កុំច្រលំណា! ភ្នំវែងជាងគេ​ មិនមែន​ជាភ្នំអេវើរេសទេ

  • 2023-12-05 04:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកអ្នកប្រហែល​ជាបានដឹងហើយថា ភ្នំដែល​ខ្ពស់​ជាងគេ​ក្នុងពិភពលោក គឺ​ភ្នំអេវើរេស ប៉ុន្តែ​ភ្នំដែលវែងជាងគេបំផុតក្នុងពិភពលោក គឺភ្នំ Andes ស្ថិតនៅទ្វីបអាមេរិកខាងត្បូង។ ភ្នំនេះ​មានប្រវែងសរុបប្រហែល ៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។ ចំណុច​ខ្ពស់​បំផុតនៃជួរ​ភ្នំនេះ គឺចំណុច Aconcagua ដែល​ស្ថិតនៅតាមបណ្តោយព្រំដែន​ប្រទេសអាហ្សង់ទីន និងស៊ីលី មានកម្ពស់ជិត ៧ពាន់ម៉ែត្រ។

ភ្នំវែងជាងគេលំដាប់ទី២ គឺ ភ្នំ Southern Great Escarment ស្ថិតនៅទ្វីបអាហ្វ្រិក មានប្រវែងសរុបប្រហែល ៥ពាន់គីឡូម៉ែត្រ លាតសន្ធឹង ៦ប្រទេសរួមមាន៖ ហ្សឹមបាវេ, អាហ្វ្រិកខាងត្បូង, អ៊ីស្វាទីនី (ស្វាស៊ីឡង់), លីសូតូ, ណាមីប៊ី និងអង់ហ្គោឡា។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំនេះ គឺ Thabana Ntlenyana ដែលមានកម្ពស់ ៣៤៨២ម៉ែត្រ។

ទី៣ គឺជាភ្នំ Rocky ស្ថិតនៅទ្វីបអាមេរិកខាងជើង មានប្រវែងសរុបប្រហែល ៤៨០០គីឡូម៉ែត្រ លាតសន្ធឹងពីប្រទេសកាណាដា ដល់​សហរដ្ឋអាមេរិក។ ចំណុចខ្ពស់​ជាងគេនៃជួរភ្នំនេះ គឺភ្នំ Elbert ដែលមានកម្ពស់ ៤៤០១ម៉ែត្រ។

ទី៤ គឺ​ជាភ្នំ Transantarctic ស្ថិតនៅទ្វីបអង់តាកទិក មាន​ប្រវែងសរុបប្រហែល ៣៥៤២គីឡូម៉ែត្រ។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំនេះ គឺភ្នំ Kirkpatrick ដែលមានកម្ពស់​ ៤៥២៨ម៉ែត្រ។

ទី៥ គឺជាភ្នំ Great Dividing ស្ថិតនៅប្រទេសអូស្ត្រាលី មានប្រវែងសរុប ប្រមាណ ៣០៥៩គីឡូម៉ែត្រ។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំនេះ គឺភ្នំ Kosciuszko ដែលមានកម្ពស់ ២២២៨ម៉ែត្រ។

ទី៦ គឺជាភ្នំហិម៉ាល័យ (Himalayas) ស្ថិតនៅទ្វីបអាស៊ី មានប្រវែងសរុប ២៥៧៦គីឡូម៉ែត្រ លាតសន្ធឹង ៧ប្រទេស រួមមាន ឥណ្ឌា, ប៉ាគីស្ថាន, ចិន, ប៊ូតាន់, នេប៉ាល់, អាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំនេះ គឺ ភ្នំអេវើរេស (Everest) ដែល​មានកម្ពស់ ៨៨៤៨ម៉ែត្រ ហើយនេះក៏ជាភ្នំខ្ពស់​ជាងគេ​ក្នុងលោកផងដែរ។

ទី៧ គឺជាភ្នំ Ural ស្ថិតនៅអឺរ៉ុប និងអាស៊ី មានប្រវែងសរុប ២៥០០គីឡូម៉ែត្រ លាតសន្ធឹងពីប្រទេសរុស្ស៊ី ដល់កាហ្សាក់ស្ថាន។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំនេះ គឺភ្នំ Narodnaya ដែលមានកម្ពស់ ១៨៩៥ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម