្រស់ស្អាត Coco Lee បាន​ប្រឈម​នឹង​បញ្ហាជាច្រើន ពិសេស​បញ្ហាសុខភាព។ មនុស្សជា​ច្រើននាក់មាន​ការសោកស្ដាយជា​ខ្លាំងនឹង​ការបាត់បង់នៅពេលនេះ។

ជីវិតអាពាហ៍ពិពាហ៍

ក្នុងឆ្នាំ ២០១១ Coco និងពាណិជ្ជករកាណាដា Bruce Rockowitz បានប្រារព្ធ "អាពាហ៍ពិពាហ៍ដ៏ធំប្រចាំសតវត្ស" ដោយចំណាយរហូតដល់ទៅ ១០ លានដុល្លារអាមេរិកឯណោះ។ ប្តី​របស់​នាង​មាន​អាយុ​ច្រើន​ជាង Coco Lee ដល់ទៅ ១៨​ឆ្នាំ។ លោកគឺជាបុរសពោះម៉ាយ ដែល​មាន​កូន ​២​នាក់ ហើយ។ ពិធីមង្គលការនេះ មានការចូលរួមពីសំណាក់ តារាល្បីៗដូចជា Alicia Keys, Bruno Mars, Zhang Ziyi, Jackie Chan ជាដើម។

Coco Lee បាននិយាយថា នាងមានភាពស្និទ្ធស្នាលនឹងកូនចុងខ្លាំងណាស់ ហើយកូនស្រីទាំងពីររបស់នាងក៏ស្រលាញ់ម្តាយចុងដែរ។ ប៉ុន្តែសោកនាដកម្មនៃជីវិតរបស់តារាចម្រៀងរូបនេះបានលាតត្រដាងនៅពេលដែលនាងព្យាយាមមានកូនបង្កើតជាមួយប្តីរបស់នាង។ ក្នុងអំឡុងពេល ១២ ឆ្នាំនៃអាពាហ៍ពិពាហ៍ Coco Lee បានព្យាយាមយកកូន ដោយបច្ចេកទេសពេទ្យដល់ទៅ ៩ ដងឯណោះ ប៉ុន្តែមិនបានសម្រេច។ ប៉ុន្តែ Bruce Rockowitz ដែលជាស្វាមី ក៏ចាប់ផ្ដើមបង្កើត​ទំនាក់ទំនង​ស្នេហាក្រៅផ្ទះ ហើយ​តែង​បន្ទោស​ប្រពន្ធ​រហូត។ កូនចុងទាំង ២ នាក់ក៏ព្រងើយកន្តើយបន្តិចម្តងៗ Coco Lee កាន់តែចម្លែកចិត្ត ជាហេតុធ្វើឱ្យនាងកាន់តែវេទនាផ្លូវចិត្ត រហូតដល់ពេលមួយ នាងស្រកទម្ងន់នៅសល់ ៤២ គីឡូ

នៅដើមឆ្នាំ ២០២៣ តារាស្រីរូបនេះ បានប្រកាសចែកផ្លូវពីស្វាមី។ អាពាហ៍ពិពាហ៍​បាន​បន្សល់​ទុក​នូវ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត និង​ផ្លូវកាយ​ជាច្រើន​សម្រាប់ Coco Lee។ នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២២ Coco Lee បានសរសេរនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់នាងថា "ឆ្នាំនេះពិតជាពិបាកសម្រាប់ខ្ញុំណាស់"។

បញ្ហាសុខភាព

សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ Coco Lee បានធ្លាក់ចុះជាលំដាប់នៅប៉ុន្មានឆ្នាំមកនេះ។ នាង​លែង​ជា​តារា​ចម្រៀងសិចស៊ី និងលែង​មាន​ទំនុក​ចិត្តលើខ្លួនឯង ហើយរាងកាយក៏ប្រែជា​ស្គម​បន្តិច​ម្ដងៗ។ តារា​ចម្រៀង​រូប​នេះ​ក៏​ត្រូវ​ធ្វើ​ការ​វះ​កាត់​ខ្នង និង​ជើង​ផង​ដែរ។

គេដឹងថា ជើងឆ្វេងរបស់ Coco Lee កើតមកមានពិការភាពពីកំណើត បានធ្វើការវះកាត់តាំងពីអាយុ ២ឆ្នាំ ប៉ុន្តែនៅតែមិនជាសះស្បើយ ធ្វើឱ្យនាងឈឺចាប់ពេលដើរ។ ទោះជួបឧបសគ្គយ៉ាងណា Coco Lee នៅតែស្រឡាញ់ការច្រៀង និងរាំនៅលើឆាក។ ដោយសារអាយុកាន់តែចាស់ ជើងឆ្វេងរបស់នាងកាន់តែខ្សោយទៅៗ ហើយត្រូវបង្ខំចិត្តធ្វើការវះកាត់កាលពីខែកុម្ភៈកន្លងទៅនេះ។ ដោយមិនអាចលាក់ការថប់បារម្ភរបស់នាងបាន Mariah Carey អាស៊ីរូបនេះបានបង្ហោះលើវិបសាយផ្ទាល់ខ្លួនថា៖ "ខ្ញុំខ្លាចថាបន្ទាប់ពីការវះកាត់ខ្ញុំនឹងមិនអាចរាំដូចពីមុន"។ ប៉ុន្តែក្រោយមក នាងបានលើកទឹកចិត្តខ្លួនឯងដោយសុទិដ្ឋិនិយម ដើម្បីយកឈ្នះលើជំងឺនេះ ហើយក្នុងពេលជាមួយគ្នានោះ នាងបានព្យាយាមរៀនដើរដោយទប់ជាមួយនឹងឈើច្រត់។

នៅពេលនោះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្ត Coco Lee ឱ្យសម្រាក និងរង់ចាំការត្រឡប់មកវិញរបស់នាង។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៣០ របស់ Coco Lee ដែលប្រឡូកចូលពិភពសិល្បៈ។

កាលពីថ្ងៃទី ០២ ខែកក្កដា នាងបានផ្ញើសារជាសំឡេងអរគុណអ្នកគាំទ្រ និងជូនពរឱ្យពួកគេមានសុខភាពល្អ។ ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថា ក៏ជាថ្ងៃដែលតារាចម្រៀងស្រីរូបនេះ ផ្ដាច់ជីវិតខ្លួនឯង ដោយសារសម្ពាធផ្លូវចិត្ត បន្សល់ទុកនូវការបាត់បង់យ៉ាងធំធេងក្នុងដួងចិត្តសាច់ញាតិ និងអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក៕

ប្រភព៖ Kenh14  

អត្ថបទថ្មី