នាយកប្រតិបត្តិ Asia Digital Technology Innovation (អាឌីទី) បង្កើតកិច្ចសហប្រតិបត្តិការទៅកាន់បណ្ដាប្រទេសអឺរ៉ុប ដើម្បីការលូតលាស់វិស័យបច្ចេកវិទ្យានៅកម្ពុជា

  • 2024-06-24 10:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ហ៊ាង អូមួយ អ្នកត្រួសត្រាយផ្លូវក្នុងវិស័យបច្ចេកវិទ្យា ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន អាឌីទី និងជាស្ថាបនិកនៃប្រព័ន្ធអេកូ ដែលរួមបញ្ចូលបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការអប់រំបច្ចេកវិទ្យា និងការពង្រឹកសមត្ថភាពស្រ្ដី និងក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា ថ្មីៗនេះលោកស្រីបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងយ៉ាងមុតមាំដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ទៅកាន់ជួរមុខនៃឆាកឌីជីថលនៅអាស៊ី។ គំនិតផ្តួចផ្តើមនេះ ត្រូវបានសម្រេចធ្វើឡើងដោយដើរស្របតាម ចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យមានភាពរីកចម្រើន ហើយលើសពីនេះក៏ស្របតាមបេសកកម្មរបស់លោកស្រី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ដជាមួយក្រុមហ៊ុនបរទេស ដើម្បីបើកឱកាសការងារពីចម្ងាយសម្រាប់ធនធាន បច្ចេកវិទ្យានៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះ បានរួមបញ្ចូលកិច្ចប្រជុំជាច្រើន ពោលគឺជាច្រកនៃការបើកទ្វារជំរុញឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកើតឡើង។ ក្នុងចំណោមកិច្ចប្រជុំទាំងនោះ លោកស្រី ហ៊ាង អូមួយ បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ជាមួយអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំង ស្វីស និងសហភាពអឺរ៉ុប ដោយទទួលបានការស្វាគមន៍ដ៏កក់ក្ដៅ និងការគាំទ្រយ៉ាងខ្លាំង។ លើសពីនេះ លោកស្រ្ដីបានជួបពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នអប់រំជាច្រើនទៀត ក្នុងគោលបំណងស្វែងរកយុទ្ធសាស្រ្ដពង្រឹងកិច្ចសហការ និងពាំនាំការងារពីចម្ងាយមកឱ្យវិស្វករបច្ចេកវិទ្យានៅកម្ពុជា។ ផែនទីនៃដំណើរទស្សនកិច្ចនេះ បានផ្ដើមពីចំណតនៅទីក្រុងប៉ារីស រួចបន្តទៅកាន់បែលហ្ស៊ិក ហូឡង់ និងស្វីស និងបញ្ចប់ត្រឹមប្រទេសលុចសំបួ។ នៅក្នុងដំណើរនោះ លោកស្រី និងក្រុមការងារបស់លោកស្រីបានមានឱកាសចូលរួមក្នុងពិព័រណ៌ VivaTech Expo ដែលធំបំផុតរបស់សហគមន៍អឺរ៉ុប បង្ហាញពីភាពប្តេជ្ញាដ៏មានកិត្យានុភាពរបស់កម្ពុជា ដែលមានចំពោះនវានុវត្តន៍បច្ចេកវិទ្យា។ អ្វីដែលអស្ចារ្យ លើសពីការរំពឹងទុកទៅទៀតនោះគឺ ការបានជួបជាមួយលោក Alain Guye សហស្ថាបនិកនៃសាលា Passerelles numériques Cambodia (PNC) ដែលជាកន្លែងផ្ដល់ឱកាសឱ្យយុវជនកម្ពុជាទទួលបានការបណ្ដុះបណ្ដាលលើជំនាញបច្ចេកវិទ្យា ហើយក៏ជាកន្លែងដែលចាត់ទុកជាកំណើតនៃផ្នែកអប់រំរបស់លោកស្រីក្នុងវិស័យឌីជីថលផងដែរ។

លោកស្រី អូមួយ តែងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះសាលា PNC ជាពិសេសចំពោះសហស្ថាបនិកដែលបានបង្កើតសាលានេះ ឡើង។ ចាប់តាំងពីឆ្នាំ២០០៧ សាលា PNC បានបណ្តុះបណ្តាលវិស្វករផ្នែកបច្ចេកវិទ្យានៅកម្ពុជារាប់ពាន់នាក់ និងផ្តល់ឱកាសឱ្យលោកស្រីផ្ទាល់ ផ្លាស់ប្ដូរពីនិស្សិតអាហារូបករណ៍ធម្មតា ទៅជាអ្នកមានឥទ្ធិពលម្នាក់ក្នុងវិស័យបច្ចេកវិទ្យានេះ។ អ្វីទាំងនេះ បានអនុញ្ញាតឱ្យលោកស្រីបង្កើតឱកាសការងារសម្រាប់មនុស្សរាប់រយនាក់នៅក្នុងប្រព័ន្ធអេកូរបស់លោកស្រី និងផ្តល់ដំណោះស្រាយ បច្ចេកវិទ្យាដល់រាប់ស្ថាប័ន រាប់បញ្ចូលទាំងក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ ក្នុងប្រទេសកម្ពុជា ជប៉ុន និង សឹង្ហបុរី តាមរយៈ Asai Digital Technology Innovation ព្រមទាំងបណ្តុះបណ្តាលយុវតីជាង ៥,០០០ នាក់ ជាមួយក្រុមការងារ Technovation និងដូចជាការបណ្ដុះទៅដល់កុមាររាប់ពាន់នាក់ តាមរយៈក្រុមការងារ Tech for Kids Academy របស់លោកស្រីផងដែរ។

