ផ្លូវជាតិ ៣ខ្សែ ដែលបញ្ចប់ការសាងសង់​នៅក្នុងឆ្នាំ​២០២៤នេះ

  • 2024-07-15 03:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ​២០២៤នេះ ផ្លូវជាតិចំនួន ៣ខ្សែ ដែលបាន​បញ្ចប់ និងគ្រោងបញ្ចប់ការសាងសង់រួមមាន ផ្លូវជាតិលេខ៧១C, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៤ថា​ ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបាន​លទ្ធផល ១០០% ហើយ។

ផ្លូវជាតិលេខ៧១C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដោយ​ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ (ក្នុងកិច្ចសន្យា) ២៤ខែ។

ចំណែកផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិ​លេខ៣៣) សម្រេច​បាន ៩៥,៣៨%​ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដោយ​គ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហា ខាងមុខនេះ។ ក្នុងនោះការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១នេះ គ្រោងចំណាយ ៦០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ផ្លូវនេះត្រូវបាន​ស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។

ចំពោះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣វិញ ប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត (បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានតម្លៃជាងសង់ជាង៦១លានដុល្លារអាមេរិក និងមានរយៈពេល៤០ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ (AC)៕