តើ «តាកឹង» ក្នុងឃ្លាពាក្យសូត្រ ពេលបោះបាយបិណ្ឌក្នុងរដូវភ្ជុំ ជានរណា?

  • 2023-10-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីដែលពុទ្ធបរិស័ទម្នីម្នាទៅវត្ត ដើម្បីឧទ្ទិសជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន និងមានទំនាក់ទំនងពីមុនមកជាមួយនឹងសាមីខ្លួនដែលនៅរស់។ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ។

ដោយឡែកពិធីបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវ​បាន​គេហៅថាជា «ពិធីសែនដូនតា» មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលបាន​ចារ លើសិលាចារឹក កាលពីចុងសតវត្សទី ដែលរកឃើញនៅថ្នល់បារាយ បង្ហាញពីការ «ចាប់បាយបិណ្ឌ» ពោលគឺពូតបាយជាពំនូតបិណ្ឌ សម្រាប់យកទៅបោះឲ្យប្រេតដែលពូនជាដុំ ហើយបានផ្ដាំឲ្យតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា

ដូចពាក្យសូត្រដែល​បាន​ចារមកថា៖

ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស

ព្រះពុទ្ធ​បាន​ត្រាស់ ពោធិសត្វផង

ផ្ដាំទៅតាកឹង ឲ្យចាប់ឆ្កែចង

សុំផ្លូវទៅផង យកបាយទៅជូនដូចតា។

ដ្បិតពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសព្វថ្ងៃប្រារព្ធធ្វើឡើង​ក្នុងក្របខណ្ឌព្រះពុទ្ធសាសនា ប៉ុន្តែផ្អែកតាមការស្រាវជ្រាវរបស់ នរវិទូ អាំង ជូលាន និង ស៊ីយ៉ុន សុភារិទ្ធ បាន​ឲ្យដឹង​ថា​កាលពីបុរាណកាលមក ពិធីបុណ្យនេះ គឺជាកិច្ចពិធីព្រហ្មញ្ញសាសនាទេ។ នៅក្នុងពាក្យសូត្រ ស្របពេលព្រះពុទ្ធ ព្រះពោធិសត្វ មធុបាយាស មាន​មនុស្សជា​ច្រើន​ស្គាល់ច្បាស់ហើយ ចុះតើតួអង្គតាកឹង ដែលមានក្នុងឃ្លានោះជានរណា?

ស្ថិតក្នុង​ព្រហ្មញ្ញសាសនា កិង្ករ សម្ដៅទៅលើក្រុមយម្ភូបាលដែល​មានមាន​មុខមាត់គួរឲ្យខ្លាច ហើយអកប្បកិរិយាកាចសាហាវ វាយដំ និងធ្វើទារុណកម្មគ្រប់បែបយ៉ាងដល់អ្នកដែល​ធ្លាក់ទៅនរកនានា។ ក្នុងសៀវភៅដែលចងក្រងដោយនរវិទូទាំងពីរបាន​បង្ហាញ​ទៀតថា កិង្ករនេះជាក្រុមសេនា ឬបាវបម្រើរបស់ព្រះយមរាជ។

សិលាចារឹកនៅកម្ពុជាសម័យបុរាណ មាន​និយាយពីពួកនេះ​តាំងពីសតវត្សទី មកម្ល៉េះ។ ពាក្យសំស្ក្រឹត «កិង្ករ» ដែលខ្មែរសព្វថ្ងៃអាន​ថា «កឹង» នេះ ជា​ការអាន​ក្លាយ ទៅតាម​បែប​បទស័ព្ទជាធម្មតា។ មិនត្រឹម​តែមាន​និយាយក្នុង​សិលាចារឹកទេ ពួក «កិង្ករ» ក៏មាន​នៅក្នុងសិលាចារឹកផងដែរ។ នៅក្នុងរូបភាព​ខ្លះ ពួកនេះ​បណ្ដើរ ហើយវាយដំសត្វនរក បើនៅរូបខ្លះវិញ មិនឃើញវាយដំ​ច្រំធាក់ទេ តែគេបង្ហាញ​ឲ្យឃើញក្នុង​ទិដ្ឋភាព​មួយគួរឲ្យខ្លាច។

ត្រង់ចំណុចមួយទៀតដែលគ្រប់គ្នា​ពុំគួរ​រំលងនោះ ត្រង់អ្នកសូត្រម្នាក់ៗ «សុំឲ្យតាកឹង ចាប់ឆ្កែចង» កុំឲ្យយាយីនៅពេលដែលគេយកបាយទៅឥឲ្យដូនតា។ នេះគឺជាការយល់ក្លាយនៅពេលក្រោយមក​ប៉ុណ្ណោះ ដោយសារ​នៅក្នុងព្រហ្មញ្ញសាសនា គឺព្រះយមរាជអង្គឯងដែល​មាន​ឆ្កែកាច ហើយឆ្កែនោះ មាន​ដល់ទៅពីរ ដោយមួយៗមានភ្នែកដល់ទៅបួនផង។ ដូច្នេះ​នេះ​ គ្រាន់តែជា​ការក្លាយពីព្រះយមរាជមានឆ្កែទៅបាវបម្រើ​ព្រះមយមរាជមាន​ឆ្កែតែប៉ុណ្ណោះ។

បកត្រឡប់មកវិញ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង៕

អត្ថបទ៖ ធារី