កម្ពុជា-ថៃ ទើបអនុវត្ដកិច្ចព្រមព្រៀង! នេះជាភាពខុសគ្នារវាងកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌ និងកិច្ចព្រមព្រៀងសន្ដិភាព

  • 2025-07-29 04:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់បើកកាណុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកងទ័ពកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនអស់រយៈពេលជិត ១សប្ដាហ៍ ពោល​គឺ​ចាប់​តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ​២០២៥ ឥឡូវកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌមួយ ត្រូវបានអនុវត្ដចាប់ពីពាក់កណ្ដាលយប់រំលងអាទ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះមានន័យថាសង្គ្រាម ត្រូវបានបិទបញ្ចប់ទាំងស្រុង ហើយឬនៅ?

រូបថត៖ ហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចធិបតី

ចម្លើយ គឺមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ប៉ុន្ដែបទឈប់បាញ់បន្ទាន់ដោយឥតលក្ខណៈនេះ គឺជំហ៊ានដ៏មានសារសំខាន់មួយ ឈានទៅរកសន្ដិភាពពេញលេញ តាមរយៈកិច្ចចរចាដោយសន្ដិវិធីទាំងផ្លូវទូត បច្ចេកទេសព្រំដែន ជាពិសេសផ្នែកកងទ័ព នៃប្រទេសទាំងពីរ ឬគូជម្លោះទាំងសងខាង។ ចំណែកកិច្ចព្រមព្រៀងសន្ដិភាព ដែលប្រជាជាតិទាំងពីរចង់ឃើញ ហើយរំពឹងថានឹងអាចឈានទៅចាប់វាបាន ក្នុងពេលដ៏ខ្លីណាមួយ ដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាដោយចុងកាណុងនោះ គឺសំដៅដល់ការបិទបញ្ចប់ទាំងស្រុង នៃសង្គ្រាម ហើយបញ្ហាដែលនៅសេសសល់ត្រូវដោះស្រាយដោយសន្ដិវិធី។

ក្នុងន័យបច្ចេកទេសអន្ដរជាតិ កិច្ចព្រមព្រៀងសន្តិភាព គឺជាកិច្ចព្រមព្រៀងផ្លូវការ ឬសន្ធិសញ្ញារវាងភាគីពីរ ឬច្រើន ដែលជាធម្មតាពាក់ព័ន្ធនឹងប្រទេស ឬក្រុមនៅក្នុងជម្លោះ ដែលមានគោលបំណងបញ្ចប់អរិភាព និងបង្កើតក្របខណ្ឌសម្រាប់ទំនាក់ទំនងសន្តិភាព។

ងាកមកជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធមានសភាពស្ងប់ស្ងាត់ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ចូលជាធរមាន។ កិច្ចព្រមព្រៀងដែលបើកផ្លូវទៅរកការចរចារវាងថ្នាក់ដឹកនាំកំពូលប្រទេស និងមេកងទ័ពទាំងពីរនៅពេលនេះ គឺកើតចេញពីការផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ត្រាំ ក្រោមការចូលរួមសម្របសម្រួលពីភាគីចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីដែលប្រធានអាស៊ានប្ដូរវេន៕

អត្ថបទ៖ សំណាង