ក្នុងកម្មវិធី «ទស្សនា​សៀមរាបឆ្នាំ​២០២៤» មាន​៨ចំណុច​ដែល​ត្រូវអនុវត្ត

  • 2023-11-14 09:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​កម្មវិធី «ទស្សនាសៀមរាបឆ្នាំ​២០២៤» ដើម្បី​ជំរុញ​ឱ្យ​វិស័យទេសចរណ៍​នៅក្នុងខេត្ត​សៀមរាប មាន​សន្ទុះងើបឡើងវិញ​តាមរយៈ​ការដាក់ចេញ​នូវវិធានការ​ចំនួន៨ចំនុចរួមមាន៖

១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពី​ស្ថាប័នរដ្ឋ និងឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម រៀបចំដាក់ចេញផែនការ ឬយុទ្ធសាស្រ្ត​អភិវឌ្ឍវិស័យទេសចរណ៍។

២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ឱ្យរួចរាល់​នៅមុនដំណាច់ឆ្នាំ​២០២៣ ដូចជា​ការផ្សព្វផ្សាយ ការតភ្ជាប់ជើងហោះហើរ ការផ្តល់សេវានៅពេលមកដល់ ស្នាក់នៅ និងត្រឡប់ទៅវិញ ហេដ្ឋារចនាសម្ព័ន្ធ និង​តម្លៃសំបុត្រ។

៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន រួមមាន ១. ការបំពេញបែបបទ កែពី ៣ទម្រង់ មក ១ទម្រង់, ២. រៀបចំ​ជាប្រព័ន្ធ Hotline ទទួលពាក្យបណ្តឹង, ៣. បង្កើត​ប្រព័ន្ធតាមដានត្រួតពិនិត្យ​ ដោយបំពាក់​ប្រព័ន្ធកាមេរ៉ា។

៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន ដោយរាជរដ្ឋាភិបាល​នឹងទទួលយកសំណើនេះ ដើម្បីដោះស្រាយ ដើម្បី​អនុញ្ញាត​ឱ្យភ្ញៀវ​មានលទ្ធភាព​ធ្វើដំណើរកម្សាន្ត​ឆ្លងពីព្រំប្រទល់ មកដល់ខេត្តសៀមរាប​តែម្តង។

៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ក្នុងនោះ៖

  • អនុញ្ញាត​ឱ្យគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ រៀបចំ​ឥណទានឡើងវិញ

  • ធនាគារ​សហគ្រាសធុនតូច និងមធ្យម​កម្ពុជា នឹងរៀបចំ​ជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់​ ជាមួយនឹង​ទឹកប្រាក់បឋម​ចំនួន​៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ។

៦. ការលើកទឹកចិត្តផ្នែកពន្ធដារ ដូចជា​

  • ការលើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ លើកលែង​តែអាករ​លើតម្លៃបន្ថែម និងអាករ​លើការស្នាក់នៅ។

  • លើកលែងពន្ធ​លើប្រាក់ចំណូល​សម្រាប់ឆ្នាំ​២០២៣

  • លើកលែងបំណុលពន្ធ​ទាំងអស់ ដែលមាន​ការិយ​បរិច្ឆេទ​មុនឆ្នាំ​២០២៣

  • មិនចុះធ្វើសវនកម្ម ក្នុងការិយបរិច្ឆេទ ឆ្នាំ​២០២០ ដល់ ២០២៣។

៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍។

៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប ដូចជា ភូកេត-សៀមរាប, បាលី-សៀមរាប, ដាណាំង-សៀមរាប ឬសេប៊ូ-សៀមរាប៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី