ផ្លូវជាតិលេខ៣១ បែកគុស-កំពង់ត្រាច​ ចាក់កៅស៊ូ​បានច្រើន​ហើយ អ៊ីចឹង​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ទៅដើរលេង ទៅស្រុក ដឹងតែសប្បាយចិត្តហ្មង

  • 2024-03-07 02:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២៤ថា គម្រោងស្ដារ និងលើកកម្រិតគុណភាព​ផ្លូវជាតិលេខ៣១ សម្រេចបាន៦០% និង​គ្រោងបញ្ចប់​ការងារ​តួផ្លូវចាក់ AC នៅខែ​មិថុនា​ខាងមុខនេះហើយ។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន ដឹកនាំក្រុម​ការងារជំនាញ​ចុះពិនិត្យ គម្រោង​ស្តារ និង​លើកកម្រិត​គុណភាព​ផ្លូវជាតិលេខ៣១ មាន​ប្រវែង​សរុប ៥៣,៥៣គ.ម (ចាប់ពី​បែកគុស ចំណុចប្រសព្វ​ផ្លូវជាតិលេខ៣ រហូតទៅដល់​ទីរួមស្រុក​កំពង់ត្រាច ចំណុច​តភ្ជាប់ផ្លូវជាតិ​លេខ៣៣) បានលេច​ចេញវឌ្ឍនភាព​​ដោយ​សម្រេច​បាន ៦០%ហើយ។

ដំណើរចុះពិនិត្យនេះ អមដំណើរដោយ​​អនុរដ្ឋលេខាធិការ និង​មន្ត្រីបច្ចេកទេស​ពាក់ព័ន្ធ និងមានការចូលរួម​ពីភាគីក្រុមហ៊ុន​សាងសង់ CRBC និងក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ក្វាងចូវវ៉ានអាន ដោយបាន​ពិនិត្យ​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន FWD ផ្ទៀងផ្ទាត់​ភាពធន់​នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់​កម្រាលកៅស៊ូ​បេតុងAC ស្រទាប់ទី១ ( 439MPa-536MPa) និងខួងពិនិត្យ​កម្រាស់​ស្រទាប់ACទី១ (លទ្ធផល4,2cm-5cm) ដើម្បីអនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។

ក្រោយពីបានចុះពិនិត្យផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ លទ្ធផលការងារជារួម នៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ។ នៅដំណាច់ខែ មិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ដែល អាចឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូចជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ ២០២៤នេះ ដោយ បញ្ចប់មុនកិច្ចសន្យា ១ឆ្នាំ។

សូមជម្រាបជូនថា ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម
អត្ថបទថ្មី