ធ្លាប់ឆ្ងល់ទេ តើមានមូលហេតុអ្វីដែលនាំឱ្យមានខ្ទមអ្នកតា?
- 2023-10-04 04:29:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់ទេ តើមានមូលហេតុអ្វីដែលនាំឱ្យមានខ្ទមអ្នកតា?
ចន្លោះមិនឃើញ
នៅក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា ជាសកលភាវូបនីយកម្មពិភពលោកដែរក្នុងនោះយើងសង្កេតឃើញថា មានឥទ្ធិពលយ៉ាងច្រើនទាំងបច្ចេកទេស ទាំងវប្បធម៌ បានជ្រាបចូលប្រទេសមួយទៅប្រទេសមួយផ្សេងទៀត។
ទន្ទឹមនឹងមានបច្ចេកវិទ្យាថ្មីកើតឡើងច្រើនក៏ដោយ ក៏យើងសង្កេតឃើញថា ប្រជាជននៅតាមប្រទេសជាច្រើន នៅមិនទាន់បោះបង់ចោលនូវទស្សនះជំនឿពីអតីតកាលរបស់ខ្លួននោះនៅឡើយទេ គឺពួកគេនៅតែបន្តគោរពជំនឿនេះ តាំងពីដូនតារហូតមកដល់ពេលឥឡូវ។
ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសខាងលើនេះដែរ។ ប្រជាជនភាគច្រើនប្រទេសនេះ នៅតែរក្សាអបិយជំនឿមួយដែលយើងហៅថា ជំនឿអ្នកតា នៅស្ទើរតែគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេស។ ទោះបីជាប្រទេសនេះបានផ្លាស់ប្ដូរមកកាន់ពុទ្ធសាសនាហើយក្ដី ក៏ជំនឿលើអ្នកតា នៅតែបន្តមានដដែរ។
អ្នកតាមិនត្រឹមតែឃើញមាននៅតាមផ្លូវតាមភូមិ តាមផ្ទះប៉ុណ្ណោះទេ តែលើសពីនេះទៀត ជាពិសេស យើងឃើញ មានការសាងសងខ្ទមអ្នកតានៅតាមវត្តអារាមពុទ្ធសាសនា បែបថេរចាទទៀតផង។
អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជំពូកមនុស្សជាវីរបុរស(អ្នកខ្លាំងពូកែ)ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួកបុព្វបុរសមានជីតាជាដើម(ពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា” ក្លាយចេញមកពីពាក្យថា “ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ “អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យនៅស្ថានមនុស្សលោកនេះ។
អ្នកតាមានពីរប្រទេស ១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែកនៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ នៅក្រុងភ្នំពេញមានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។ ២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើននៅពាសពេញតាមភូមិ, ស្រុក, ខេត្តដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញទៅក្រុងព្រះសីហនុ) ជាដើម ។ អាស្រ័យដោយមានអ្នកតាជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមានរៀបរាប់ចាប់តាំងពីដើមកំណើតដំបូងរបស់អ្នកតានីមួយៗ ។ ចំពោះរូបតំណាងអ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេ គឺគេគ្រាន់តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀតមានរូបតំណាងជាដុំថ្មតែប៉ុណ្ណោះ។ ចំពោះការគោរពបូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។
ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច, អារក្ស, បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកបដោយសេចក្តីតក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។
ទោះជាយ៉ាងនោះក្តី ជំនឿលើអ្នកតានៅតែស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែនអ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតា៕
អត្ថបទដកស្រង់ និងរៀបរៀងដោយ កេសរ