ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី
- 2024-12-19 03:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី
ចន្លោះមិនឃើញ
ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និង លោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។
លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ 2015។ ក្នុងតំណែងនិងតួនាទីថ្មីរបស់លោក ហ៊ន់ សុរចនា លោកនឹងផ្តោតលើការដឹកនាំទិសដៅយុទ្ធសាស្ត្រផ្សេងៗនៃធនាគារ ព្រីនស៍ ម.ក និងការពង្រឹងក្របខណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរីកចម្រើន។
លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការបន្តដំណើររបស់ខ្ញុំជាមួយធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីថ្មីនេះស្របពេលដែលយើងប្រារព្ធខួបលើកទី 10 របស់យើង ហើយខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការចូលរួមកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាល និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។ យើងទាំងអស់គ្នាមានគោលបំណងរក្សានូវកេរ្តិ៍ដំណែលនៃភាពច្នៃប្រឌិតរបស់យើង និងផ្តល់នូវតម្លៃដ៏ល្អដល់អតិថិជន និងម្ចាស់ភាគហ៊ុនរបស់យើង” ។ លោក ហ៊ន់ សុរចនា នឹងចូលមកជំនួសអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលអ្នកឧកញ៉ានឹងលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2024នេះតទៅ។ អ្នកឧកញ៉ា ចេន ហ្ស៊ី នឹងនៅតែបន្តដើរតួយ៉ាងសំខាន់សម្រាប់ធនាគារ ព្រីនស៍ ម.ក ស្របពេលដែលអ្នកឧកញ៉ាត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញកំណើនអាជីវកម្មទាំងអស់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបទាំងមូល។
លោក ហ៊ន់ សុរចនា បានបន្ថែមថា “ធនាគារ ព្រីនស៍ ម.ក មានមោទកភាពយ៉ាងខ្លាំងក្លាក្នុងការរក្សាបាននូវស្តង់ដារខ្ពស់បំផុតក្នុងអភិបាលកិច្ចសាជីវកម្ម តាមរយៈពានរង្វាន់ដែលយើងទទួលបានទាំងអស់។ នេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់យើង ដែលត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើន ដូចជា International Finance Magazine, World Economic Magazine និង International Finance Magazine សម្រាប់ពានរង្វាន់ ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតក្នុងឆ្នាំ 2023។ បន្ថែមជាមួយពានរង្វាន់ដែលធនាគារយើងទទួលបានពីស្ថាប័ន AsiaMoney និង International Banker គឺជាការទទួលស្គាល់នូវការអនុវត្តអភិបាលកិច្ចសាជីវកម្មដ៏ឆ្នើមរបស់យើង និងធនាគារទាំងមូលក្នុងរយៈពេល10ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងនេះ លោក Looi Kok Soon ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងមានជំនាញយ៉ាងច្បាស់លាស់ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ លោកនឹងត្រូវបានតែងតាំងក្នុងតួនាទីថ្មី ជាប្រធាននាយកប្រតិបត្តិ ដើម្បីដឹកនាំធនាគារ ព្រីនស៍ ម.ក ឆ្ពោះទៅកាន់ជំហានបន្ទាប់។ លោកធ្លាប់បានកាន់មុខតំណែងជាអ្នកដឹកនាំក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារជាច្រើននៅក្រៅប្រទេស ដូចជា OCBC Bank Malaysia, EON Bank Malaysia, និង Standard Chartered Bank នៅអាស៊ីអាគ្នេយ៍ មុនពេលលោកចូលដឹកនាំអាជីវកម្មថាមពលកកើតឡើងវិញ ដែលជាអាជីវកម្មផ្ទាល់ខ្លួនរបស់លោក។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិថ្មី លោកនឹងទទួលខុសត្រូវលើកិច្ចការលើកកម្ពស់បទពិសោធន៍អតិថិជនរបស់ធនាគារ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួល ជាពិសេសជំរុញការរីកចម្រើនរបស់ធនាគារ ព្រីនស៍ ម.ក ទាំងមូល ដើម្បីក្លាយជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា។
លោក Looi Kok Soon បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា “នេះគឺជាឱកាសដ៏រំភើបរីករាយមួយក្នុងការដឹកនាំធនាគារ ព្រីនស៍ ម.ក នៅពេលដែលយើងបន្តជំហាន និងពង្រឹងជំហររបស់យើងជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ខ្ញុំប្តេជ្ញាចិត្ត នឹងផ្តល់អានុភាពដល់ក្រុមការងាររបស់យើង និងបណ្ដុះវប្បធម៌ការងារដ៏ល្អឥតខ្ចោះ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តគោលដៅរួមរបស់យើង”។
ការតែងតាំងលោក ហ៊ន់ សុរចនា និងលោក Looi Kok Soon បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ម.ក ចំពោះសសរគ្រឹះដឹកនាំដ៏រឹងមាំ ការច្នៃប្រឌិត និងការរីកចម្រើនប្រកបដោយនិរន្តរភាព។ ការរីកចម្រើននេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ព្រីនស៍ ម.ក ដែលបានក្លាយជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមប្រឹក្សាឯករាជ្យមិនប្រតិបត្តិ ដែលរួមមានលោក Tan Sri Muhammad Bin Ibrahim អតីតទេសាភិបាលរងនៃធនាគារ Bank Negara Malaysia ដែលជាធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីផងដែរ។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 មានសេចក្ដីសោមនស្សរីករាយក្នុងការប្រារព្ធខួបលើកទី10ឆ្នាំរបស់ខ្លួន ជាការអបអរសាទរនៃទំនុកចិត្ត ភាពរីកចម្រើន និងឧត្តមភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងរយៈពេល10ឆ្នាំកន្លងមកនេះ ធនាគារ ព្រីនស៍ ម.ក បានប្តេជ្ញាចិត្តក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជឿទុកចិត្តជាមួយអតិថិជនរបស់ខ្លួន ការជំរុញអភិបាលកិច្ចល្អ ការច្នៃប្រឌិត និងការផ្តល់នូវដំណោះស្រាយធនាគារពិសេសស្របតាមតម្រូវការរបស់សហគមន៍៕
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់សេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការរបស់បុគ្គល សហគ្រាសធុនតូចនិងមធ្យម (SMEs) និងអាជីវកម្មខ្នាតធំ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអភិបាលកិច្ចសាជីវកម្ម ការច្នៃប្រឌិត និងសុខុមាលភាពសហគមន៍ ធនាគារ ព្រីនស៍ ម.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន ៣៦ ដែលស្ថិតនៅតាមបណ្តាខេត្ត-ក្រុង និងមានទូរអេធីអ៊ឹមចំនួន ៨៣ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។