ធនាគារ ស្ថាបនា រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាង Sathapana FC និងផ្ការីកគ្រប់រដូវដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

  • 2024-07-05 07:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាង Sathapana FC និងផ្ការីកគ្រប់រដូវដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានសហការជាមួយក្លឹបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីធ្វើការរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA Stadium KMH Park ដោយអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ដោយសេរីរវាងក្រុមបាល់ទាត់ Sathapana FC និងផ្ការីកគ្រប់រដូវ។

សូមគូសបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ Sathapana FC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយមានការជ្រើសរើសកីឡាករកំពូលៗមកពីគ្រប់សាខា ធនាគារ ស្ថាបនាទូទាំងប្រទេសកម្ពុជា។ គោលបំណងនៃការបង្កើតក្រុមបាល់ទាត់នេះឡើង គឺដើម្បីឱ្យបុគ្គលិកទទួលបាននូវសុខភាពល្អ និងបង្កើតទម្លាប់នៃការរស់នៅប្រចាំថ្ងៃប្រកបដោយសុខុមាលភាព តាមរយៈលេងកីឡា។ បន្ថែមពីលើនេះ ធនាគារក៏មានគោលបំណងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យចូលរួមការងារសង្គម និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ឱ្យកាន់តែល្អប្រសើរ។

ចំណែកក្រុមផ្ការីកគ្រប់រដូវ គឺជាក្រុមបាល់ទាត់មួយដែលមានកីឡាករជាសិល្បករល្បីៗក្នុងប្រទេសកម្ពុជា និងជាក្រុមបាល់ទាត់ដែលមានចក្ខុវិស័យ និងឆន្ទះស្របទៅនឹងធនាគារ ស្ថាបនាក្នុងការជួយសង្គម សហមគមន៍ និងចែករំលែកក្តីស្រឡាញ់ទៅកាន់កុមារ តាមរយៈការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរសម្រាប់ទ្រទ្រង់ដំណើរការប្រតិបត្តិ ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា។

ការរួមចំណែកនេះជាផ្នែកមួយក្នុងកម្មពិធីទំនួលខុសត្រូវសង្គមរបស់ធនាគារ ស្ថាបនាដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សហគមន៍ជាមួយការលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ នឹងអនុញ្ញាតឱ្យធនាគារ ស្ថាបនាបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងជួយសង្គ្រោះជីវិតកុមារកម្ពុជាដែលខ្វះលទ្ធភាពក្នុងការទទួលបានការព្យាបាលជំងឺ និងការថែទាំសុខភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សាធារណជន និងអតិថិជនទាំងអស់អាចធ្វើការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ លោកអ្នកអាចធ្វើការបរិច្ចាគទៅកាន់គណនីមន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់តាមរយៈកម្មវិធី ស្ថាបនា ម៉ូបាល ឬ KHQR ឬទៅកាន់សាខា ធនាគារ ស្ថាបនាដែលនៅជិតលោកអ្នកបំផុត។ រាល់ថវិកាទាំងអស់ដែលបានពីការបរិច្ចាគនឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្ម និងសកម្មភាពសប្បុរសធម៌នេះជូនដល់កុមារគ្រប់រូប។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកានេះផងដែរ ធនាគារ ស្ថាបនានឹងធ្វើការបរិច្ចាគថវិកាបន្ថែមពីថវិកាដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ។

ចូលរួមបរិច្ចាគជាមួយធនាគារ ស្ថាបនា ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារកម្ពុជាឱ្យទទួលបាន ការថែទាំសុខភាព និងព្យាបាលប្រកបដោយគុណភាពខ្ពស់៖

    1. ស្កេន QR code ក្នុងរូបភាពខាងក្រោម ឬ
    1. ចូលទៅកាន់មុខងារ “Donation” ក្នុង ស្ថាបនា ម៉ូបាល ឬ
    1. តាមរយៈគណនី Angkor Hospital for Children (USD) 07808082834100102

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ “First Launch in Market 2023”ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។

អត្ថបទពេញនិយម
អត្ថបទថ្មី