បរាជ័យស្ទួនៗពេក ពុធ មិថុនា បាក់ស្បាតគិតចង់បោះបង់ចោលអាជីពសិល្បៈ

  • 2024-05-29 02:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនជនមួយចំនួនធំប្រហែលជាបានស្គាល់រួចមកហើយពីអ្នកចម្រៀងចំណូលថ្មី ពុធ មិថុនា អតីតតារាចម្រៀងក្នុងផលិតកម្ម រៀម Production ដោយមួយរយៈចុងក្រោយនេះលោកហាក់ក្រៀមក្រំខ្លាំង ដែលតែងតែបង្ហោះសារបាក់ទឹកចិត្តនៅលើបណ្ដាញសង្គម Facebook ។

បើតាមការបង្ហោះសារលើកចុងក្រោយរបស់លោកក្នុងទំព័រហ្វេសប៊ុក បានបង្ហាញឱ្យឃើញថាកាលដែល មិថុនា តែងតែបង្ហាញភាពក្រៀមក្រំជារឿយៗ គឺដោយសារតែតាំងតែពីឈានជើងចូលវិថីសិល្បៈមកលោក ហាក់មិនសូវសមប្រកបឡើយ ពោលគឺបរាជ័យផ្ទួនៗតែម្ដង ដែលជាហេតុធ្វើឱ្យកំលោះធ្មេញជំពឹសរូបនេះ បាក់ស្បាតមិនដឹងថាត្រូវបន្តនៅក្នុងវិស័យមួយនេះដោយរបៀបណាទៀត។

មិថុនា ថ្លែង៖ “ខ្ញុំសុំបង្ហាញអារម្មណ៍ក្នុងចិត្តមួយគ្រាន់ធូរស្បើយក្នុងចិត្តខ្លះ មួយរយះនេះខ្ញុំបរាជ័យរហូតចង់បាក់ស្បាតរកផ្លូវដើម្បីបន្តលើវិស័យដែលខ្ញុំស្រលាញ់លែងចង់ឃើញហើយមិនដឹងគួរចាប់ផ្តើមពីណាទៅមុនទេព្រោះគ្រប់យ៉ាងគឺខ្ញុំនៅខ្វះខាតច្រើនមែនទែន ខ្ញុំមិនដឹងថាតើខ្ញុំអាចនឹងបន្តធ្វើបានរយះពេលប៉ុន្មានទៀតទេព្រោះមានអារម្មណ៍ថាខ្លួនឯងដូចជាប់គាំងខ្លាំងណាស់”។

បន្ទាប់ពីបង្ហោះសារដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹង មិថុនា ត្រូវបានមហាជន អ្នកគាំទ្រ ជាពិសេសអ្នករួមអាជីព លើកទឹកចិត្ត និងជួយលួងលោមប្រើពាក្យល្អៗជាច្រើនដើម្បីជាកំលាំងចិត្តរុញឱ្យ មិថុនា បន្តនូវក្ដីស្រមៃ និងការងារដែលខ្លួនស្រឡាញ់ក្នុងអាជីពជាអ្នកចម្រៀងនេះ។

រំលឹកផងដែរថា ពុធ មិថុនា ត្រូវបានមហាជនស្គាល់តាមរយៈចម្រៀង Cover និង Original Song ពិរោះទឹកសំឡេងផ្អែមស្រទន់ បន្ទាប់ពីមានមហាជនស្គាល់ច្រើនគួរសម មួយរយៈក្រោយក៏លេចវត្តមាន កំលោះសង្ហាររូបនេះនៅក្នុងផលិតកម្មថ្មីមួយគឺ រៀម Production ដែលតារាចម្រៀងជើងចាស់ អ្នកនាង មាស សុខ សោភា និងលោក ដួង វីរៈសិទ្ធ ក៏នៅក្នុងទ្រនំនេះដូចគ្នាផងដែរ។ នៅក្នុងផលិតកម្មថ្មី មិថុនា ក៏បានចេញបទចម្រៀងហូរហែផងដែរដូចជាបទ ក្រាស់អូនអ្នកគាំទ្រ ជ្រុះបាត់បេះដូង និងមានជាច្រើនទៀត។

ទន្ទឹមនិងនេះ មហាជនក៏បានឃើញវត្តមានជាថ្មីម្ដងទៀតរបស់ មិថុនា នៅក្នុងកម្មវិធីប្រលងចម្រៀង Beat The Beast តែជាលទ្ធផល មិថុនា មិនទទួលបានជោគជ័យទេ។ រឿងរ៉ាវដែល មិថុនា បានឆ្លងកាត់មិនសូវជាហុចផលល្អ ទើបជាហេតុធ្វើឱ្យលោក ជាប់គាំងមិនដឹងថាត្រូវបន្តដោយរបៀបណាទៀត៕

អត្ថបទ៖ កេសរ