សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់រុនតាឯក នឹងត្រូវរៀបចំឱ្យក្លាយទៅទីក្រុងតែម្តង
- 2023-12-08 07:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់រុនតាឯក នឹងត្រូវរៀបចំឱ្យក្លាយទៅទីក្រុងតែម្តង
ចន្លោះមិនឃើញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា តំបន់អភិវឌ្ឍន៍រុនតាឯក នឹងត្រូវរៀបចំឱ្យក្លាយទៅជាទីក្រុងមួយតែម្តង នៅក្នុងខេត្តសៀមរាប។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា តំបន់រុនតាឯក ពីមុនគឺជាទីវាលសុទ្ធ និងមានគ្រាប់មីន ប៉ុន្តែកំពុងត្រូវបានអភិវឌ្ឍដែលមានផ្លូវបេតុង ទឹកស្អាត និងអគ្គិសនី ហើយប្រជាពលរដ្ឋថែមទាំងទទួលបានកម្មសិទ្ធិស្របច្បាប់ ព្រមទាំងមានសាលារៀន វត្ត និងមន្ទីរពេទ្យទៀតផង ដោយនៅពេលខាងមុខនេះ នឹងត្រូវរៀបចំជាក្រុងរុនតាឯកតែម្តង។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពេលដែលខ្ញុំឃើញប្លង់ដំបូង តាំងពីមុនឈូសដី ខ្ញុំថាចុមប្លង់នេះ នៅស្រុកគេទាល់តែលំដាប់រីសតផ្កាយ៥ គឺការរៀបចំនៅក្រុងនេះស្អាត ហើយមានលំដាប់លំដោយ ហើយជាក្រុងគំរូតែម្តង។ ក្រុងថ្មីតែរៀបចំតាមស្តង់ដាធំ។ មិញខ្ញុំហោះពីលើមក គឺស្របទៅតាមប្លង់មេ។ ឥឡូវយើងឃើញដីចេញផ្ទះមួយចំនួន តិចទៀតមានដើមឈើ...។ ខ្ញុំគិតថា កន្លែងនេះជាក្រុងកើតក្រោយគេនៅសៀមរាប ប៉ុន្តែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ មិនយឺតជាងគេទេ។»
បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ឱ្យដឹងថា វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក បាន និងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។
ជាមួយគ្នានេះ បាននិងកំពុងបន្តអនុវត្តតាមផែនការ នូវការងារចម្បងៗមួយចំនួនទៀតជាអាទិ៍ សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី ៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥,៧៣%៕