ចេញមួយបានពីរ! ក្រុមតេក្វាន់ដូ ITF សម្ដែងក្នុងកម្មវិធីមហោស្រពសត្វស្លាបបង្កប់គោលបំណងបែបនេះ
- 2024-01-17 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមួយបានពីរ! ក្រុមតេក្វាន់ដូ ITF សម្ដែងក្នុងកម្មវិធីមហោស្រពសត្វស្លាបបង្កប់គោលបំណងបែបនេះ
ចន្លោះមិនឃើញ
ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា ការចូលរួមក្នុងកម្មវិធីមហោស្រពសត្វស្លាបលើកទី២ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង) គោលបំណងទី១ ផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋគាំពារសត្វស្លាប ទី២ ពង្រីកការផ្សព្វផ្សាយសក្ដានុពលក្បាច់គុនដល់មហាជនបានដឹង និងស្គាល់ពីកីឡាមួយនេះ។
លោក ប៉ាល់ ជីវ័ន ដែលជាកីឡាករឆ្នើម និងជាគ្រូបង្វឹកផងនោះបានឲ្យដឹងថា គោលបំណងសំខាន់ដែលសហព័ន្ធតេក្វាន់ដូ ITF បានចូលរួមកម្មវិធីមហោស្រពសត្វស្លាប និងធម្មជាតិ ឆ្នាំ២០២៤ នេះគឺចូលរួមផ្សព្វផ្សាយ និងអភិរក្សការពារសត្វស្លាប សត្វព្រៃនៅកម្ពុជា។ បន្ថែមពីនេះទៅទៀតគឺជំរុញដល់មហាជនឲ្យឈប់បរិភោគសត្វព្រៃ ឬឈប់យល់ច្រឡំថាការបរិភោគសត្វព្រៃធ្វើជាឱសថ ឈប់បរិភោគសត្វព្រៃដើម្បីបានសុខភាពល្អទៀតទៅ។
បុគ្គលឆ្នើមរបស់កីឡាតេក្វាន់ដូ ITF រូបនេះបន្ថែមទៀតថា គោលបំណងសំខាន់មួយទៀតគឺបានពង្រីកការផ្សព្វផ្សាយដល់មហាជនពិសេសៗនិស្សិតនៅភូមិន្ទកសិកម្មចំការដូងនេះឲ្យបានទស្សនាកម្សាន្ត បានស្គាល់ពីក្បាច់គុនមួយនេះ និងសក្ដានុពលផងដែរ។ សកម្មភាពទាំងនេះគឺជាអ្វីដែលឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធបានដាក់មកគឺជំរុញការផ្សព្វផ្សាយឲ្យបានច្រើនដូចជាការចេញសម្ដែងក្នុងកម្មវិធីផ្សេងៗបើទោះជាការសម្ដែងនោះបានថវិកា ឬមិនបានថវិកាទ្រទ្រង់យ៉ាងណាក្ដី។
រំលឹកដែរថា កម្មវិធីមហោស្រពសត្វស្លាប និងធម្មជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផ្ទះសម្រាប់យើងទាំងអស់គ្នា» នេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា នៅក្នុងសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ នេះជាលើកទី២ ផងដែរសម្រាប់ក្រុមតេក្វាន់ដូ ITF កម្ពុជាដែលបានចូលរួមក្នុងកម្មវិធីសង្គមរៀបចំដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia Organization) សហការជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូជាច្រើនទៀត៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB