Arsenal នឹង​ទិញ​ចូល​បន្ថែម​អ្នក​ចាំ​ទី​ថ្មី

  • 2023-08-09 12:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ជិត​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ផ្ទេរ​ចូល​អ្នក​ចាំ​ទី David Raya ពី​ក្លឹប Brentford។ នេះ​បើ​ការ​លើក​ឡើង​របស់ Fabrizio Romano។

យោង​តាម​ប្រភព​ដដែល ទាំង​ភាគី​ក្លឹប Arsenal និង​ក្លឹប Brentford បាន​ឯកភាព​គ្នា​ហើយ​រឿង​ទិញ-លក់​កីឡាករ​អេស្ប៉ាញ​វ័យ ២៧ ឆ្នាំ ហើយ​ខាង​កីឡាករ​ក៏​ចង់​ចូល​រួម​ជាមួយ​កាំភ្លើង​ធំ​ដែរ។ សារព័ត៌មាន Guardian បាន​បញ្ជាក់​ថា ការ​ផ្ទេរ​កីឡាករ​អ្នក​ចាំ​ទី​រូប​នេះ គឺ​មាន​តម្លៃ​ប្រមាណ ៣០ លាន​ផោន។

កីឡាករ​នឹង​ចុះ​កុងត្រា​រយៈ​ពេល​វែង គឺ​រហូត​ដល់​ឆ្នាំ ២០២៨។ នៅ​សល់​តែ​បញ្ហា​លម្អិត​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ និង​កំពុង​ចរចា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ការ​ប្រកាស​ជា​ផ្លូវ​ការ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ឆាប់ៗ។

បើ​ការ​វិភាគ​របស់ Guardian ការ​ផ្ទេរ​ចូល​អ្នក​ចាំ​ទី​ក្នុង​តម្លៃ​ថ្លៃ​នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់ Arsenal ក្នុង​ការ​ត្រៀម​សម្រាប់​ការ​ប្រកួត​ជា​ច្រើន​ដែល​ក្លឹប​ត្រូវ​លេង​នៅ​រដូវ​កាល​ ២០២៣/២០២៤ ដែល​នឹង​ចាប់​ផ្ដើម​នា​ពេល​ខាង​មុខ​នេះ ព្រោះ​ថា Raya គឺ​ជា​អ្នក​ចាំ​ទី​ល្អ ហើយ​ពូកែ​បញ្ជូន​បាល់​ទៀត​ផង ដែល​ចូល​រួម​ជួយ​បង្កើន​គុណភាព​បន្ថែម​ទៀត​ឲ្យ​ក្រុម។ ណា​មួយ​ គឺ​ក្លឹប​អាច​ចង់​ផ្ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​អ្នក​ចាំ​ទី ដៃ​ទី​មួយ​បច្ចុប្បន្ន Aaron Ramsdale ឬ​ក៏​ត្រៀម​បម្រុង​សម្រាប់​ករណី​ដែល Ramsdale មាន​របួស៕

ប្រភព៖ theguardian   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី