មិនទាន់កំណត់ថ្ងៃចេញផ្លូវការ តែតារាចម្រៀងខ្មែរសុរិន្ទ ស្មានឆៃ ពេញចិត្ដ MV មួយនេះណាស់!

  • 2024-09-17 05:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក តារាចម្រៀងតារាចម្រៀងខ្មែរសុរិន្ទវ័យជ្រេ ស្មានឆៃ បានស្ងាត់មកជួបលោក ថាច់ សាថេន ដើម្បីថត MV ជាមួយគ្នានៅលើទឹកដីកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ដើម្បីត្រៀមអបអរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ។

បទ “កំលោះឌីស្កូ ប៉ះកំលោះហាយសូ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ថាច់ សាថេន ហើយមានការបកស្រាយរួមគ្នារវាងតារាចម្រៀងចំនួន ៣រូប គឺលោក ស្មានឆៃ លោក សុង សេង និងលោក ថាច់ សាថេន ផ្ទាល់។ សកម្មភាពថតមួយថ្ងៃពេញ បានបញ្ចប់ទៅដោយរលូនក្នុងថ្ងៃទី១៦ នៅលើទឹកខេត្ដឧត្ដមានជ័យ។

បើតាមលោក ស្មានឆៃ បើទោះបីជាបទនេះបានថតចប់សព្វគ្រប់ ប៉ុន្ដែមិនទាន់អាចកំណត់ថ្ងៃចេញជាផ្លូវការនៅលើផេកផ្លូវការរបស់លោកនៅថ្ងៃណានៅឡើយទេ ដោយសារក្រុមការងារក៏រវល់ខ្លាំងជាមួយការងារថតបទចម្រៀងផ្សេងៗ។ ប៉ុន្ដែសម្រាប់រូបលោកផ្ទាល់ពិតជាពេញចិត្ដបទចម្រៀងមួយនោះខ្លាំងណាស់ ហើយលោកជឿថា ប្រិយមិត្ដក៏ពេញចិត្ដដូចលោកដែរ ព្រោះចង្វាក់ឆាឆា ក្នុងបទ”កំលោះឌីស្កូ ប៉ះកំលោះហាយសូ” ស្ដាប់បានគ្រប់វ័យ។

តារាចម្រៀងខ្មែរសុរិន្ទ ស្មានឆៃ ប្ដេជ្ញាថានឹងបន្ដផលិតបទចម្រៀងខ្មែរឲ្យបានច្រើនបទទៀត ជាពិសេសសកម្មភាពថតបទចម្រៀងMV ជុំគ្នាជាមួយតារាចម្រៀងខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្ដាល។ តាមរយៈបទចម្រៀងមួយបទដែលទើបថតចប់នេះ រូបលោកផ្ទាល់ក៏សូមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ជូនពរដល់បងប្អូនខ្មែររីករាយជាមួយបទចម្រៀងមួយបទនេះ ដែលនឹងត្រូវចេញក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ Chin Sopheak