បុណ្យភ្ជុំបិណ្ឌ ប្រារព្ធ​ឡើង​ក្នុងគោលបំណង​សំខាន់ៗ៣

  • 2023-10-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរ​តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១ រោច ដល់ ១៥រោច ខែភទ្របទ។ រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។

បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖

១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។

គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ។

ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ គណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា៕

ប្រភព