អាវ​​របស់​ សរ​ សុភា មាន​ករណី​ពីរ​សម្រាប់​អ្នក​ពាក់​បន្ត

  • 2014-12-04 16:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ទទួល​មរណភាព​​ទាំង​មិនគួរ​ឲ្យ​ជឿ​​របស់​កីឡាករ​ សរ​ សុភា​​ អ្នក​ចាំ​ទី​ដៃ​ទី​១​ ក្រុម​ស្វាយរៀង​ និង​ជា​អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ មក​ទល់​នឹង​ពេល​នេះ​ពុំ​ទាន់​មាន​កីឡាករ​ណា​​ម្នាក់​ពាក់​អាវ​លេខ​១​​ ដែល​ជា​អាវ​អ្នក​ចាំ​ទី​ របស់​​ ស​ សុភា​ នោះ​ទេ​ ហើយ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ថ្នាក់​ដឹក​នាំ​ក្លិប​ពុំ​ទាន់​បាន​ធ្វើ​ការ​ប្រជុំ​សម្រេច​យ៉ាង​ណា​នោះ​ទេ​ ពីព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ជាប់​រវល់​រៀងៗ​ខ្លួន។

 

បើ​តាម​លោក​ អោក​ សំណាង​ អគ្គលេខាធិការ​ក្លិប​ស្វាយរៀង​បាន​លើក​ឡើង​ថា​ រឿង​អាវ​របស់​ សរ​ សុភា​ មាន​រឿង​ពីរ​​ដែល​​នឹង​ត្រូវ​លើក​ឡើង​គឺ​ទី១​ ទាក់​ទង​នឹង​ការ​គោរព​ ដែល​មាន​ន័យ​ថា​ប្រសិន​បើ​ក្រុម​ចាត់​ទុកថា​​កីឡាករ​ណា​ម្នាក់​ជា​វីរៈបុរស​របស់​គេ​ នោះ​គេ​ចង់​បាន​ណាស់​អាវ​វីរបុរស​របស់​គេ​យក​មក​ពាក់​​ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់។

 

 

បញ្ហា​ទី​២​គឺ​ទាក់​ទង​នឹង​អប្បិយ​ជំនឿ​ ដែល​បញ្ហា​នេះ​មិន​មែន​មាន​តែ​ខ្មែរ​ទេ​​​ តែ​សូម្បី​តែ​បរទេស​ក៏​នៅ​ជឿ​លើ​រឿង​នេះ​ដែរ។ កីឡាករ​អាច​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​មាន​អារម្មណ៍​មិន​ល្អ​ ពីព្រោះ​តែ​នឹក​ឃើញ​ដល់​រឿង​ដែល​​បាន​កើត​ឡើង​លើ​ម្ចាស់​លេខ​អាវ​នោះ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​អារម្មណ៍​ និង​ការ​ប្រកួត​របស់​កីឡាករ។ អគ្គលេខាធិការ​ខាង​លើ​បាន​បន្ត​ថា​ នៅ​បរទេស​ភាគ​ច្រើន​គេ​បាន​ព្យួរ​ទុក​លេខ​របស់​កីឡាករ​ដែល​ជួប​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់​បង់​ជីវិត​ ប៉ុន្តែ​ក៏​មាន​ក្រុម​ខ្លះ​យក​លេខ​អាវ​កីឡាករ​ដែល​ជួប​គ្រោះ​ថ្នាក់​នោះ​មក​ឲ្យ​កីឡាករ​ផ្សេង​ពាក់​ផង​ដែរ។

 

ជា​ទូទៅ​ គេ​តែង​សង្កេត​ឃើញ​ថា​ អ្នក​ចាំ​ទី​​ភាគ​ច្រើន​តែង​តែ​ពាក់​អាវ​លេខ​១​ ដើម្បី​សម្គាល់​ខ្លួន​ថា​ជា​អ្នក​ចាំ​ទី​ ប៉ុន្តែ​រឿង​លេខ​អាវ​ប៉ុន្មាន​ សម្គាល់​ថា​តំណែង​អ្វី​នោះ​សហព័ន្ធ​បាល់​ទាត់​មិន​បាន​ធ្វើ​ការ​កំណត់​នោះ​ទេ​គឺ​អាស្រ័យ​លើ​ក្លិប​ជា​អ្នក​រៀប​ចំឲ្យ​កីឡាករ​ពាក់ប៉ុណ្ណោះ៕

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ ក្លិបស្វាយរៀង

អត្ថបទថ្មី