ប្រាសាទ​ជម​ដែល​រងការខូចខាត កំពុងរៀបចំ​ផ្គុំឡើងវិញ​តាមរយៈ​បច្ចេកទេស Anastylosis ​របស់កូរ៉េ

  • 2024-01-11 07:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។ ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ។

លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានាត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។

ស្ថាបត្យកររូបនេះបញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ផ្នែកខាងលើបានរកឃើញប្រមាណ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាតដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាកក្នុងការផ្គុំឡើងវិញ ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។

ស្ថានភាពរបស់ប្រាសាទជម ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់ដីគ្រឹះ ធ្វើឱ្យទឹកភ្លៀងហូរចូល នាំឱ្យដីគ្រឹះចុះខ្សោយនិងធ្វើឱ្យស្រុតចុះ ថែមទាំងទ្រេតចំនួន៦ដឺក្រេ។ ក្រុមការងាររំពឹងថាគម្រោងជួសជុលប្រាសាទជម អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភពអាជ្ញាធរជាតិអប្សរា