ក្រោយចាញ់ឆ្នោត ២ដង ទីបំផុត លោក Parbowo អាចឈ្នះឆ្នោតក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី
- 2024-02-14 13:33:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចាញ់ឆ្នោត ២ដង ទីបំផុត លោក Parbowo អាចឈ្នះឆ្នោតក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី
ចន្លោះមិនឃើញ
លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) អាចនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ក្រោយពីលោកបាននាំមុខនៅលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតថ្នាក់ប្រធានាធិបតីនៅថ្ងៃអង្គារនេះ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសសាធារណរដ្ឋនិយមប្រធានាធិបតី។ ប្រធានាធិបតីប្រទេសនេះមានអាណត្តិ ៥ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ដង។ ប្រធានាធិបតីដែលនឹងចេញពីតំណែងគឺ លោក ចូកូ វីដូដូ ឬ ហៅថា ចូកូវី។ លោក ចូកូវី បានឈ្នះឆ្នោត២ដង ហើយដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះបាន ១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក។
លោក ប្រាបូវ៉ូ ជាកូនប្រសារលោក ស៊ូហារតូ ដែលជាប្រធានាធិបតីបែបយោធាឥណ្ឌូនេស៊ីចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៧។
តាមពិតទៅ លោកប្រាបូវ៉ូ បានឈរឈ្មោះធ្វើជាប្រធានាធិបតីនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ផងដែរ តែលោកបានចាញ់លោក ចូកូវី ទាំងពីរដង។ នៅឆ្នាំ២០១៩ ក្នុងរដ្ឋការលោក ចូកូវី លោក ប្រាបូវ៉ូ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។
នៅការបោះឆ្នោតឆ្នាំ២០២៤ លោកប្រាបូវ៉ូ អាចនឹងក្លាយជាប្រធានាធិបតីបន្ទាប់ពីលោក ចូកូវី ក្រោយពេលដែលលោកទទួលបានសម្លេងឆ្នោតជាង ៦០% នៃសម្លេងឆ្នោតដែលរាប់រួចបាន ៨០%។ ក្នុងឆ្នាំនេះដែរ លោកបានឈរឈ្មោះជាប្រធានាធិបតី ស្របពេលដែលកូនប្រុសលោក ចូកូវី លោក ជីប្រាន់ រ៉ាកាប៊ូមីង (Gibran Rakabuming) បានឈរឈ្មោះជាអនុប្រធានាធិបតីទន្ទឹមជាមួយលោក។
នៅឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីមានបេក្ខភាពប្រធានាធិបតី ៣រូប រួមមាន លោក ប្រាបូវ៉ូ លោក អានីស បាសវេដាន (Anies Baswedan) អភិបាលក្រុងហ្សាការតា និងលោក ហ្គាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) អភិបាលក្រុងជ្វាកណ្ដាល៕