រឿងរ៉ាវគួរដឹង មុនទៅបោះបាយបិណ្ឌ​ពេលព្រលឹមស្អែកនេះ

  • 2024-09-17 07:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រលឹមម៉ោង ៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។

បើយោងតាមសៀវភៅឯកសារ កម្ពុជាសុរិយា ពិធីបោះបាយបិណ្ឌ ធ្វើនៅចន្លោះម៉ោង៣ និងម៉ោង ៤ទៀបភ្លឺ ដោយសារពីម៉ោង៦ ទៅម៉ោង ៧ល្ងាច នៅតាមស្រុកស្រែចំការ ប្រជាពលរដ្ឋសម័យមុន ឆាប់ចូលសំរាកណាស់ ហើយជំនាន់មុន មិនមានភ្លើងអគ្គីសនីផងនោះ ក្រោយពីភាពនឿយហត់ក្នុងការរករបរចិញ្ចឹមជីវិតនាពេលព្រឹកថ្ងៃ ពួកគាត់អាចសំរាកបានគ្រប់គ្រាន់ គេងឆ្អែតពេញរយៈពេល ៨ម៉ោង ងើបមកពេញភ្នែក មានសុខមាលភាពល្អ ក្នុងការមកធ្វើពិធីបោះបាយបិណ្ឌនេះ ដូនតាខ្មែរ។

មួយវិញទៀត មានរឿងតំណាលថា ខ្មោចអ្នកទោស ឬពពួកប្រេត ស្ថិតក្នុងឋាននរក ជាន់ទី៨ មានទ្វារចេញ៤ ត្រូវបានតំណាងឱ្យយាមទី៤ នៃពេលវេលាទាបភ្លឺ ហើយត្រូវបានយាមកាមដោយសេនាខ្មោចក្បាលសេះនិងក្បាលគោ ជាអ្នកក្ដោបក្ដាប់នៃដួងព្រលឹងរបស់ពពួកប្រេត នៅអបាយភូមិនេះ។

ពាក្យថា «បិណ្ឌ» បានន័យថា ពំនូតបាយដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ គេដាក់បាយ បិណ្ឌក្នុងថាស១ យកទៅវត្ត។ នៅពាក់កណ្តាល បាយបិណ្ឌ មានបាយ បិតបូរ ដែលគេដាក់លើជើងពានមួយ។ បាយបិតបូរ ដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគំរបស្លឹកចេកគ្របពីលើ ដោយចោះកំពូលទុកដោតទៀនធូប និងផ្កា។ នៅតំបន់ខ្លះ គេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ព័ទ្ធជុំវិញបាយបិត បូរ។ ក្នុងកន្ទោងនីមួយៗមានពំនូតបាយបិណ្ឌពី១ទៅ១៥ដុំ។

ព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ពុទ្ធបរិស័ទទាំងអស់ កាន់ចានបាយបិណ្ឌរៀងៗខ្លួន ដើរតម្រង់ ទៅព្រះវិហារដើម្បីធ្វើពិធីបោះបាយបិណ្ឌ។ ពេលដើរ ជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ ដាក់នៅលើចានបាយបិណ្ឌ។ ដើរបានមួយជុំ អាចារ្យប្រកាសថា អនុមោទនាលើកអើយ!!។ ពុទ្ធបរិស័ទទាំងអស់គ្នាស្រែកថា៖ សាធុ!។ រួចគេចាប់យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ឬផ្កាផ្សេងៗ១ទងនៅលើដីដែរ។ គេធ្វើបែបនេះ គម្រប់៣ដង រឺ ទៅកាន់ទីដែលនៅជិត ឯបាយបិណ្ឌនិងធូបនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ខ្ទមអ្នកតា ឬក្រោមដើមឈើធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឱ្យខ្មោចដែល គ្មានបងប្អូន ធ្វើបុណ្យបញ្ជូនឱ្យ ។ អាចារ្យហាមមិនឱ្យលាងចាននិងដៃនៅទីនោះឡើយ ។ បន្ទាប់មក អាចារ្យ ធ្វើ ពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រែត ទាំងនោះដែលមកថាទទួលដែរ តែគ្មានញាតិសណ្ដានឧទ្ទិសឲ្យ៕