បន្ថែមលើសពីអ្វីដែលអស្ចារ្យ ក្នុងចំណោមលទ្ធផលដ៏គួរឱ្យកត់សម្គាស់នោះគឺ នាយកប្រតិបត្តិរូបនេះ បានមានឱកាសចូលរួមបង្ហាញទីផ្សារបច្ចេកវិទ្យារបស់កម្ពុជាទៅកាន់ពិភពលោកបានដឹង ក្នុងព្រឹត្តិការណ៍ Luxembourg ASEAN DAY ដែលរៀបចំដោយសភាពាណិជ្ជកម្មលុចសំបួ។ តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីឯកឧត្តម នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប លោកស្រី អូមួយ បានបង្ហាញទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើន និងសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូដ៏មានសក្តានុពលនៅអឺរ៉ុប។

នៅប្រទេសស្វីស បន្ថែមពីលើការជួបប្រជុំកិច្ចពិភាក្សាសហប្រត្តិបត្តិការជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ លោកស្រី អូមួយ ដែលក្នុងនាមជាផ្នែកមួយនៃ E-Trade for Women, UN Women និង UNCTAD បានមានកិត្តិយសអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាដោយបង្ហាញពីគោលបំណងក្នុងការបើកទ្វារដើម្បីតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់បណ្ដាប្រទេសអឺរ៉ុបដើម្បីភាពរីកចម្រើននៃកំណើតសេដ្ឋកិច្ច។ លោកស្រីបាទទួលបានការគាំទ្រពី UNCTAD ដើម្បីសម្រេចបាននូវគោលដៅ ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែក្រុមហ៊ុន និងសហគមន៍របស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល។

ក្នុងដំណើររយៈពេល ១២ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យា លោកស្រី អូមួយ បានបង្កើតឥទ្ធិពលជាវិជ្ជមានយ៉ាងច្រើនដល់សង្គម និងត្រូវបានទទួលស្គាល់មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែទាំងនៅលើឆាកអន្តរជាតិទៀតផង។ តាមរយៈការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត ភាពខ្ជាប់ខ្ជួន ការតស៊ូ ស្របនឹងឧត្តមភាពខ្ពស់ និងផ្ដោតលើប្រយោជន៍រួម លោកស្រីបានទទួលជោគជ័យយ៉ាងខ្លាំងលើបេសកកម្មរបស់គាត់ ទាំងការងារនៅក្នុងសហគមន៍ និងក្រុមហ៊ុន។ ពាន់រង្វាន់ដែលគាត់ទទួលបានរួមមាន Champion of Women Technology Community Leaders ក្នុងឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, Regional Ambassador ក្នុងឆ្នាំ២០១៨ របស់ Technovation ពិភពលោក (ការជ្រើសរើស ១ ក្នុងចំណោមអ្នកដឹកនាំជាង ១០០នាក់ទូទាំងពិភពលោក) និង Woman of the Future of Southeast Asia ក្នុងឆ្នាំ២០២៤ រៀបចំដោយ Women of the Future Southeast Asia និងពាន់រង្វាន់ផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញជំនួសឱ្យការមានមោទនភាព លោកស្រីតែងតែដឹងគុណថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រ ទាំងក្នុងអាជីពការងារ ទាំងខ្លួនគាត់ផ្ទាល់ ដែលបង្កើតលទ្ធផលជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសអឺរ៉ុបនេះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យឌីជីថល។ ការគាំទ្រដ៏លើសលប់ពីដៃគូអន្តរជាតិ និងស្ថាប័នខ្មែរ បង្ហាញពីសករាជថ្មីនៃកិច្ចសហការ និងឱកាស។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកស្រី អូមួយ កំពុងត្រួសត្រាយផ្លូវសម្រាប់វិស្វករបច្ចេកវិទ្យាកម្ពុជាឱ្យរីកចម្រើននៅលើឆាកអន្តរជាតិ ដែលនឹងពាំនាំប្រទេសកម្ពុជាឱ្យកាន់តែមានកេរ្តិ៍ឈ្មោះខ្លាំងនៅអាស៊ី៕