ភ្នំសំពៅ នឹងមានកន្លែងអង្គុយមើលថ្ងៃលិច បោះតង់ សួនច្បារ និងហាងកាហ្វេ
- 2023-08-17 08:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំសំពៅ នឹងមានកន្លែងអង្គុយមើលថ្ងៃលិច បោះតង់ សួនច្បារ និងហាងកាហ្វេ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្រ្តគំរូដ៏ទាក់ទាញមួយរបស់ខេត្ត។
យោងតាមផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ចេញផ្សាយដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញឱ្យដឹងថា រមណីយដ្ឋាននេះ មានទំហំ ៥០ហិកតា កម្ពស់ ១០០ម៉ែត្រ និងមានកាំជណ្តើរ ១០៣០កាំ។ រមណីយដ្ឋាននេះ មានសក្តានុពលដូចជា ភ្នំដែលមានព្រៃព្រឹក្សាខៀវស្រងាត់ ភ្នំប្រវត្តិសាស្រ្ត វាលស្រែ កសិ-ទេសចរណ៍ ល្អាងភ្នំ ចម្លាក់ព្រះពុទ្ធ និងទីសក្ការបូជា។
សម្រាប់ទិសដៅអភិវឌ្ឍនាពេលអនាគត រមណីយដ្ឋានភ្នំសំពៅនឹងត្រូវរៀបចំបន្ថែមដូចជា៖
-របារផ្លូវឡើងភ្នំ
-កន្លែងអង្គុយមើលថ្ងៃលិចលើកំពូលភ្នំ (រានហាល និងបង្កាន់ដៃ)
-ល្អាងសំខាន់ៗលើភ្នំ (ព័ត៌មាន រៀបចំភ្លើង LED ចម្រុះពណ៌)
-រៀបចំសួនច្បារ ហាងកាហ្វេ និងទីតាំងសម្រាករយៈពេលខ្លី
-បង្កើតកញ្ចប់ទស្សនកិច្ច សេវាកម្មទេសចរណ៍ និងទីតាំងសម្រាប់បោះតង់។
សូមជម្រាបថា ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្តដែលជាសេនាធិការបានរៀបចំ “ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ” ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖
(១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ
(២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ
(៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ
(៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា
(៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ
(៦) បង្គន់អនាម័យសាធារណៈ
(៧) ទីតាំងបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ
(៨) ទីតាំងទស្សនាប្រជៀវ
(៩) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់
(១០) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ
និង(១១) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ៕