ខឿនជណ្តើរ និងបង្កាន់ដៃនាគ​ប្រាសាទអង្គរវត្ត ត្រូវការជួសជុល​៣ដំណាក់កាល ទើបរួចរាល់

  • 2023-11-20 03:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។

លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺ៖

  • ដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។

  • ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។

  • ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។

លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា