ផ្ដួលកង់ រត់ស្រែករកម៉ែតាំងពីចម្ងាយ ស្មានតែមានការអី ខ្សឹបរឿងកូនក្រមុំគេសោះ! MV រសជាតិថ្មី ពី ឥន្ទ និម្មិត

  • 2025-02-25 04:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សុំហៅប៉ាផង” MV រសជាតិថ្មីពីតារាចម្រៀងប្រុស ឥន្ទ និម្មិត ទើបចេញក្ដៅៗកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអប់អរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិផង និងដើម្បីឆ្លើយតបសំណូមពររបស់ហ្វេនៗផង។

តារាចម្រៀងប្រុសប្រចាំផលិតកម្ម ត្រចៀកកាំ ដែលភាគច្រើនចម្រៀងបទមនោរសញ្ចេតនា បានប្ដូរ ១៨០ដឺក្រេ លើការផលិត Original song របស់ខ្លួនដោយបញ្ចូលឈុតឆាកសម្ដែងបែបកំប្លែងផង និងកម្សត់ផងក្នុងដំណើរសុំស្រឡាញ់កូនក្រមុំគេ តែប៉ះចំឪពុកគេកាច ជាមួយសំឡេងកាន់ពីរោះរណ្ដំចិត្ដ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឥន្ទ និម្មិត បញ្ជាក់ថា MV ថ្មីនេះត្រូវបានផលិតឡើងដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ ហើយសង្ឃឹមថាបងប្អូនពិតជាត្រូវចិត្ដ សើចសប្បាយជាមួយនឹងការសម្ដែងរបស់តួល្បីៗ។

ក្រៅពីតារាចម្រៀង ឥន្ទ និម្មិត ដែលសម្ដែងជាតួអង្គឯកប្រុសដោយខ្លួនឯង ក៏មានតារាៗដ៏ពេញនិយមមួយចំនួនទៀតដូចជា៖ ពូណុយ យាយតយ កាចុប និងដុល្លារជាដើម។ តាមរយៈការសម្ដែងរួមគ្នាជាមួយចម្រៀងដ៏ពីរោះមួយនេះ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗពេញចិត្ដយ៉ាងខ្លាំង ហើយចង់ឃើញ ឥន្ទ និម្មិត ចេញបទថ្មីៗបន្ថែមទៀត។

ត្រឹមតែរយៈពេល ២ថ្ងៃ បង្ហោះជាផ្លូវការនៅលើបណ្ដាញសង្គម Youtube ពោលគឺនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានអ្នកចូលទស្សនាជិត ៣០០០ដង ជាមួយនឹងពាក្យកោតសរសើរជាច្រើន។

ជាមួយទេពកោសល្យផលិត MV និងសម្ដែងដោយខ្លួនឯង ឥន្ទ និម្មិត ក៏ជាអាជីវករដ៏ឆ្នើមមួយលក់ផ្លែឈើនៅម្ដុំផ្សារនាគមាស រាជធានីភ្នំពេញ ហើយបច្ចុប្បន្នទាំងមុខរបរផ្ទាល់ខ្លួន និងអាជីពសិល្បៈកាន់តែរីកចម្រើនធំធាត់ឡើងដោយមានមហាជនគាំទ្រ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី