ធនាគារ ស្ថាបនា ទទួលយក UnionPay International (UPI) ទូទាំងបណ្តាញម៉ាស៊ីនឆូតប័ណ្ណ និងអេធីអឹមទូទាំងប្រទេស

  • 2024-07-25 07:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានបន្ថែម UnionPay International (UPI) ទៅក្នុងប្រព័ន្ធទទួលការទូទាត់របស់ខ្លួនយ៉ាងទូលំទូលាយ។ អតិថិជនប្រើប្រាស់ UPI ឥឡូវនេះអាចធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនបានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតប័ណ្ណទូទាំងប្រទេសរបស់ធនាគារ ស្ថាបនា ដែលជួយឱ្យអាជីវករអនឡាញអាចបង្កើនការលក់តាមរយៈការបន្ថែមនូវវិធីបង់ប្រាក់មួយនេះ។ កិច្ចសហការនេះនឹងពង្រីកលទ្ធភាពជូនភ្ញៀវអន្តរជាតិគ្រប់ទិសទីឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់។

អ្វីកាន់តែពិសេសនោះ ឥឡូវនេះម្ចាស់ប័ណ្ណ UPI អាចដកសាច់ប្រាក់ដោយផ្ទាល់តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា ដោយមិនចាំបាច់ធ្វើការប្តូររូបិយប័ណ្ណជាមុនឡើយ។

សម្រាប់ម្ចាស់អាជីវកម្ម សេវាកម្មថ្មីនេះអាចពង្រីកសមត្ថភាពទទួលយកការទូទាត់ពីម្ចាស់ប័ណ្ណ UPI ទាំងអស់ និងពីអ្នកប្រើប្រាស់កម្មវិធីតាមរយៈម៉ាស៊ីនឆូតប័ណ្ណស្ថាបនា ឬ ប្រព័ន្ធទូទាត់ (Gateway)។ ហើយនេះ គឺជាការផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់ UPI និងអាជីវករ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ "គោលដៅចម្បងរបស់ធនាគារ ស្ថាបនា គឺលើកកម្ពស់ និងជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាការពន្លឿនលើការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនម្ចាស់អាជីវកម្មនូវដំណោះស្រាយទូទាត់ដែលមានភាពទាក់ទាញសម្រាប់ទូទាត់ភ្ញៀវអន្តរជាតិធ្វើការទូទាត់ទិញទំនិញបានយ៉ាងងាយស្រួលដូចនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសជួយបង្កើនការលក់ដល់ម្ចាស់អាជីវកម្មផងដែរ។ នៅ ធនាគារ ស្ថាបនា យើងជឿជាក់ថា ប្រព័ន្ធបច្ចេកវិទ្យានឹងផ្តល់ភាពស្មើគ្នាដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មធំៗកាន់តែរីកចម្រើន។ ការបន្ថែម UPI ចូលកាន់ប្រព័ន្ធទូទាត់នឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម និងដៃគូពាណិជ្ជកម្មទាំងអស់របស់យើង”

សូមគូសបញ្ជាក់ផងដែរថា សេវាកម្មនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសទូទាត់ប្រាក់ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងពាណិជ្ជករ ជាពិសេសអ្នកដែលនៅក្នុងឧស្សាហកម្មសេវាកម្ម និងបដិសណ្ឋារកិច្ច ដូចជាកន្លែងស្នាក់នៅ អាហារ ការដឹកជញ្ជូន និងការធ្វើដំណើរ។ វិស័យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់កម្ពុជា។ លើសពីនេះ វត្តមានប័ណ្ណ UPI នឹងជួយសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់យ៉ាងរហ័ស និងងាយស្រួលដើម្បីទទួលបាននូវដំណើរកម្សាន្តដ៏រីករាយ៕