ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ប្រវែង ១០៥គ.ម បំពាក់បច្ចេកវិទ្យាទំនើប បូមទឹកពីទន្លេមេគង្គ អាច​ស្រោចស្រព​ផ្ទៃដីជាង ៨ពាន់ហិកតា

  • 2024-07-10 03:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។

ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំបូមទឹកពីទន្លេដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។

ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារ​វិនិយោគ​សហគមន៍​អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាន​ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) មកពីស្នាក់ការកណ្តាលប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចុះពិនិត្យវឌ្ឍនភាពការងារនាពេលកន្លងមកនៃគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយនិរន្តរភាព និងមានសន្តិសុខទឹក ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤។

ឯកឧត្តម បានបញ្ជាក់​ថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគម្រោងខាងលើបានជោគជ័យ ហើយជួយឱ្យតំបន់ស្រីសន្ធរខេត្តកំពង់ចាមអាចទាញយកទឹកពីតំបន់ទន្លេទៅប្រើប្រាស់ដល់ស្រែបានគ្រប់គ្រាន់ប្រកបដោយស័ក្តិសិទ្ធិភាព ក្រោមកិច្ចសហប្រតិបតិ្តការដ៏ល្អ និងជិតស្និទ្ធបំផុតរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើផែនការពង្រឹងពង្រីកបន្ថែមទៀតនូវសក្តានុពលស្រោចស្រពរបស់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ដើម្បីឱ្យការគ្របដណ្តប់បានកាន់តែច្រើនថែមទៀតនៅតាមបណ្តាស្រុកដែលមានទីតាំងភូមិសាស្រ្តនៅជាប់នឹងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម