ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ Alliance Laundry Systems ពង្រីកកំណើននៅអាស៊ាន ជាមួយនឹងមហិច្ឆតាបើកសាខាបន្ថែមចំនួន 300
- 2025-03-27 04:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ Alliance Laundry Systems ពង្រីកកំណើននៅអាស៊ាន ជាមួយនឹងមហិច្ឆតាបើកសាខាបន្ថែមចំនួន 300
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ Alliance Laundry Systems (ALS) បានព្យាករថា ឧស្សាហកម្មម៉ាស៊ីនបោកគក់នឹងកើនឡើងនៅឆ្នាំ ២០២៥ ដែលភាគច្រើនដោយសារតែការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ក្រុមហ៊ុននេះទើបដាក់ចេញគំរូហាងសាកល្បង «Seed Store» របស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា ដែលជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការពង្រីកឧស្សាហកម្មផ្គត់ផ្គង់សេវាកម្មបោកគក់ (Laundromat) ជាមួយនឹងម៉ាស៊ីនធុនធ្ងន់។ ក្រុមហ៊ុននេះគ្រោងនឹងបើកសាខាថ្មីចំនួន ៣០០ ក្នុងគោលបំណងក្តោបក្តាប់ចំណែកទីផ្សារប្រមាណ ៧០% និងបន្តអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ StarLab របស់ខ្លួននៅក្នុងខេត្តឈុនបូរី (Chonburi) ប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងការផលិតផលម៉ាស៊ីនបោកគក់នៅទូទាំងទ្វីបអាស៊ីដើម្បីគាំទ្រកំណើនទីផ្សារក្នុងតំបន់។
លោក Eddie Tay នាយកជាន់ខ្ពស់នៃក្រុមហ៊ុន Alliance Laundry Systems (ALS) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់ដ៏ធំបំផុតនៅលើពិភពលោក បានមានប្រសាសន៍ថា ទីផ្សារផ្គត់ផ្គង់ម៉ាស៊ីនបោកគក់អន្តរជាតិត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំ ២០២៥ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនតម្រូវការឥតឈប់ឈរនៅទីផ្សារអាមេរិក អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤។ យ៉ាងណាក៏ដោយ ការប្រែប្រួលស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង និងការធ្លាក់ចុះតម្លៃប្រាក់យ៉េននៅប្រទេសជប៉ុន បានប៉ះពាល់ដល់ការលក់ ដែលបណ្តាលឱ្យចំនួនដែលលក់បាននៅក្នុងឆមាសទីមួយនេះមានកម្រិតទាបជាងការរំពឹងទុក។ យ៉ាងណាមិញ ការលក់ត្រូវបានរំពឹងថានឹងប្រសើរឡើងវិញនៅឆមាសទីពីរក្នុងឆ្នាំនេះ។ ការលក់សរុបរបស់ក្រុមហ៊ុនអាចធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុន ប៉ុន្តែទីផ្សារអន្តរជាតិនៅតែបន្តកើនឡើង តាមរយៈការពង្រីកសាខា ការបើកសាខាថ្មីៗ និងការផ្លាស់ប្ដូរម៉ាស៊ីនចាស់ជំនួសចូលម៉ាស៊ីនថ្មីជាដើម។
លោកបានបន្តថា៖ «នៅឆ្នាំនេះ ក្រុមហ៊ុនបានរៀបចំផែនការគំរូហាង Seed Store ដើម្បីឈានចូលទៅក្នុងទីផ្សារអាស៊ាន ដោយដំបូងផ្តោតលើបណ្តាប្រទេសសំខាន់ៗ (VIP+) ដូចជាប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសកម្ពុជា ដោយគ្រោងនឹងបើកសាខាថ្មីចំនួន ៣០០ ទីតាំង និងដើម្បីក្តោបក្តាប់ចំណែកទីផ្សារឱ្យបានប្រហែល ៧០%។ យ៉ាងណាក៏ដោយ យើងអាចនឹងជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសនៅប្រទេសវៀតណាម