ឌីជេ ក្ដឹប ចេញ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ផលិត​ចម្រៀង​ថ្មី​សុទ្ធ​មិន​ចម្លង​ពី​គេ!

  • 2014-12-02 21:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ ក្ដឹប ចេញ​បើក​ផលិតកម្ម​​​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​ Camtrax Music ដោយ​ផលិត​បទ​ចម្រៀង​ថ្មី​សុទ្ធ​ជា​ស្នាដៃ​កូន​ខ្មែរ មិន​ចម្លង​ពី​បរទេស។

 

ការ​ចេញ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ ខណៈ​ឌី​ជេ​រូប​នេះ ធ្លាប់​ផ្ញើ​ខ្លួន​ផ្ញើ​ប្រាណ​ជា​មួយ​ផលិតកម្ម​ជា​ច្រើន​នា​ពេល​កន្លង​មក។ មួយ​វិញ​ទៀត​ការ​បើក​ ដោយ​ផលិត​​តែ​ចម្រៀង​ថ្មី​សុទ្ធ​ខាង​លើ ក៏​ជា​ការ​រៀប​ចំ​ខ្លួន​ត្រៀម​ប្រឡូក​ចូល​សមាហរណកម្ម​អាស៊ាន ២០១៥​ ខាង​មុខ​ដែរ។

 

ឌីជេ ក្ដឹប ក្នុង​បន្ទប់ ស្ទូឌីអូ ផលិត​បទ​ចម្រៀង​ថ្មី រូបថត៖ Facebook ឌីជេ​ក្ដឹប

 

តារា​ចម្រៀង ឌីជេ ក្ដឹប និយាយ​ថា៖ "ទើប​តែ​បើក​បាន​ប៉ុន្មាន​ថ្ងៃ​ទេ។ ​ខ្ញុំ​កំពុង​តែ​ធ្វើ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន ហើយ​ត្រៀម​នឹង​ចេញ​នា​ពេល​ខាង​មុខ​នេះ"។

 

ឌីជេ​រូប​នេះ​បន្ត​ថា បទ​ចម្រៀង​ថ្មី​សុទ្ធសាធ​ចំនួន ៦​បទ ដែល​មាន​សាច់​ភ្លេង​ខុសៗ ត្រៀម​នឹង​ចេញ​​នា​ចុង​ឆ្នាំ​២០១៤ ឬ​មួយ​អាច​ចេញ​នៅ​ដើម​ឆ្នាំ​២០១៥។

 

មូលហេតុ​នាំ​ឱ្យ​ ចេញ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ត្រូវ​ឌីជេ​ខាង​លើ​ប្រាប់ថា ដោយសារ​លោក​ចង់​ធ្វើ​អ្វីៗ​​ខ្លួន​ឯង​ ដោយ​មិន​ចង់​ឱ្យ​អ្នក​ដទៃ​មក​បញ្ជា​លើ​ខ្លួន។ ម្យ៉ាង​ទៀត​ការ​សម្រេច​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ក៏​ព្រោះ​តែ​កម្ពុជា ត្រៀម​នឹង​ចូល​ជា​សមាហរណកម្ម​អាស៊ាន​​នា​ឆ្នាំ​២០១៥​ខាង​មុខ។

 

លោក​ចង់​បញ្ជាក់​ថា ​ខ្មែរ ក៏​មាន​សមត្ថភាព​ផលិត​ចម្រៀង​ថ្មីៗ ដោយ​មិន​ចម្លង​ពី​នរណា​ម្នាក់ មិន​ចាញ់​បរទេស​ឡើយ។

 

ឌីជេ ក្ដឹប និយាយ​ថា​​ផលិតកម្ម Camtrax Music លេច​ឡើង​ដោយ​មាន​ដៃគូ​របស់​លោក​ម្នាក់​ជួយ​សហការ ក៏​ដូច​ជា​​ផ្ដល់​ធនធាន ហើយ​លោក​ជា​អ្នក​ចេញ​ជា​គំនិត។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​ទាន់​បង្ហើប​​ឈ្មោះ​ដៃគូ​សហការ​នោះ​នៅ​ឡើយ​ទេ។

 

​និយាយ​ពី​ការ​រំពឹង​ជោគជ័យ​ក្នុង​ការ​បើក​ផលិតកម្ម​ ក៏​ដូច​ជា​ផលិត​ចម្រៀង​ថ្មី​សុទ្ធសាធ មិន​ចម្លង​ពី​នរណា​ម្នាក់ ឌី​ជេ ក្ដឹប អះអាង​ថា​ ការ​លក់ CD, VCD Original ក្នុង​ប្រទេស​កម្ពុជា​លោក​មិន​សូវ​រំពឹង​​ខ្ពស់​ឡើយ។ ក៏ប៉ុន្តែ​លោក​បាន​រំពឹង​ខ្ពស់​ពី​ការ​លក់​ចម្រៀង​ថ្មី​​របស់​ខ្លួន​នៅ​ iTunes Store ថា​នឹង​អាច​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ។

 

ឌីជេ ក្ដឹប ច្រៀង​ជា​មួយ មាស សុខសោភា កាល​ពី​ពេល​ថ្មីៗ

 

“បង​ដឹង​ស្រាប់​ហើយ​ស្រុក​យើង​ការ​លក់​ CD, VCD Original គេ​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ព្រោះ​គេ​គិត​ថា​ថ្លៃ ហើយ​មិន​សូវ​ជា​ល្អ។ ដូច្នេះ​ខ្ញុំ​មាន​តែ​សង្ឃឹម​​ការ​លក់​លើ iTunes Store ទេ​អាច​ឱ្យ​ផលិតកម្ម​​ផលិត​ចម្រៀង​ថ្មី​សុទ្ធ​របស់​ខ្ញុំ​អាច​រស់​បាន​ទៅ​ថ្ងៃ​មុខ"។ ឌីជេ ក្ដឹប បន្ថែម។

 

ឌី​ជេ ក្ដឹប ទើប​ផុត​កុងត្រា​ជា​មួយ​ផលិតកម្ម LD Picture ​ថ្មីៗ​នេះ។ ដូច្នេះ​ហើយ​ទើប​​លោក​សម្រេចចិត្ត​មក​បើក​ផលិតកម្ម​ថ្មី​ផ្ទាល់​ខ្លួន។ ក្រៅ​​​ពី​ឌីជេ​មួយ​រូប​មាន​ឈ្មោះ​ល្បី ជា​ពិសេស​អាកប្បកិរិយា​ក្រមិចក្រមើម លោក​ក៏​ជា​តារា​សម្ដែង​ម្នាក់​មាន​ឈ្មោះ​ល្បី​ផង​ដែរ​ក្នុង​ពិភព​សិល្បៈ៕

 

អានអត្ថបទបន្ត៖ ថន លក្ខិណា ដើរ​លុកលុយ​ស្ថានីយ​ទូរទស្សន៍​​ជា​​ច្រើន​នៅ​ថៃ

អានអត្ថបទបន្ត៖ មួយ​សន្លឹក​របស់ ពេជ្រ សេរីរ័ត្ន​ មើល​ហើយ​ ញាក់​សាច់

អានអត្ថបទបន្ត៖ ផលិតករ​មក​ពី​ ៦​ផលិតកម្ម​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នឹង​​ការ​ផលិត​កុន

 

អត្ថបទ៖ អ៊ីង សុឡា