តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ចាម! ចង់លេងទឹកក៏បាន ឡើងភ្នំក៏បាន ទស្សនាប្រាសាទក៏បាន
- 2023-09-26 09:13:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ចាម! ចង់លេងទឹកក៏បាន ឡើងភ្នំក៏បាន ទស្សនាប្រាសាទក៏បាន
ចន្លោះមិនឃើញ
ខេត្តកំពង់ចាមមានចម្ងាយត្រឹមតែ ១២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ។ ខេត្តនេះ ក៏សម្បូរទៅដោយតំបន់ទេសចរណ៍ល្បីៗផងដែរ គឺអ្នកទេសចរមានជម្រើសច្រើន មិនថាចង់លេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះ ហើយជាពិសេសនោះទីកន្លែងកម្សាន្តទាំងនោះ ក៏នៅមិនឆ្ងាយពីគ្នា និងខ្លះស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា ពោលគឺអាចទៅលេងបានពីរបីកន្លែង រយៈពេលតែ១ថ្ងៃ។
តោះមកស្គាល់តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តកំពង់ចាមដូចខាងក្រោមនេះ៖
-ឆ្នេរខ្សាច់កោះប៉ែន: ស្ថិតនៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ដោយអាចបើកបររថយន្តឆ្លងកាត់ស្ពានបេតុងតែម្តង។ ភាពទាក់ទាញនៃរមណីយដ្ឋាននេះ មានដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។
-ក្បាលហុងទឹកឆា: ស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរ។ ក្បាលហុងទឹកឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានក្បាលហុងទឹកឆាដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។
-ថ្មដាទឹកឆា គាត ខេង ឬ កសិទេសចរណ៍ គាត ខេង: ស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ។ រមណីយដ្ឋាននេះជាប្រភេទទេសចរណ៍កែច្នៃ ដែលមានការកម្សាន្តដូចជា ហែលទឹក ឬលេងទឹក, មើលសត្វចម្រុះ និងមានកន្លែងញុំាអាហារជាដើម។
-ភ្នំប្រុសភ្នំស្រី: រមណីយដ្ឋានទាំងពីរគឺស្ថិតនៅជាប់ជាមួយគ្នាតែម្តង តាមបណ្តោយផ្លូវជាតិលេខ៧ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកទេសចរអាចទស្សនាទេសភាពព្រៃភ្នំ មានវត្ត និងការស្វែងយល់ពីប្រវត្តិសាស្រ្តឬរឿងនិទានដែលទាក់ទងនឹងភ្នំទាំងពីរនេះ។
-ភ្នំហាន់ជ័យ: ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ នៅលើភ្នំនេះ មានព្រះវិហារ និងប្រាសាទគុកខាងត្បូង ដែលបានស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ៧ម៉ែត្របួនជ្រុង និងកម្ពស់១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧។ ភ្ញៀវទេសចរ ក៏អាចគយគន់ទន្លេមេគង្គដ៏វែងអន្លាយដាច់កន្ទុយភ្នែកយ៉ាងស្រស់ស្អាតផងដែរ។
-ប្រាសាទព្រះធាតុទឹកឆា: មានទីតាំងស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ។ ប្រាសាទនេះ ជារមណីយដ្ឋានបែបប្រវត្តិសាស្រ្ត និងវប្បធម៌ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាគយគន់។ លក្ខណៈពិសេសរបស់ប្រាសាទគឺមានក្បូរក្បាច់រចនានិងមានដើមឈើដុះជាច្រើនដុះព័ទ្ធជុំវិញមើលទៅគួរឱ្យចង់គយគន់ណាស់។ ប្រាសាទព្រះធាតុទឹកឆា កសាងឡើងក្នុងគ.ស ១០០៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។
-ប្រាសាទនគរបាជ័យ: ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម។ ប្រាសាទនេះ កសាងឡើងនាចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះ មានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ជាន់។ ដើម្បីចូលទៅកាន់ប្រាង្គកណ្ដាល ភ្ញៀវទេសចរអាចចូលតាមច្រកខាងកើត ដោយឆ្លងកាត់គោបរៈនៃកំពែងទី៤៕