និងហ្វីលីពីនដោយសារតែទីផ្សារផ្គត់ផ្គង់ម៉ាស៊ីនបោកគក់គឺជាទីផ្សារថ្មី ហើយអ្នកវិនិយោគអាចនឹងទម្លាប់ជាមួយម៉ាស៊ីនខ្នាតតូច ឬម៉ាស៊ីនពាណិជ្ជកម្មទូទៅ ជាជាងម៉ាស៊ីនលំដាប់ឧស្សាហកម្ម។ ជាមួយនឹងធនធានរបស់ក្រុមហ៊ុន ALS ដោយមានទាំងបុគ្គលិកជំនាញ ជម្រើសផលិតផលជាច្រើន និងរោងចក្រស្តង់ដាអន្តរជាតិ យើងបានបណ្ដាក់ទុនចំនួន ១៥០ លានបាតថៃ ដើម្បីពង្រីកមជ្ឈមណ្ឌលស្រាវជ្រាវ StarLab នៅខេត្តឈុនបូរី ក្នុងគោលបំណងប្រែក្លាយឱ្យទៅជាមជ្ឈមណ្ឌលប្រចាំនៅទ្វីបអាស៊ី សម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍផលិតផល។ ការពង្រីកនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមេសាឆ្នាំនេះតែម្ដង។ នេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍផលិតផល និងបង្កើតដំណោះស្រាយឱ្យកាន់តែល្អប្រសើរ និងទំនើបដើម្បីនាំចូលទីផ្សារ និងបង្កើនការលក់ឱ្យបាន ១០% នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ។»
លោក Sukri Kirai នាយកផ្នែកលក់នៃក្រុមហ៊ុន Alliance Laundry Systems (ALS) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា ទីផ្សារនៅប្រទេសថៃនៅតែមានភាពទាក់ទាញបំផុតសម្រាប់ការវិនិយោគក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារអ្នកប្រើប្រាស់មានភាពទទួលស្គាល់ និងយល់ដឹងពីគំរូអាជីវកម្មនៃសេវាកម្មបោកគក់។ ក្រុមហ៊ុននឹងបន្តពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ខេត្តនានា ជាពិសេសតាមរយៈគម្រោង «ស្រុកមួយ សេវាកម្មបោកគក់មួយ» ដែលបានទទួលភាពជោគជ័យ និងបានបើកហាងផ្តល់សេវាកម្មបោកគក់ស្ទើរតែគ្រប់ស្រុកនៅក្រៅទីប្រជុំជនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ លើសពីនេះ យើងក៏បានបង្កើនកញ្ចប់ថវិកាសម្រាប់ការធ្វើទីផ្សារដោយផ្តោតលើក្រុមអ្នកប្រើប្រាស់ ឬក្រុមអតិថិជនគោលដៅជាច្រើនដើម្បីបង្កើនចំនួនអតិថិជនមូលដ្ឋាន ពង្រឹងការយល់ដឹងអំពីអត្ថប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់សេវាកម្មបោកគក់ធៀបនឹងការបោកគក់នៅផ្ទះ ដូចជាការសម្អាតបានយ៉ាងល្អ ការសន្សំសំចៃការចំណាយ និងប្រសិទ្ធភាពនៃការប្រើប្រាស់ពេលវេលា។ បច្ចុប្បន្ននេះ ម៉ាស៊ីនបោកគក់មានប្រមាណ ៣,៧០៨ នៅក្នុងប្រទេសថៃ ដែលជាម៉ាស៊ីនរបស់ក្រុមហ៊ុន ALS ហើយចំនួននេះ យើងរំពឹងថានឹងកើនឡើងដល់ ៤៤០០ នៅឆ្នាំ ២០២៥ ស្មើនឹង ១៩% ធៀបនឹងឆ្នាំ ២០២៤។
លោកបានបន្តថា៖ «យើងកំពុងឈានចូលដល់សម័យថ្មីមួយដែលការប្រើប្រាស់សេវាកម្មបោកគក់ នឹងក្លាយជាទម្លាប់ទូទៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារឥរិយាបទអ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកប្រើប្រាស់កំពុងស្វែងរកសេវាកម្មបោកគក់ច្រើនជាងការបោកគក់នៅផ្ទះ ដោយសារសេវាកម្មម៉ាស៊ីនផ្តល់គុណភាពល្អ សន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយរយៈពេលវែង។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ទីផ្សារបោកគក់នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងដោយសារតែកត្តាសំខាន់ៗចំនួន ២ គឺទីមួយ ប្រជាជនសរុបក្នុងប្រទេសសំខាន់ៗទាំង ៤ មានរហូតដល់ទៅ ៤៨៩ លាននាក់ ដែលនេះនឹងក្លាយជាទីផ្សារដ៏ធំបំផុតនៅក្នុងតំបន់។ ទីពីរ ទីផ្សារក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នឹងធ្វើការទិញចូលម៉ាស៊ីនថ្មីៗជំនួសម៉ាស៊ីនចាស់ៗ។»
លោក Benjamin Leo Dobbs នាយកគ្រប់គ្រងនៃក្រុមហ៊ុន Alliance Laundry Systems (ALS) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «បន្ទាប់ពីទទួលបានភាពជោគជ័យអស់រយៈពេល ១១៧ ឆ្នាំមក យើងបានប្រារព្ធកម្មវិធីផ្ដល់ពានរង្វាន់ដល់តំណាងចែកចាយប្រចាំឆ្នាំ ២០២៤ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ALS Distributor Awards 2024 – Southeast Asia) ដើម្បីថ្លែងអំណរគុណដល់ពួកគាត់ និងបានណែនាំម៉ាស៊ីន Stax-X ថ្មីមានមុខងារច្រោះបោកគក់ និងសម្ងួតងាយស្រួលប្រើជាមួយប្រព័ន្ធគ្រប់គ្រង Quantum Gold Control ត្រូវបានរចនាឡើងដើម្បីហាងមានទំហំទូលាយ និងបង្កើនប្រាក់ចំណេញពីការវិនិយោគ (Return on Investment)។ ម៉ាស៊ីននេះមាន ២ ប្រភេទគឺ៖ Stax-X 30lb និង Stax-X 50lb។ លើសពីនេះ យើងក៏មានម៉ាស៊ីនបោកគក់ និងសម្ងួតថ្មី ដែលអ្នកប្រើប្រាស់អាចបោកគក់ និងសម្ងួតសម្លៀកបំពាក់បានក្នុងម៉ាស៊ីនតែមួយតែម្ដងក្នុងរយៈពេលត្រឹមតែមួយម៉ោង ហើយមិនចាំបាច់ផ្ទេរសម្លៀកបំពាក់ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀតនោះទេ។»
ក្រៅពីការពង្រីកទីផ្សារ ក្រុមហ៊ុន Alliance Laundry Systems ក៏បានផ្តោតលើសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព ដោយការអនុវត្តវិធានការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដូចជាការកែច្នៃក្រដាស និងកាកសំណល់ប្លាស្ទិក ការកែច្នៃទឹកនៅក្នុងមន្ទីរពិសោធន៍ ការដំឡើងបន្ទះសូឡានៅលើដំបូលរោងចក្រ និងការស្វែងរកអ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្នុងតំបន់រហូតដល់ទៅ ៧២% ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ដានកាបូន) នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
លោក Benjamin បានធ្វើការបញ្ចាក់ថា៖ «ក្រុមហ៊ុន ALS ជឿជាក់ថាអាជីវកម្មមួយដ៏រឹងមាំមួយត្រូវតែលូតលាស់ប្រកបដោយចីរភាព។ ដូច្នេះហើយ យើងប្តេជ្ញាកាត់បន្ថយដានកាបូន និងជរុញនវានុវត្តន៍ ដើម្បីអនាគតដេលមិនប៉ះពាល់ដល់បរិស្ថាន។»
សម្រាប់ព័ត៌មានបន្ថែម សូមបំពេញទម្រង់ និងសំណួររបស់លោកអ្នកនៅទីនេះ ហើយក្រុមការងារក្រុមហ៊ុន ALS នឹងឆ្លើយតបទៅកាន់លោកអ្នកវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕
ទំនាក់ទំនងសម្រាប់ ប្រទេសឡាវ
កញ្ញា Chalida Bhrommarlee
ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ប្រចាំ ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា
chalida.bhrommarlee@alliancels.com
+66 62 294 6916
ទំនាក់ទំនងសម្រាប់ ប្រទេសកម្ពុជា
កញ្ញា Thitiyakorn Buasri
ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់
thitiyakorn.buasri@alliancels.com
+66 61 629 5916